អ្នកភូមិប្រហែល៣០នាក់ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ បានធ្វើការតវ៉ាកាលពីព្រឹកម្សិលមិញប្រឆាំងឧកញ៉ា សុខ គង់ ដែលពួកគាត់ចោទប្រកាន់ថាបានបូមខ្សាច់លុបដីស្រែនិងស្រះចិញ្ចឹមត្រីរបស់ពួកគាត់។

អ្នកភូមិ១៤គ្រួសារដែលបានកាន់កាប់ដីទំហំ២១ហិកតាក្នុងសង្កាត់ព្រែកប្រានោះបានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីរយៈពេលជាច្រើនឆ្នាំមកហើយជាមួយក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ ដែលពួកគាត់លើកឡើងថា ទទួលបានប័ណ្ណកម្មសិទ្ធិដីដោយខុសច្បាប់ដែលពួកគាត់បានកាន់កាប់ជាងមួយទសវត្សរ៍មកហើយ។
នៅឯការតវ៉ានោះ ក្រុមអ្នកភូមិបានដុតកង់ឡាន និងស្រែកចោទប្រកាន់ក្រុមហ៊ុននេះ ដែលបានប្រកាសអំពីផែនការគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំដោយការសាងសង់ផ្ទះល្វែង ភូមិគ្រឹះ និងផ្សារ។
អ្នកស្រី លន ពិសី អាយុ៣៣ឆ្នាំបាននិយាយថា “យើងតវ៉ាប្រឆាំងក្រុមហ៊ុន សុខ គង់ ដែលបានបូមខ្សាច់ដោយសម្ងាត់លុបដីស្រែរបស់យើង ពីព្រោះពួកគេចង់កាន់កាប់ដីរបស់យើង”។
យោងតាមអ្នកស្រី ពិសី បានឲ្យដឹងថា អ្នកស្រី និងអ្នកភូមិ១៣គ្រួសារទៀតបានទិញដីទំហំប្រហែល២១ហិកតានៅក្នុងតំបន់នេះពីម្ចាស់ដីម្នាក់ដែលបានរស់នៅទីនោះចាប់តាំងពីឆ្នាំ១៩៨៣មកម៉្លេះ។ ប៉ុន្តែ កាលពីឆ្នាំ២០១០រដ្ឋាភិបាលបានផ្តល់ប័ណ្ណកម្មសិទ្ធិដីនេះដល់ក្រុមហ៊ុន សុខ គង់ ដែលត្រួតសីុគ្នានឹងដីរបស់ពួកគាត់។
អ្នកស្រីបាននិយាយថា “ក្រុមហ៊ុនបានឃុបឃិតជាមួយអាជ្ញាធរធ្វើប័ណ្ណកម្មសិទ្ធិដី ជាន់លើ់ដីរបស់យើង ហើយបន្ទាប់មកបានចាប់ផ្តើមបូមខ្សាច់លុបនៅមុនការបោះឆ្នោតជាតិ។ ពាក្យបណ្តឹងត្រូវបានប្តឹងទៅសាលាដំបូងរាជធានី ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី ប៉ុន្តែ មិនមានដំណោះស្រាយទេ។ អ្នកភូមិមួយចំនួនបានលើកឡើងថា ពួកគាត់ពេញចិត្តនឹងចាកចេញប្រសិនបើលោក ឧកញ៉ាផ្តល់សំណងសមរម្យនោះ។
ស៊ុន សុគន្ធី អាយុ៤៧ឆ្នាំបាននិយាយថា “យើងចង់ឲ្យក្រុមហ៊ុនផ្តល់សំណងសមរម្យដល់ពួកយើង ប៉ុន្តែ ប្រសិនបើក្រុមហ៊ុនមិនដោះស្រាយជូនពួកយើងទេនោះយើងនឹងបន្តធ្វើការតវ៉ាទៀត ហើយយើងនឹងលះបង់អាយុជីវិតដើម្បីបានរស់នៅលើដីនេះ។ សូមសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយអន្តរាគមន៍ក្នុងបញ្ហារបស់ពួកយើងផង”។
ទាំងលោក សុខ គង់ និងតំណាងក្រុមហ៊ុនរបស់លោកមិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែ លោក គួច ចំរើន អភិបាលខណ្ឌមានជ័យបានចាត់ទុកការអះអាងរបស់អ្នកភូមិថា គ្មានមូលដ្ឋាន។ លោកបានមានប្រសាសន៍ថា “បើតាមឯកសារ ដីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន សុខ គង់ ពីព្រោះពួកគេមានប័ណ្ណកម្មសិទ្ធិ”៕សារុន