27 C
Phnom Penh

រដ្ឋាភិបាលកម្ពុជា​ព្រមព្រៀង​​​​ទទួលយក​ជន​ភៀសខ្លួន​ពីប្រទេស​អូស្ត្រាលី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​នៅ​ក្រសួង​ការ​បរទេស​និយាយ​កាលពីម្សិលមិញ​ថា រដ្ឋាភិបាល​បាន​ព្រមព្រៀង​​ “ជាគោលការណ៍” ក្នុងការ​​ទទួល​យក​​អ្នក​ស្វែង​រក​សិទ្ធិជ្រក​កោន​ដែល​បច្ចុប្បន្ន នេះ​កំពុង​ត្រូវបាន​​ឃុំខ្លួន​ដោយ​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ដែន​កោះ​ណូរ៉ូ​នៅ​បាស៊ីហ្វិក​ខាង​ត្បូង​ ហើយ​​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​កម្ម​វិធី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​​​លើក​ឡើង​ថា អង្គការ​នេះ​​អាច​​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ផែន​ការ​នេះ​។

លោក អ៊ូច បូរិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​បានមាន​ប្រសាសន៍​បន្ទាប់​ពី​ជំនួបរវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​​​​​​​​​​បរទេស​ និង​លោក​ ស្រី ហ្លាវៀ ប៉ាន​សៀរី ឧត្តម​​​​​​​​​​ស្នង​ការ​រង​អង្គ​ការ​សហ​​​ប្រជា​​​ជាតិ​​​​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ថា ឥឡូវ​នេះ​គេ​កំពុង​រៀប​ចំ​​កិច្ច​ការ​​​លម្អិត​នៃ​​កិច្ច​ព្រម​ព្រៀង​នេះ​។

លោក អ៊ូច​​​ បូរិទ្ធ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា “បច្ចុប្បន្ន​ ករណី​នេះ​កំពុង​ត្រូវ​បាន​សិក្សាខណៈ​ពេល​រាជ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ពិសេស​​មួយ​ដើម្បី​សិក្សា​លើ​សំណើ​របស់​ប្រទេស​អូស្ត្រាលី​”។ លោក​បាន​ពន្យល់​ថា “ជារួម​រាជ​រដ្ឋា​ភិ​​​បាល​មិន​​ទាន់​បាន​យល់​ព្រម​នៅ​ឡើយ​ទេ ប៉ុន្តែ​បានព្រម​ព្រៀង​ជាគោល​ការណ៍​ ដែល​មាន​ន័យ​ថា យើង​កំពុង​​ពិចារណា​ និង​ធ្វើការ​សិក្សា​នៅឡើយ”។ លោក​បាន​បន្ថែម​ថា “​​​ហើយ យើង​នឹង​ធ្វើ​រឿង​នេះ​តាម​បទ​ដ្ឋាន​អន្តរជាតិ ព្រោះ​បញ្ហា​សំខាន់​គឺ​ថា វា​ជា​ការ​ស្ម័គ្រ​ចិត្ត​ មិនមែន​​ដោយ​​​​​​​ការ​បង្ខិត​បង្ខំទេ​”។

លោក អ៊ូច បូរិទ្ធ​ ក៏បាន​បដិសេធ​ការ​ដែល​ថាចំណុច​ជាប់​គាំង​ក្នុង​កិច្ច​ព្រម​ព្រៀង​​​​​នេះ​គឺ​ចំនួន​ទឹក​ប្រាក់​​​ដែល​រដ្ឋា​ភិបាល​អូស្ត្រាលី​​ត្រូវ​​ផ្ដល់​ដល់​កម្ពុជា​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​​ទាំង​​នោះ។ លោក​ អ៊ូច បូរិទ្ធ បាន​មាន​ប្រសាសន៍​ថា “សម្រាប់​កម្ពុជា នេះគ្រាន់តែ​ជា​គោល​នយោ បាយ​មនុស្ស​ធម៌ប៉ុណ្ណោះ”។

លោក កុយ គួង អ្ន​ក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​​បដិសេធ​មិន​ផ្ដល់​​ព័ត៌មាន​បន្ថែម​អំពី​គណៈកម្មការ​នេះឬ​ស្ថាន​ភាព​ការ​ងារ​របស់​ខ្លួនឡើយកាលពីម្សិលមិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ទាក់​ទង​នឹង​បញ្ហា​នេះ​ខ្ញុំ​មិនមាន​ព័ត៌មាន​បន្ថែម​ទាល់​តែសោះ”។

លោកស្រី Kerri Griffiths អ្នក​នាំពាក្យ​លោក​ ស្កុត ម៉ូរីសុន​​​ រដ្ឋមន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​អូស្ត្រាលីបាន​មាន​ប្រសាសន៍​ថា លោកស្រី​ក៏មិន​អាច​ផ្ដល់ព័ត៌មាន​បន្ថែម​អំពី​កិច្ច​ព្រម​ព្រៀង​មិន​ទាន់​ដាច់​ស្រេច​នេះ​ដែរ​។ លោកស្រី Griffiths បាន​លើក​ឡើង​តាម​អុីម៉េលសំដៅដល់​ដំណើរទស្សនកិច្ច​របស់​លោក ម៉ូរីសុន ​មក​កាន់​ប្រទេស​កម្ពុជា​កាល​​​ពី​ថ្ងៃទី៣ខែ មេសា ​ថា “ប្រទេស​អូស្ត្រាលី​មិន​មាន​​ព័ត៌មាន​ថ្មីៗ​បន្ថែម​អំពីស្ថាន​ភាព​នៃការ​ពិភាក្សា​របស់​យើង​ជាមួយ​កម្ពុជា​ ក្រៅពីអ្វី​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​​លោក​រដ្ឋមន្ត្រី​ បន្ទាប់​​​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាល​​​ពីពេល​ថ្មីៗ​នេះ​មកកាន់​រាជ​ធានី ភ្នំពេញ​​​ឡើយ​”។ លោកស្រី​​បន្ថែម​ថា “រដ្ឋាភិបាល​កំពុង​​​​បន្ត​​​​ពិភាក្សាអំពី​បញ្ហា​ទាំង​នេះ​ ហើយ​ស្វាគមន៍​ការ​​​​​​​ឆ្លើយ​តប​ក្នុង​លក្ខណៈវិជ្ជមាន​ពី​ប្រទេស​កម្ពុជា​ ដែល​ត្រូវបាន​ផ្ដល់​មក​ទល់​​​ពេល​នេះ​”។

លោក​ ម៉ូរីសុន បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាស​​ជា​មួយ​វិទ្យុអូស្ត្រាលីកាល ពី​ថ្ងៃ​ទី​១០ ខែមេសាថា រដ្ឋាភិបាល​របស់​លោក​ជិត​​​សម្រេច​​​​​​​បាន​កិច្ច​ព្រម​ព្រៀង​ ដើម្បី​ឲ្យ​​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដែល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​​ប្រទេស​ណូរ៉ូ មកតាំងទី​លំនៅថ្មី​នៅ​ក្នុង​​ប្រទេស​កម្ពុជា​​ហើយ​។

លោក​បា​ន​មាន​ប្រសាសន៍​នៅពេល​នោះ​​ថា ជន​ភៀស​ខ្លួន​ប្រហែល​៦០​នាក់​ដែល​កំពុង​​​​​​​ត្រូវ​ឃុំខ្លួន​នៅកន្លែង​​ដ៏ចម្រូង​ចម្រាស​ក្នុង​ប្រទេស​ណូរ៉ូ នឹង​ទទួល​បាន​​​ការ​វាយ​តម្លៃអំពី​​សិទ្ធិ​ជ្រក​កោន​របស់ពួកគេ​​រៀង​រាល់​ខែ ហើយ​​​​​​​ថា ការ​វាយ​តម្លៃ​ទាំង​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​មួយ​ក្នុង​ខែ​ឧសភា​នេះ។ ​យោង​​​តាម​តួលេខ​របស់​រដ្ឋា​ភិបាល​អូស្ត្រាលី​​បង្ហាញ​ថា មាន​ជន​ភៀស​ខ្លួន​១.១៧៧​នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​ឃុំឃាំងក្នុង​​ប្រទេស​​ណូរ៉ូ គិត​មក​ដល​់ថ្ងៃ​សៅរ៍។

លោក ម៉ូរីសុន បានមាន​ប្រសាសន៍​អំពី​គំនិ​តក្នុងការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​តាំង​ទីលំនៅ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​ថា “ការ​តាំង​ទី​លំនៅ​​ថ្មី​ គឺ​​មាន​ន័យ​ថា ជា​ការ​​រួច​ផុត​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​​​​​​វា​មិន​មែន​ជា​​ការ​ជិះ​យន្ត​ហោះ​ទំនើប​ទេ”។

ដំណើរ​ទស្សនកិច្ច​របស់លោក​មក​កាន់​រាជ​ធានីភ្នំពេញ​កាលពី​ថ្ងៃទី​៣ ខែ​មេសា គឺ​ដើម្បីចង់​ដឹង​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ជូលី ប៊ីសប់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃទី​២២ ខែ​​​កុម្ភៈ។ អំឡុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ស្រី ប៊ីសប់ បាន​លើកឡើង​​ជាមួយ​លោក​នាយ​ក​​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ អំពី​​គំនិត​ឲ្យ​ប្រទេស​កម្ពុជា​​​​ទទួលយក​ជន​ភៀស​​​ខ្លួន​ទាំង​នោះ​។

លោកស្រី​​​ ប៉ានសៀរី ឧត្តមស្នងការ​រង​អង្គការ​សហប្រជា​ជាតិទទួលបន្ទុក​សិទ្ធិ​មនុស្ស​​ដែលមក​បំពេញ​ទស្សនកិច្ច​នេះ​​បាន​មាន​ប្រសាសន៍នៅ​សន្និសីទ​សារព័ត៌​មាន​បន្ទាប់ពី​ជំនួប​ជាមួយ​លោក​ ហោ ណាំហុង​​នៅ​ក្រសួង​ការ​បរទេស​កាលពី​ម្សិល​មិញ​ថា អង្គការ​សហប្រជាជាតិ​មាន​បំណង​ផ្តល់​ការ​គាំទ្រចំពោះ​កិច្ច​ព្រម​ព្រៀង​ក្នុង​​ការ​តាំង​ទី​លំនៅ​ថ្មី​រវាង​ប្រទេស​អូស្ត្រាលី ប្រទេស​ណូរ៉ូ និង​ប្រទេស​កម្ពុជា​។

នៅពេល​សួរ​អំពី​យោបល់​​របស់​លោក​​​ស្រី​​​​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​មិន​ទាន់​សម្រេច​នេះ លោកស្រី ប៉ាន​សៀរី​​​ បាន​មាន​ប្រសាសន៍​​​​ថា “ខ្ញុំមាន​ព័ត៌មាន​តិចតួច​​ណាស់​​នៅ​ដំណាក់​​​កាល​នេះ​មិន​អាច​​និយាយ​ច្បាស់លាស់​​​បាន​​​ឡើយ”។ លោកស្រី​បាន​​​មាន​ប្រសាសន៍ថា “អ្វី​​​​​​ដែល​យើង​​​​​​​​​​​​​គិត​​ថា​សំខាន់​នោះ​គឺ​​ដើម្បី​​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ដឹង​ច្បាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត​​របស់ខ្លួន​ចំពោះ​បទដ្ឋាន​សិទ្ធិមនុស្ស​ ​អន្តរ​ជាតិ​ ​​​​​​ខ្លួន​​ត្រូវ​គោរព ហើយ​ចំពោះ​បញ្ហានេះ ចាំបាច់​​​​ត្រូវ​​មាន​ការ​សហការ​ យើង ត្រៀម​​ផ្ត​ល់​​ការ​គាំទ្រដើម្បី​ធានា​ថា អ្វីៗ​ស្រប​​តាម​បទ​ដ្ឋាន​”។

កាលពីឆ្នាំ​២០១១ អង្គការ​សហ​ប្រជា​ជា​តិ​​បាន​បិទការិយាល័យជន​ភៀស​ខ្លួន​នៅក្នុង​​ប្រទេស​កម្ពុជា ហើយ​បាន​ប្រគល់​ភារកិច្ច​ដែល​កំពុង​​ដំណើរ​ការ​នេះ​ទៅរដ្ឋាភិបាល​ ដែល​កាលពី​មុន​​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​​​​​​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​អ្នក​ស្វែង​រក​​​សិទ្ធិ​​​ជ្រក​កាន​ជន​ជាតិវីហ្គួ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ថម វើហ្គាល ទីប្រឹក្សាជាន់ខ្ពស់​ប្រចាំតំបន់​របស់​ឧត្តម​ស្នង​ការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​បាន​រិះគន់​ផែនការ​តាំង​ទី​លំនៅថ្មី​នេះ នៅឯ​សន្និ សីទ​ប្រចាំតំបន់​ស្តីពី​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅក្នុង​ទីក្រុង​ហ្សាការតា។

លោក វើហ្គាស បាន​មាន​ប្រសា​សន៍នៅ​​សន្និសីទ​នោះ​ថា “តាម​ទស្សន​របស់យើង​​ការ​​​​​​​តាំង​ទី​លំនៅថ្មី​គឺការ​​ស្វែង​រក​ដំណោះ​​​ស្រាយ​​​យូរអង្វែង​សម្រាប់​ជន​ភៀសខ្លួន…​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​របស់ខ្លួន​​​”។ លោក​បាន​មាន​ប្រសាសន៍ថា “ដំណោះ​ស្រាយ​ពិតប្រាកដ​​គឺ​មិន​ត្រូវ​បញ្ជូនពួកគេ​ទៅ​កាន់​ប្រទេស​ដែលទើប​ងើប​ផុត​​ពី​សង្គ្រាម​ស៊ីវិល​ដ៏គួរ​ឲ្យ​ភ័យខ្លាច​ដែល​បាន​សម្លាប់​ប្រជា​ជន​របស់ខ្លួន​រាប់​លាន​នាក់ឡើយ​។ វាមិន​មែន​ជា​​​​ស្មារតី​នៃ​ការ​តាំង​ទី​លំ​នៅថ្មី​ទេ​ បើតាម​គំនិត​​ខ្ញុំ”៕សារុន​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស