29 C
Phnom Penh

ក្រុម​ហ៊ែក​ឃើ​សច្ចា​ថានឹង​បន្ត​យុទ្ធនាការ​វាយ​ប្រហារ​រទៅ​លើ​គេហទំព័រនៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តាញក្រុម​ហ៊ែកឃើ​អនាមិក​ពិភពលោក​ បាន​បន្ត​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​គេហ​ទំព័រ​​នៅ​កម្ពុជា​កាល​ពី​ម្សិល​មិញ​ ដោយពួកគេ​អះ​អាង​ថា បាន​លួច​ជ្រៀត​ចូល​​គេហ​ទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

មេធាវី​​តំណាង​ឲ្យ​សមា​ជិក​ក្រុម​អនា​មិក​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ បាន​ឲ្យ​ដឹង​ថា លោក​​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​​ការ​វាយ​ប្រហារ​ដែល​កំពុង​បន្ត​នេះ​អាច​ប៉ះ​ពាល់​ដល់​សំណុំ​រឿងនៅ​ក្នុង​តុលាការ​​របស់​កូន​ក្តី​លោក​។

នៅ​លើ​ទំព័សង្គមរ​ហ្វេសប៊ុក​របស់​ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជា​ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចូល​គ្រប់​គ្រង​លើ​គេហទំព័រ​សារព័ត៌មាន​ដើម​អម្ពិល​អស់​រយៈពេល​១២​ម៉ោងនោះ ពួកគេបាន​សច្ចា​​បន្ត​យុទ្ធនាការ​វាយ​ប្រហារ​របស់​ខ្លួន​ ដើម្បី​ជា​ការ​សង​សឹក​ចំពោះ​ការ​ចាប់​ខ្លួន​ ហើយ​​បាន​​លើក​ឡើង​ថា ទិន្នន័យ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូ​វ​បាន​លួច​កែ​ ទោះ​បី​ជា​គេ​ហ​ទំព័រ​នេះ​ហាក់​បី​ដូច​ជា​នៅ​ដំណើរ​ការជា​​ធម្មតា​ក៏ដោយ​ កាល​ពី​ម្សិល​មិញ​។ គេហ​ទំព័រ​​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​ក្រុមហ៊ែក​ឃើ​​វាយ​ប្រហារ​ជា​លើក​ដំបូង​ កាលពី​ខែកញ្ញា​។

ក្រុម​ហ៊ែក​ឃើ​អនាមិក​បាន​​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា “ខ្ញុំ​​មិន​ខ្វល់​ឡើយ​ ទោះ​បី​ជា​អ្នក​ឯង​រិះ​គន់​យើង​ខ្លាំង​យ៉ាង​ណាក៏​ដោយ​ អ្នក​ឯង​មិន​អាច​បញ្ឈប់​យើង​បាន​ទេ​ ទោះ​បី​ជា​សមាជិក​របស់​យើង​ត្រូវ​បានចាប់​ខ្លួន​ក៏​ដោយ​។ យើង​នឹងបន្ត​ការ​វាយ​ប្រហារ​របស់​យើង​ ហើយ​រឿង​មួយ​ដែល​អ្ន​ក​ឯង​ត្រូវ​ដឹង ​គឺគោល​ការ​ណ៍​របស់​ក្រុម​ហ៊ែក​ឃើ​អនា​មិក​យើង​​។ គោល​ដៅវាយប្រហារ​របស់​យើង​ គឺ​ស្ថាប័ន​រដ្ឋា​ភិបាល​ ធនាគារ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ស្ថាប័ន​ឯក​ជន​ខុស​ច្បាប់​។ ប៉ុន្តែ​យើង​នឹង​មិន​​វាយ​ប្រហារ​សាលា​រៀន​ ឬ​ក៏​ស្ថាប័ន​អប់រំ​បន្ត​ទៀត​ឡើយ​”។

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ យុវជ​ន​​ ប៊ុន ​ឃីង​មង្គលបញ្ញា អាយុ​២១ឆ្នាំ​ និង​យុវជន​​ ជូ​ សុង​ហេង​​ អាយុ​២១​ឆ្នាំ​ ​ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​​​​សារ​​សកម្មភាព​របស់​ពួក​គេ​ជា​សមា​ជិក​ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជា​។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​​ចូល​គេហ​ទំព័រ​របស់​រដ្ឋាភិបាល​និង​លួច​ទិន្នន័យ​សម្ងាត់​។

កាល​ពី​ម្សិល​មិញ​ លោក ឌឹម​ ចៅសេង​ មេ​ធាវី​របស់​ពួក​គេ​បាន​ឲ្យ​ដឹង​ថា លោក​​ព្រួយ​​បារម្ភ​ខ្លាច​ក្រែង​​ការ​វាយ​ប្រហារ​គេហ​​​ទំព័រ​នៅ​កម្ពុជា​​ដែល​កំពុង​បន្ត​នេះ​ អាច​ជះ​ឥទ្ធិ​ពល​​អាក្រក់​ដល់​សំណុំ​រឿង​ក្នុង​តុលាការ​របស់​កូន​ក្តី​លោក​។​ លោក​បាន​មាន​ប្រសាសន៍​ថា “សកម្ម​ភាព​ទាំង​អស់​ដែល​ក្រុម​ហ៊ែក​ឃើ​អនាមិក​កំពុង​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​មិន​មែនជា​សកម្ម​​ភាព​ជួយ​កូន​ក្តី​របស់​ខ្ញុំ​ទេ។ វា​នឹង​បង្ក​ការ​លំបាក​ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ក្តី​របស់​ខ្ញុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ​វិញ​ទេ​”។

លោក កែម ឡី អ្នក​វិភាគ​នយោ​បាយឯក​រាជ្យ​បាន​លើក​ឡើង​ថា​ លោក​យល់​ឃើញ​ថា​រឿង​ទាក់​ទិន​នឹង​ការ​ជ្រៀត​ចូល​គេហ​ទំព័រ​របស់​រដ្ឋាភិបាល​នេះ​គួរ​ឲ្យ​សង្ស័យ​ ដោយ​សារ​​បច្ចុប្បន្ន​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​ការ​ប្រឆាំង​បទ​ល្មើស​តាម​អុីនធើណិត​កំពុង​ស្ថិត​ក្នុង​ដៃ​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ទេ​ថា​ តើ​វា​គឺ​​ជា​រឿង​ពិត​ឬ​ក៏​អត់​​ទេ​ដែល​ថា​មនុស្ស​ទាំង​ពីរ​នេះ​ ឬ​អ្នក​ផ្សេង​វាយ​ប្រហារ​លើ​គេហ​ទំព័រ​រដ្ឋាភិបាលនោះ​ ឬ​ថា​ តើេ​វា​ជា​ឆាក​ល្ខោន​ដែល​ប្រឌិត​ឡើង​ដោយ​រដ្ឋាភិ​បាល​ ឬ​យ៉ាង​ណា”​។

លោក​បានមាន​ប្រសាសន៍​​បន្តទៀត​​ថា “ផ្អែក​លើ​ការ​អង្កេត​របស់​ខ្ញុំ​ កាល​ពី​១០​ ឬ​ ​២០​ឆ្នាំ​មុន​ វា​តែ​ង​តែ​ដូច្នេះ។​​ ហើយ​​ទាក់​ទិន​នឹង​បញ្ហាដ៏​រសើប​នេះ​ វា​គឺ​ជា​ឆាក​ល្ខោន​ដើម្បី​​បង្កើត​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អុីន​ធើ​ណិត​”។  លោក​ ឱម​ យិុនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​៕​ ស៊ុយឈាង

(រាយការណ៍​បន្ថែម​ដោយ​  Lauren Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស