40.9 C
Phnom Penh

ក្រុមជួញដូរមនុស្សត្រូវបា​ន​ផ្តន្ទាទោស​​ឲ្យ​​ជាប់​ក្នុងពន្ធនាគាររយៈពេល​ម្នាក់ៗ​១០ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិតៃវ៉ាន់​ប្រាំមួយនាក់​ ដែល​ប្រាំនាក់​នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​​កាលពីម្សិលមិញ​ត្រូវបាន​ផ្តន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​ ​ពីបទ​​ជួញ​ដូរ​​ជន​​ជាតិ​ខ្មែរ​​ចំនួន​៧៤នាក់​​​ទៅធ្វើការ​​ក្រោម​ស្ថានភាព​​​ដូច​​​ទាសករ​​នៅលើ​​ទូក​​នេសាទ​​ក្នុង​សមុទ្រ​​នៅអាហ្វ្រិក​។

លោក កោ វណ្ឌី ចៅក្រម​សាលាដំបូង​​រាជធានីភ្នំពេញ​​បាន​រកឃើញ​​ពិរុទ្ធ​ភាព​​​របស់​ជនទាំង​ប្រាំមួយនាក់​​នេះពីបទ​​​ជួញ​ដូរមនុស្ស​និងបាន​បង្គាប់​ឲ្យ​​ពួកគេ​​​បង់ប្រាក់​​​ពី​១.៨០០​ដុល្លារ​ទៅ​១៥.០០០ដុល្លារ​​ជាការ​សង​ជំងឺ​ចិត្ត​និងកា​រ​ខូចខាត​ដល់​​ជនរងគ្រោះ​ម្នាក់​ៗ។

ឈ្មោះ លីន លីចេន អាយុ​៥៤ឆ្នាំ​ ​ជា​ម្ចាស់​​ក្រុមហ៊ុន​​​នេសាទ​​អន្តរជាតិ​ដែល​​ពេល​នេះសាបសូន្យ​​ទៅហើយ​ ដែល​​​ជា​​ចុង​ចោទ​តែម្នាក់គត់​មានវត្តមាន​​​នៅឯ​​សវនាការ​​ជំនុំ​ជម្រះ​ ​ត្រូវបាន​​នាំខ្លួន​ទៅកាន់ពន្ធនាគារ។គេ​មិនទាន់ដឹងអំពី​​ ​​ទី​កន្លែងលាក់ខ្លួន​​របស់​​អ្នក​សម​គំនិតប្រាំនាក់​ឈ្មោះ ហុង ជុនហ្វា ស៊ា ហ៊ីស៊ូ លូ ទៀនតេ ចេន ជុននុំ និង វូ ហ៊្វុត​សាង​ នៅឡើយទេ។

លោកវង់រដ្ឋាមេធាវីការពារ​​របស់​អ្នក​ស្រី លីចេន ​​បានមានប្រសាសន៍ថា ​កូនក្តី​របស់​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ការ​ផ្តន្ទា​ទោស​​នេះ​។ លោកបាន​មានប្រសាសន៍បន្ថែមទៀតថា ​ប្រាក់​សំណង ​​​​គឺប្រាក់ចំនួន​១០០.០០០ដុល្លារ​ ​ដែល​ក្រុម​​ហ៊ុន​ Giant Ocean ​​បង់​​ជា​ប្រាក់ធានា​ ​នៅពេល​​​ខ្លួនបាន​ចុះបញ្ជី​​នៅក្រសួង​​ការងារ​ក្នុងឆ្នាំ​២០០៩។

លោក រដ្ឋា ​​បានមានប្រសាសន៍ថា “តុលា​កា​រ​​អាចទាមទារប្រាក់​​ពី​ក្រសួងការងារ​​​ពេល​នេះ​ ​ដែល​​ពួកគេ​​បានធ្វើសេចក្តីសម្រេច​”។

លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រី​​ទទួល​បន្ទុក​កម្មវិធី​​ចំណាកស្រុក​​នៅ​មជ្ឈមណ្ឌល​អប់រំច្បាប់​​សហគមន៍ ដែល​ប៉ាន់ប្រមាណ​ថា មានជនជាតិខ្មែរជាង​១.០០០នាក់​ត្រូវបាន​ជួញដូរ​​ដោយក្រុមហ៊ុន Giant Ocean មុន​ក្រសួង​ការងារ​​​បិទក្រុមហ៊ុននេះ​​ក្នុងឆ្នាំ​២០១២ ​បានមានប្រសាសន៍ថា សាលក្រម​នឹង​ជាដំណាក់កាលដំបូងវិជ្ជមានមួយ។

លោក ​ពេជ្រសុវណ្ណ បានឲ្យដឹងថា “នៅ​មាន​បញ្ហាមួយចំនួន។ ដំបូង​​ តើ​ជនរង​គ្រោះ​នឹង​​ទទួលសំណងរបស់ខ្លួន​យ៉ាងម៉េច?។ ក្នុងនោះដែរ មនុស្ស​ជាច្រើន​ធ្វើការ​នៅក្នុង​ក្រុម​ហ៊ុន ប៉ុន្តែ​មានតែម្នាក់​ប៉ុណ្ណោះ​ត្រូ​វបាន​ចាប់ខ្លួន”។ លោកបាន​សួរ​​ថា “ តើអ្នក​ផ្សេង​ទៀត​នៅឯណា ហើយពួក​គេកំពុងធ្វើអ្វី?”។

លោក ពេជ្រសុវណ្ណ ក៏បានមាន​ប្រសាសន៍​​ផងដែរថា ​មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍​ជឿថា នៅមាន​ជនជាតិខ្មែរ​រាប់រយនាក់​​ទៀត​​​ជាប់នៅលើទូក​នៅកន្លែងផ្សេងទៀត​ មិនអាច​រកផ្លូវមកកាន់​ស្រុកកំណើត​​​​របស់ខ្លួន​បាន​ បន្ទាប់ពី​ត្រូវបាន​ក្រុមហ៊ុន Giant Ocean  បោក​ប្រាស់​។

​​ជន​រងគ្រោះ​​ជាង​៥០នាក់​​បាន​​បង្ហាញ​មុខ​នៅតុលាការ​​​កាលពីម្សិលមិញ​។ បន្ទាប់​ពី​សាលក្រម​​​ត្រូវបាន​សម្រេច ពួកគេ​បាន​រៀប​រាប់អំពី​ការ​បោកប្រាស់ ការ​ជាប់​បំណុល និង​ស្ថានភាពការងារ​​ឥតមេត្តា។

មនុស្សភាគច្រើន​ត្រូវបាន​បញ្ចុះបញ្ចូល​​ដោយសន្យា​ផ្តល់ប្រាក់ឈ្នួល​​យ៉ាងតិច​២៥០​ដុល្លារ​​ក្នុងមួយខែ​ សម្រាប់ការងារ​​នៅលើ​ទូក​នេសាទ​​​នៅក្នុងប្រទេស​​ជប៉ុន និងក្នុង​ប្រទេស​សិង្ហបុរី។

ឈ្មោះ ហុង គឹមសាន អាយុ​២៨ឆ្នាំ បាន​មានប្រសាសន៍ថា បន្ទាប់​ពីយល់ព្រម​ទៅធ្វើ​ការ​​​នៅលើទូក​នេសាទ​​របស់ជប៉ុន​មួយ​គ្រឿង​​​គាត់ត្រូវបានបញ្ជូនទៅ​អឺរ៉ុប ហើយ​​បន្ទាប់​មក​ទៅ​អាហ្វ្រិក ជាទីដែល​​គាត់​​បានធ្វើការ​រយៈពេលពី​១៤ម៉ោងដល់​១៨ម៉ោង​មួយ​ថ្ងៃ​នៅលើទូកនេសាទ​ និង​ត្រូវបាន​គេនិយាយ​ប្រាប់ថា ប្រាក់ខែ​​​របស់​​គាត់​ត្រូវបានផ្ញើ​​មក​ផ្ទះ​ឲ្យគ្រួសារ​​របស់គាត់ហើយ។​​​ គឹមសាន បានមានប្រសាសន៍ថា “ខ្ញុំត្រូវ​បាន​បង្ខំ​ឲ្យធ្វើការ និងគំរាម​ប្រើអំពើ​ហិង្សា​។​នៅពេល​ខ្ញុំ​​រត់គេចខ្លួន ខ្ញុំបាន​ដឹងថា គ្មាន​ប្រាក់​ឈ្នួលណា​ត្រូវបាន​​ផ្ញើ​មកឲ្យ​គ្រួសារ​​របស់​ខ្ញុំ​ឡើយ​”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស