គណបក្សសង្គ្រោះជាតិបានចេញប្រកាសមួយកាលពីម្សិលមិញបញ្ជាក់ឡើងវិញអំពីគោលបំណងរបស់ខ្លួនក្នុងការចូលក្នុងទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញឡើងវិញនៅថ្ងៃសុក្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅថ្ងៃទី១៨ ខែឧសភាដែលមានរយៈពេលពីរសប្តាហ៍។
សេចក្តីប្រកាសនេះបានលើកឡើងថា “គណបក្សសង្គ្រោះជាតិសូមប្រកាសថា…គណបក្សនឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅថ្ងៃសុក្រ ថ្ងៃទី២ ខែឧសភា ម៉ោង២រសៀលនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិបានមានប្រសាសន៍កាលពីខែមីនាថា គណបក្សនឹងកាន់កាប់ទីលាននេះឡើងវិញ ហើយប្រើរយៈពេលធ្វើយុទ្ធនាការនេះដើម្បីធ្វើការតវ៉ារបស់ខ្លួនដ៏ធំប្រឆាំងនឹងរដ្ឋាភិបាលដែលត្រូវបានបង្ក្រាបដោយហិង្សាកាលពីថ្ងៃទី៤ ខែមករា។
ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធររាជធានីបានលើកឡើងថា គណបក្សនេះនឹងមិនត្រូវអនុញ្ញាតឲ្យប្រើប្រាស់រយៈពេលធ្វើយុទ្ធនាការឃោសនានេះដើម្បីធ្វើការតវ៉ាដែលត្រូវបានហាមឃាត់ទាំងស្រុងតាំងពីខែមករាមកឡើយ។
ថ្ងៃនេះលោក សម រង្ស៊ី ត្រូវវិលត្រឡប់មកពីតំបន់អឺរ៉ុបវិញ។ លោក កឹម សុខា អនុប្រធានគណបក្សបានវិលត្រឡប់មកវិញកាលពីយប់ថ្ងៃច័ន្ទពីការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។
ពេលមកដល់រាជធានីភ្នំពេញ លោក កឹម សុខា បានបញ្ជាក់ឡើងវិញថា គណបក្សសង្គ្រោះជាតិនឹងមិនបញ្ចប់ការធ្វើពហិការរដ្ឋសភារបស់ខ្លួនឡើយរហូតដល់រដ្ឋាភិបាលទទួលយកការបោះឆ្នោតឡើងវិញនៅដើមឆ្នាំ២០១៦៕សារុន