អ្នកភូមិប្រមាណ២០០នាក់ បានលើកគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ប្រហែល២ម៉ោងកាលពីម្សិលមិញ ហើយបានយកអុសនិងកង់ឡានដុតលើផ្លូវបង្កការកកស្ទះចរាចរណ៍ ខណៈពេលពួកគេអំពាវនាវឲ្យអាជ្ញាធរអន្តរាគមន៍នៅក្នុងវិវាទដីធ្លីរបស់ខ្លួនជាមួយក្រុមហ៊ុនផានអីុមិុច។
អ្នកស្រី ពៅ សែម អាយុ៥៤ឆ្នាំ ជាអតីតយោធិនពិការ ដែលលើកឡើងថា ក្រុមហ៊ុនបានបោះបង្គោលព្រំដីនៅលើដីរបស់គាត់បាននិយាយថា “ខ្ញុំមិនចង់បិទផ្លូវបង្កការកកស្ទះចរាចរណ៍ទេ ប៉ុន្តែគ្មានជម្រើស”។ ប្រសិនបើដីធ្លីរបស់ពួកយើងត្រូវគេចាប់យក តើយើងអាចធ្វើអ្វីបាន? យើងដឹងពីបទពិសោធន៍របស់សហគមន៍បុរីកីឡា នៅពេលនិយាយដល់ក្រុមហ៊ុនផានអីុមិុច”។
យោងតាមអ្នកភូមិបានឲ្យដឹងថា កាលពីម្សិលមិញ បុគ្គលិកក្រុមហ៊ុនបានបោះបង្គោលព្រំដីចំនួនបួនទន្ទ្រានចូលដីសរុប៦៣ហិកតានៅក្នុងភូមិចំនួនពីរក្នុងឃុំពញាឮ។
អ្នកស្រី ពៅ សែម បានលើកឡើងថា “អាជ្ញាធរឃុំបានបញ្ជាក់ថា ខ្ញុំជាម្ចាស់ដីនេះ។ [ប៉ុន្តែ ក្រុមហុ៊នបានទូរស័ព្ទហៅពួកយើងឲ្យទៅសាលាស្រុកកាលពីម្សិលមិញ ដើម្បីពិភាក្សាគ្នាអំពីដីនេះ ហើយនិយាយថា ពួកគេបានបោះបង្គោលព្រំដីដោយគ្មានការអនុញ្ញាតពីអ្នកភូមិទាំងនេះទៀតផង”។ អ្នកភូមិនិយាយថា ប្រជាពលរដ្ឋជាច្រើនដែលរស់នៅលើដីមានវិវាទនេះ បានកាន់កាប់ដីនេះតាំងពីសម័យខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩មកម៉្លេះ។
លោក តុង ស៊ីមី អភិបាលស្រុកបានមានប្រសាសន៍ថា មន្ត្រីមានសមត្ថកិច្ចកំពុងខិតខំយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ចប់វិវាទនេះ។ លោក តុង ស៊ីមី បានមានប្រសាសន៍បន្ថែមទៀតថា “យើងជាអាជ្ញាកណ្ដាល ហើយយើងនឹងដោះស្រាយ [បញ្ហា] របស់ភាគីទាំងសងខាង។ ប្រសិនបើមានបញ្ហាជាមួយនឹងក្រុមហ៊ុនដែលបានទិញ ឬលក់ [ដីនេះ] ក្រុមហ៊ុនត្រូវបង្ហាញឯកសារ”។
លោក សេង ស្រង់ អធិការរងស្រុកបានមានប្រសាសន៍ថា នគរបាលនិងកងរាជអាវុធហត្ថប្រហែល៥០នាក់ត្រូវបានបញ្ជូនទៅកាន់ចំណុចបិទផ្លូវ ហើយបានចំណាយពេលជិត១ម៉ោងដើម្បីចរចាជាមួយអ្នកតវ៉ា។
លោកបានមានប្រសាសន៍ទៀតថា “ហេតុផលដែលនគរបាលយ៉ាងច្រើនចុះទៅទីនោះ គឺដើម្បីគ្រប់គ្រងស្ថានភាពចរចា ពីព្រោះយើងព្រួយបារម្ភអំពីអ្នកជំងឺនៅក្នុងរថយន្តសង្គ្រោះបន្ទាន់ព្រមទាំងការធ្វើដំណើររបស់អ្នកធ្វើដំណើរផងដែរ ជាពិសេសជនបរទេស ពីព្រោះវាជាផ្លូវសេដ្ឋកិច្ច”។ ដោយឡែកខាងភាគីក្រុមហ៊ុនផានអីុមិុចមិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងរឿងនេះ៕ សុខុម