ក្រុងបាវិត ,ខេត្តស្វាយរៀង - រដ្ឋាភិបាលបានបញ្ជាឲ្យរោងចក្រទាំងអស់នៅក្រុងបាវិតបិទទ្វាររហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់មិនឲ្យកូដកម្មរីករាលដាលកាន់តែធំទៅៗនៅទូទាំងប្រទេសខ្លាចគ្រប់គ្រងលែងបាន។
លោក អឹុម វិសុទ្ធ ប្រធានរដ្ឋបាលខេត្តបានមានប្រសាសន៍ថា “លោក ជៀង អំ អភិបាលខេត្តបានលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញថា យើងគួរប្រាប់រោងចក្រឲ្យបិទទ្វារពីរបីថ្ងៃសិន ពីព្រោះកូដកម្មកំពុងរីករាលដាលធំទៅៗ ប៉ុន្តែលោកមិននិយាយថា ត្រូវបិទប៉ុន្មានថ្ងៃនោះទេ”។ លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលព្រួយបារម្ភខ្លាចកូដកម្មនេះរីករាលដាលប្រសិនបើយើងមិនចាត់វិធានការភ្លាមៗទេ”។
កូដកម្មនេះបានចាប់ផ្តើមជាទ្រង់ទ្រាយតូច ក្រោយថ្ងៃចូលឆ្នាំខ្មែរកាលពីដើមខែនេះ នៅពេលដែលកម្មករមួយចំនួនបានឮថា កម្មករនៅរោងចក្រមួយទៀតបានទទួល ប្រាក់ឧបត្ថម្ភម្តងចំនួន៥០ដុល្លារចំពោះការមិនចូលរួមធ្វើកូដកម្មរយៈពេលពីរបីខែមកនេះ ហើយបានសម្រេចទាមទារប្រាក់ឧបត្ថម្ភដូចគ្នានេះសម្រាប់ពួកគេ។ កូដកររោងចក្របានប្រមូលកម្មករកាន់តែច្រើនឲ្យចូលរួមជាមួយពួកគេ និងបានធ្វើឲ្យរាំងស្ទះដល់ការងារនៅរោងចក្រជាង៣០ក្នុងក្រុងបាវិតដែលមានកម្មករធ្វើការប្រហែល៣០.០០០ នាក់កាលពីថ្ងៃច័ន្ទ។
លោក ជៀង អំ អភិបាលខេត្តមិនអាចទាក់ទងបានទេ។ ប៉ុន្តែ លោក រស់ ឆាយ អភិបាលរងខេត្តដែលលោកបានចាត់តាំងឲ្យដោះស្រាយកូដកម្មទាំងនេះបានមានប្រសាសន៍ថា ការបញ្ជាឲ្យបិទរោងចក្រនេះចេញមកពីថ្នាក់ជាតិ ហើយលោកមិនបានប្រាប់លម្អិតថែមទៀតទេ។ ក្រសួងមហាផ្ទៃបានបដិសេធថា មិនបានជាប់ពាក់ព័ន្ធទេ។
លោក កែវ ហន អធិការរងនគរបាលក្រុងបាវិតបានមានប្រសាសន៍ថា មេឃុំ និងមេភូមិក៏ត្រូវបានប្រាប់ឲ្យរារាំងរថយន្តមិនឲ្យដឹកកម្មករទៅរោងចក្រនៅពេលព្រឹកដែរ ហើយបានឲ្យធ្វើដូច្នេះយ៉ាងហោចណាស់រហូតដល់ថ្ងៃព្រហស្បតិ៍។
នៅឯតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតាន់ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២២ និងមានកូដកម្មដ៏ធំនៅពេលថ្មីនេះមានបន្លាលួសដាក់បិទផ្លូវចូលខាងមុខ។ មន្ត្រីកងរាជអាវុធហត្ថប្រដាប់អាវុធដែលទើបដាក់ឲ្យឈរជើងនៅច្រកចូលនោះបានឈរយាមនៅក្រោមម្លប់ដើមឈើមួយដើម។
នៅខាងក្នុងការិយាល័យរដ្ឋបាលនៃតំបន់សេដ្ឋកិច្ចពិសេសនេះ វិនិយោគិនដែលមានការមិនសប្បាយចិត្តបានជួបជុំគ្នានៅជុំវិញតុប្រជុំដ៏វែងមួយដើម្បីពិភាក្សាគ្នាអំពីវិធានការបន្ទាប់របស់ពួកគេ។លោក ឡារី កៅ នាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនេះបានអង្គុយនៅខាងក្បាលតុនោះ។ លោកបានមានប្រសាសន៍ថា រោងចក្រនៅទីនេះត្រូវបិទទ្វាររហូតដល់ថ្ងៃសុក្រ។
លោកបានបង្ហាញអ្នកយកព័ត៌មាននូវវីដេអូខ្លីមួយដែលលោកបានមានប្រសាសន៍ថា កាមេរ៉ាសុវត្ថិភាពរបស់តំបន់សេដ្ឋកិច្ចពិសេសនេះចាប់បានកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងវីដេអូខ្លីនោះ គេមើលឃើញតាមផ្សែងពណ៌ស យុវជនជាង១០នាក់គប់ដំុថ្មដាក់កាមេរ៉ាសុវត្ថិភាពមុនពេលកាមេរ៉ានោះត្រូវបានកម្ទេច។លោកបានបង្ហាញពីរូបថតបង្អួចរោងចក្របាក់បែក។ លោកបានមានប្រសាសន៍ថា “ពួកគេមានសិទ្ធិធ្វើកូដកម្ម ប៉ុន្តែ ពួកគេត្រូវធ្វើដោយស្របច្បាប់ និងដោយអហិង្សា។ តើមនុស្សទាំងនេះមិនប្រើហិង្សាឬ? មិនមែនទេ”។
លោក ឡារី កៅ បានមានប្រសាសន៍ថា រោងចក្របានបន្ទោសបញ្ហានេះទៅលើលោក ប៉ាវ សីុណា ប្រធានសហជីព និងសហការីរបស់គាត់មួយក្រុមចំពោះការញុះញង់ឲ្យកម្មករធ្វើកូដកម្ម។ លោកបានមានប្រសាសន៍ថា “លុបបំបាត់ប្ញសគល់នៃអំពើអាក្រក់នេះគឺប្ញសគល់នៃបញ្ហានេះ។ មានមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលបង្កបញ្ហានេះ”។ ទោះជាយ៉ាងណា លោកបានអះអាងថា លោកមិនស្នើឲ្យមានការចាប់ខ្លួន ឬផ្តន្ទាទោសតំណាងសហជីពទាំងនេះទេ។ លោកបានមានប្រសាសន៍ថា “យើងត្រូវបញ្ចុះបញ្ជូលមនុស្សមួយក្រុមតូចកុំឲ្យធ្វើអំពើខុសច្បាប់។ ធ្វើបែបនេះប្រសើរជាង”។
ប៉ុន្តែ លោក ឡារី កៅ បានបន្ទោសនគរបាល និងរដ្ឋាភិបាល ក៏ដូចជាមេដឹកនាំសហជីពចំពោះការធ្វើឲ្យវិនិយោគិនមិនមានជំនឿ។ លោកបានមានប្រសាសន៍ថា “ការងាររបស់ពួកគេគឺត្រូវរក្សាសណ្តាប់ធ្នាប់ ប៉ុន្តែ នៅពេលមានភាពច្របូកច្របល់ពួកគេមិនបានធ្វើអ្វីឡើយ។ ពួកគេត្រូវបានបង្គាប់មិនឲ្យមានប្រតិកម្មតបត គឺយើងបានឮដូច្នេះ”។
លោកបានបញ្ជាក់ឡើងវិញពីគោលជំហររបស់រោងចក្រថា ការផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥០ដុល្លារទៅឲ្យកម្មករដែលពួកគេមិនដែលបានសន្យានោះមានន័យស្មើនឹងការជំរិតទារប្រាក់។ការចុះញ៉មនាពេលនេះដូចជាជំរុញឲ្យពួកគេទាមទារខុសច្បាប់កាន់តែច្រើន។
លោកមិនដឹងថា តើការបញ្ជាឲ្យបិទរោងចក្រនេះយូរប៉ុណ្ណាទេ ប៉ុន្តែ លោកបានមានប្រសាសន៍ថា កូដកម្មអាចរាលដាលកាន់តែធំប្រសិនបើមិនបិទរោងចក្រ។ លោកបាននិយាយថា “មិនយូរមិនឆាប់ ប្រសិនបើពួកគេទាមទារមិនបានសម្រេចទេ វានឹងរាលដាលដល់ទីក្រុងភ្នំពេញ និងទូទាំងប្រទេស ហើយប្រសិនបើការធ្វើកូដកម្ម នេះមានរយៈពេលកាន់តែយូរ វិនិយោគិនប្រាកដជានឹងដកខ្លួនចេញ”។
កាលពីខែធ្នូ មហាកូដកម្មនៅតំបន់សេដ្ឋកិច្ច ម៉ាន់ហាតាន់ និងតាយសេងក្នុងក្រុងបាវិតបាននាំឲ្យមានកូដកម្មក្នុងវិស័យកាត់ដេរទូទាំងប្រទេសដែលបានចាប់ផ្តើមបីថ្ងៃក្រោយមក ធ្វើឲ្យរាំងស្ទះដល់ផលិតកម្ម និងធ្វើឲ្យឧស្សាហកម្មកាត់ដេរខាតបង់ទឹកប្រាក់អស់២០០លានដុល្លារ។ កូដកម្មទាំងនោះបានបញ្ចប់បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងកម្មករ និងអាជ្ញាធរកាលពីថ្ងៃទី៣ ខែមករា ដែលនៅពេលនោះកងរាជអាវុធហត្ថបានបាញ់សម្លាប់អ្នកតវ៉ាប្រាំនាក់។
លោក ប៉ាវ សីុណា បានបដិសេធថា មិនបានដឹកនាំកូដកម្មនៅក្រុងបាវិតនៅសប្តាហ៍នេះទេ ហើយលោក ឆេង ឈន់ អនុប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជាបានបដិសេធបែបនេះម្តងទៀតកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា “សហជីពខ្ញុំមិនធ្វើយុទ្ធនាការទាមទារលុយ៥០ដុល្លារនេះទេ ហើយយើងមិនបានញុះញង់ឲ្យកម្មករធ្វើកូដកម្មឡើយ ពីព្រោះកម្មករធ្វើកូដកម្មដោយខ្លួនឯង”។
នៅឯតំបន់សេដ្ឋកិច្ចពិសេសតាយសេងដែលរងផលប៉ះពាល់ដោយសារការធ្វើកូដកម្មក្នុងរយៈពេលពីរបីថ្ងៃមកនេះ លោក ម៉ៅ កុសល ប្រធានរដ្ឋបាលបានមានប្រសាសន៍ថា លោកមិនឃើញមានដំណោះស្រាយទេកម្មករ និងរោងចក្រមិនបានចរចាគ្នាឡើយនៅពេលនេះ។
លោកបាននិយាយថា “ឥឡូវនេះកម្មករនិងរោងចក្រនៅឆ្ងាយពីគ្នា។ កម្មករទាមទារប្រាក់៥០ដុល្លារ ហើយរោងចក្របដិសេធ”។ ដោយសារមានការភ័យខ្លាចនិងការមិនសប្បាយចិត្ត ក្រុងបាវិតមានភាពស្ងប់ស្ងាត់កាលពីម្សិលមិញ។ បន្ទប់ជួលតូចៗធ្វើពីស័ង្កសីចាក់សោចោលគ្មានមនុស្សនៅទេ ដោយសារកម្មករជាច្រើនចេញពីក្រុង។ កម្មករជាច្រើនបានឆ្លៀតឱកាសធ្វើដំណើរទៅផ្ទះនៅពេលបិទរោងចក្រ។
លោក ព្រាប រតនៈគឺជាកម្មករម្នាក់ក្នុងចំណោមកម្មករពីរបីនាក់ដែលបានស្នាក់នៅបន្ទប់ជួលនៅផ្ទាល់ដីរបស់គាត់។ គាត់បាននិយាយថា គាត់បានចូលរួមធ្វើកូដកម្ម ប៉ុន្តែ ត្រូវមានការបញ្ចុះបញ្ជូលខ្លះៗ។
លោក រតនៈ ដែលផលិតសម្លៀកបំពាក់កីឡាឲ្យក្រុមហ៊ុន Adidas នៅរោងចក្រអេឡៃ នៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតាន់ បានទទួលស្គាល់ថា វាមិនត្រឹមត្រូវទេដែលកម្មករ ទាមទារប្រាក់ឧបត្ថម្ភ៥០ដុល្លារពីរោងចក្រដែលគេមិនបានសន្យាផ្តល់ឲ្យ។ គាត់បាននិយាយថា “ខ្ញុំមិនចង់ចូលរួមធ្វើកូដកម្មទេ ប៉ុន្តែ កម្មករភាគច្រើនបានចូលរួម ដូច្នេះខ្ញុំក៏បានចូលរួមដែរទៅ”។
គាត់បាននិយាយថា កូដករមួយចំនួនបានគប់ដុំថ្មដាក់រោងចក្រដើម្បីឲ្យកម្មករផ្សេងទៀតចេញមកក្រៅ ប៉ុន្តែ បានបដិសេធថា ខ្លួនគាត់មិនបានធ្វើដូច្នេះទេ។ លោក រតនៈ បាននិយាយថា តាមពិតគាត់គួរតែត្រឡប់ទៅធ្វើការវិញ។
គាត់បាននិយាយបន្ថែមទៀតថា “ខ្ញុំចង់ត្រឡប់ទៅធ្វើការវិញ ប៉ុន្តែ ខ្ញុំមិនអាចធ្វើបានទេ ពីព្រោះប្រសិនបើយើងត្រឡប់ទៅធ្វើការវិញ កម្មករផ្សេងទៀតនឹងគប់ដុំថ្មចូលទៅក្នុងរោងចក្រ”។
ប៉ុន្តែ លោក រតនៈ នឹងកម្មករផ្សេងទៀតសុទ្ធតែបាននិយាយថា ពួកគេមិនឃើញមានសញ្ញាណាមួយបង្ហាញថា មានសហជីពញុះញង់ឲ្យធ្វើកូដកម្មនោះទេ។
កញ្ញា ធឿន ដែលទទួលបានប្រាក់ខែ១៥៤ដុល្លាររួមទាំងការងារថែមម៉ោងដើម្បីផលិតស្បែកជើងកីឡាឲ្យក្រុមហ៊ុន Asics នៅរោងចក្រកៅវេ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតាន់ បាននិយាយថា “ កម្មករទាំងនេះមិនបានបង្ខំឲ្យកម្មករផ្សេងទៀតធ្វើកូដកម្មទេ។ កម្មករ ទាំងនេះធ្វើកូដកម្មដោយខ្លួនឯង។
កញ្ញា ធឿន បាននិយាយថា កូដករដែលគប់ដុំថ្មបានធ្វើឲ្យរោងចក្រគាត់បិទទ្វារកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ គាត់មិនបានចូលរួម ជាមួយពួកគេទេ ពីព្រោះគាត់គិតថា ម្ចាស់រោងចក្រនៅពេលដែលពួកគេនិយាយពួកគេមិនចុះចាញ់ និងមិនបើកប្រាក់៥០ដុល្លារឲ្យពួកយើងទេ។ កញ្ញា ធឿន បាននិយាយថា គាត់នឹងធ្វើកូដ កម្មប្រសិនបើរោងចក្រមិនបើកប្រាក់ឲ្យគាត់សម្រាប់ថ្ងៃដែលរោងចក្របិទទ្វារនោះ។
លោក ឡារី កៅ បាននិយាយថា ម្ចាស់រោងចក្រមានគម្រោងធ្វើបែបនេះ។ នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង លោក កុសល បានិយាយថា រោងចក្រមិនទាន់បានសម្រេចនៅឡើយទេ។កញ្ញា ធឿន បានអះអាងថា “ រោងចក្របិទទ្វារដូច្នេះរោងចក្រត្រូវតែបើកលុយ”៕គឹមហឿន