បុរសម្នាក់ ដែលត្រូវបានអ្នកភូមិប្រមាណ៦០០នាក់ព្រួតវាយរហូតដល់ស្លាប់ ដោយសារពួកគេចោទប្រកាន់ថា បុរសរងគ្រោះចេះអំពើអាបឆ្មប់នោះត្រូវបានបូជាកាលពីម្សិលមិញ នៅផ្ទះឪពុកម្ដាយជនរងគ្រោះក្នុងខេត្តតាកែវ។
លោក ឯម សាវុធ នាយប៉ុស្ដិ៍នគរបាលឃុំក្រាំងលាវ បានមានប្រសាសន៍ថា មនុស្សជាច្រើនមកពីតំបន់ជុំវិញនោះបានមកកាន់ភូមិដើមស្វាយដើម្បីចូលរួមកាន់មរណទុក្ខរបស់លោក ពៅ សុវណ្ណ អាយុ៣៦ឆ្នាំ ជាគ្រូឱសថបុរាណដែលត្រូវក្រុមអ្នកភូមិព្រួតវាយសម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅក្នុងស្រុកបាទី កាលពីថ្ងៃអាទិត្យ។
លោកមានប្រសាសន៍ថា “មានភ្ញៀវជាច្រើន ដែលមកចូលរួមពិធីបុណ្យសពជនរងគ្រោះដូចពិធីបុណ្យសពផ្សេងៗទៀតដែរ។ ភ្ញៀវមួយចំនួនតូចមកពីភូមិព្រៃជន្លួញ ហើយអ្នកផ្សេងទៀតមកពីភូមិផ្សេងៗគ្នា”។
ទោះបីជាមានមនុស្សយ៉ាងច្រើនពាក់ព័ន្ធនៅក្នុងសកម្មភាពវាយដំ និងគប់ដុំថ្មដាក់លោក ពៅ សុវណ្ណ រហូតដល់ស្លាប់ក្ដី ក៏លោក ឯម សាវុធ មានប្រសាសន៍ថា អ្នកភូមិជាច្រើនដឹងថា ជនរងគ្រោះគ្មានអ្វីពាក់ព័ន្ធនឹងការស្លាប់មនុស្សប៉ុន្មានអ្នកដែលគេចោទថា បុរសរងគ្រោះបានធ្វើអំពើអាបធ្មប់ដាក់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះទេ។
លោកមានប្រសាសន៍ទៀតថា “ខ្ញុំបានចូលរួមពិធីបុណ្យសពនេះដែរ ហើយឮភ្ញៀវដែលមកពីភូមិផ្សេងៗនិយាយគ្នាថា ជនរងគ្រោះមិនបានធ្វើអ្វីខុសទេ ហើយគ្មានហេតុផលដែលត្រូវសម្លាប់គាត់ឡើយ”។
លោក ពៅ សុវណ្ណ ត្រូវបានអ្នកភូមិព្រួតវាយនឹងដំបង និងគប់ដុំថ្មអស់រយៈពេលប្រាំមួយម៉ោងក្រោយពីប្រធានភូមិព្រៃជន្លួញនិងស្ត្រីវ័យ៥៤ឆ្នាំម្នាក់បានស្លាប់ក្នុងពេលថ្មីៗនេះ ជាហេតុធ្វើឲ្យអ្នកភូមិគិតថា អ្នកទាំងពីរស្លាប់ដោយសារបុរសរូបនេះ។
លោក ទូច សឿន មេភូមិក្រាំងលាវ បានមានប្រសាសន៍ថា មិត្តភក្ភិ និងសាច់ញាតិស្ត្រីរងគ្រោះពោលគឺប្រទះឃើញសាកសព មិនបានរកឃើញមូលហេតុច្បាស់លាស់នៃការស្លាប់នោះទេ ហើយគិតថា គាត់ស្លាប់ដោយសារអំពើអាបធ្មប់ បន្ទាប់ពីឃើញក្អែបនៅជុំវិញក្បាលស្ដ្រីរងគ្រោះ។
លោកបានមានប្រសាសន៍ថា “ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិមើលឃើញក្អែបធំចំនួនបួនក្បាលនៅជិតក្បាលស្ត្រីរងគ្រោះ។ នៅពេលគ្រួសារស្ត្រីរងគ្រោះទៅវាយក្អែបទាំងនោះ [ក្អែបទាំងនោះ] ក៏រលាយបាត់”។
ក្រោយមកអ្នកភូមិទាំងនេះបានលើកគ្នាទៅកាន់ផ្ទះរបស់លោក ពៅ សុវណ្ណ ហើយនៅទីនោះ ពួកគេបានរកឃើញអ្វីដែលខ្លួនគិតថា ជាភ័ស្ដុតាងច្បាស់ក្រឡែតបង្ហាញថា ពិតជាមានអំពើអាបធ្មប់មែន។
លោក ទូច សឿន បានមានប្រសាសន៍ថា “អ្នកភូមិ នគរបាល និងខ្ញុំបានរកឃើញភ័ស្ដុតាងមួយចំនួននៅក្នុងផ្ទះរបស់ជនរងគ្រោះដូចជា អាសនៈ រូបថតជាច្រើន និងឈ្មោះជាច្រើនមានសរសេរថ្ងៃខែឆ្នាំកំណើតនៅលើខ្នងក្រដាសប្រក្រតិទិន”។
លោក ទូច សឿន បានពន្យល់ថា ឈ្មោះដែលសរសេរនៅលើខ្នងក្រដាសប្រក្រតិទិនទាំងនោះរួមមានទាំងឈ្មោះរបស់អ្នកភូមិដែលបានស្លាប់ដោយមិនដឹងមូលហេតុក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះផងដែរ៕ សុខុម