នគរបាលបានចាប់ខ្លួនបុរសកម្ពុជាអាយុ៣២ឆ្នាំម្នាក់ដែលពួកគេនិយាយថា បានសារភាពចំពោះការសម្លាប់ជនជាតិហូឡង់ ឈ្មោះ ដាបណា បៀដសេន អាយុ៣១ឆ្នាំ និងការចាក់កូនស្រីអាយុ១៩ខែរបស់គាត់ឲ្យរងរបួសធ្ងន់នៅក្នុងផ្ទះរបស់គ្រួសារនេះនៅទីក្រុងភ្នំពេញ ហើយគេបានប្រទះឃើញសាកសពប្រឡាក់ឈាមកាលពីព្រឹកថ្ងៃច័ន្ទនៅក្នុងផ្ទះនោះ។
ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនបុរសម្នាក់ដែលបានសារភាពចំពោះការសម្លាប់ស្ត្រីជនជាតិហូឡង់រូបនេះ។ ជននេះបានសារភាពចំពោះទង្វើរបស់ខ្លួន“។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ជនសង្ស័យបានចូលទៅក្នុងផ្ទះរបស់អ្នកស្រី ដាបណា បៀដសេន ក្នុងសង្កាត់ទន្លេបាសាក់នៅម៉ោងប្រហែល៣ទៀបភ្លឺព្រឹកថ្ងៃច័ន្ទ និងបានប៉ុនប៉ងលួចយកកង់មួយគ្រឿង។
លោកបានមានប្រសាសន៍ថា “អំឡុងពេលជននេះធ្វើសកម្មភាព អ្នកស្រី ដាបណា បៀដសេន បានឃើញជននេះលួចកង់ ហើយបានស្រែកឲ្យគេជួយ។ ហេតុដូច្នេះហើយបានជាជននេះយកទួណឺវីសចាក់សម្លាប់គាត់តែម្តង“។ លោកបានមានប្រសាសន៍ថា “នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបានចាប់ខ្លួនជននេះនៅម៉ោងប្រហែល១០យប់ថ្ងៃអង្គារ នៅក្នុងវត្តបទុមក្នុងខណ្ឌដូនពេញ។ លោកបានមានប្រសាសន៍ថា ជនសង្ស័យនៅរក្សាទុកកាបូបដៃ និងឯកសារផ្ទាល់ខ្លួនមួយចំនួនរបស់ជនរងគ្រោះនៅឡើយ“។
នគរបាលមិនបានផ្តល់ព័ត៌មានលម្អិតថែមទៀតអំពីការសើុបអង្កេតនេះទេកាលពីម្សិលមិញ។ លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នគរបាលនឹងធ្វើសន្និសីទកាសែតអំពីការចាប់ជនល្មើសនៅថ្ងៃនេះ។
អ្នកស្រី ដាបណា បៀដសេន អ្នកពិគ្រោះយោបល់នៅអង្គការសហប្រជាជាតិបាននៅផ្ទះជាមួយកូនស្រីតូចរបស់គាត់ឈ្មោះ ដាណា នៅយប់ធ្វើឃាតនេះ។ ប្តីរបស់គាត់ឈ្មោះ ចូរីស អូឡេ បានចាកចេញពីទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ ទៅសម្របសម្រួលសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អង្គការ U.N.Habitat នៅក្រុងព្រះសីហនុ។
កុមារី ដាណា ក៏បានរងការវាយប្រហារផងដែរនៅក្នុងការចូលលុកលុយផ្ទះនេះ ហើយត្រូវបានដឹកតាមយន្តហោះទៅព្យាបាលរបួសធ្ងន់ចំក្បាល និងរបួសដោយសារការចាក់ចំដងខ្លួននៅទីក្រុងបាងកក កាលពីយប់ថ្ងៃច័ន្ទ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ជនសង្ស័យនេះក៏បានសារភាពថា បានចាក់ក្មេងស្រីនោះលើដងខ្លួនផងដែរ ប៉ុន្តែ គេមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីទេ“។
វេជ្ជបណ្ឌិតម្នាក់ដែលព្យាបាល ដាណា នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលសុំមិនឲ្យបញ្ចេញឈ្មោះដោយសារគេមិនអនុញ្ញាតឲ្យនិយាយជាមួយអ្នកកាសែតបានឲ្យដឹងថា ដាណា ជិតស្លាប់ទៅហើយនៅពេលនាងមកដល់មន្ទីរពេទ្យ។
នៅពេលទាក់ទងកាលពីម្សិលមិញ តំណាងម្នាក់នៅមន្ទីរពេទ្យ Bangkok General Hospital ជាមន្ទីរពេទ្យដែលគេបានដឹក ដាណា ទៅព្យាបាលកាលពីពាក់កណ្តាលយប់ថ្ងៃច័ន្ទ បានមានប្រសាសន៍ថា កុមារីរូបនេះនៅមានជីវិត ហើយកំពុងស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់។ តំណាងមន្ទីរពេទ្យនេះសុំមិនបញ្ចេញឈ្មោះពីព្រោះគេមិនអនុញ្ញាតឲ្យអ្នកស្រីចែករំលែកព័ត៌មានអំពីសុខភាពរបស់អ្នកជំងឺទេ។ តំណាងមន្ទីរពេទ្យរូបនេះបាននិយាយថា “ដាណា កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យរបស់យើង ហើយយើងកំពុងព្យាបាលនាង។ នាងនៅមានជីវិត ប៉ុន្តែ នាងមិនអាចដកដង្ហើមដោយខ្លួនឯងបានទេ“។
ដាណា ត្រូវបានអ្នកបោសសម្អាតផ្ទះរបស់គ្រួសារនេះប្រទះឃើញដេកដួលនៅជិតម្តាយរបស់នាងនៅលើកម្រាលឥដ្ឋពោរពេញដោយឈាមនៅខាងក្នុងផ្ទះនៅម៉ោងប្រហែល៩ព្រឹកថ្ងៃច័ន្ទ។ អ្នកបោសសម្អាត ឈ្មោះ កែវ សុម៉ាលី អាយុ២៨ឆ្នាំបាននិយាយថា គាត់បានប្រាប់ម្ចាស់ផ្ទះឈ្មោះ កែន សំបូរ មុនគេព្រោះគាត់រស់នៅតាមផ្លូវតូចមួយជាមួយគ្នានៅជិតមហាវិថីព្រះនរោត្តម ហើយបន្ទាប់មកបានរាយការណ៍ប្រាប់លោក រុន ចន្ថា មេភូមិ៧។
សុម៉ាលី បានអះអាងកាលពីថ្ងៃអង្គារថា ថ្វីបើមានការជំទាស់ពីគាត់ក៏ដោយ ក៏នគរបាលបានទុកឲ្យកុមារនេះដេកនៅកន្លែងកើតហេតុអស់រយៈពេលពី២០ទៅ៣០នាទី មុនពេលអនុញ្ញាតឲ្យអ្នកជិតខាងម្នាក់នាំនាងទៅមន្ទីរពេទ្យតាមម៉ូតូឌុប។ នៅពេលទាក់ទងកាលពីម្សិលមិញ សុម៉ាលី បាននិយាយថា គាត់មានការរន្ធត់ណាស់នៅពេលគាត់ប្រឆាំងនឹងនគរបាល ហើយបានឲ្យដឹងថា មានតែមេភូមិនោះទេដែលធ្វើមិនដឹងមិនឮនឹងសំណើរបស់គាត់សុំឲ្យគេប្រញាប់នាំក្មេងស្រីនេះទៅមន្ទីរពេទ្យ។ សុម៉ាលី បាននិយាយថា “នៅពេលនោះខ្ញុំមិនដឹងថា នរណាជានគរបាលសង្កាត់ និងនរណាជាមេភូមិទេ ខ្ញុំគ្រាន់តែដឹងថា ពួកគេបានប្រាប់ខ្ញុំមិនឲ្យប៉ះពាល់អ្វីៗទាំងអស់នៅក្នុងផ្ទះនេះ ពីព្រោះពួកគេខ្លាចបាត់បង់ភ័ស្តុតាង“។
លោកមេភូមិ រុន ចន្ថា បានទទួលស្គាល់កាលពីម្សិលមិញថា គាត់បានបដិសេធមិនឲ្យគេនាំក្មេងស្រីនេះទៅមន្ទីរពេទ្យមួយរយៈពេលខ្លី។ លោកបានមានប្រសាសន៍ថា លោកបានជូនដំណឹងទៅនគរបាលសង្កាត់ទន្លេបាសាក់ បន្ទាប់ពីបានដឹងអំពីឃាតកម្មនេះប៉ុន្តែ មិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់កន្លែងកើតហេតុមុនពេលពួកគេមកដល់ទេ។
លោក ចន្ថា បានបន្ថែមថា “សុម៉ាលី បានមកដល់មុនគេ ហើយបន្ទាប់មកគឺលោក សំបូរ ហើយនិងខ្ញុំ ប៉ុន្តែ យើងមិនបានប៉ះពាល់អ្វីទេ ពីព្រោះយើងមិនចង់ធ្វើឲ្យប៉ះពាល់ដល់ភ័ស្តុតាង“។ លោកបានមានប្រសាសន៍ថា “ប្រហែល២០នាទីក្រោយពីយើងបានទៅដល់ទីនោះ នគរបាលសង្កាត់ក៏បានមកដល់ ហើយបានអនុញ្ញាតឲ្យបុរសបរទេសម្នាក់ដែលជាមិត្តភក្តិរបស់ជនរងគ្រោះនាំក្មេងស្រីនោះទៅមន្ទីរពេទ្យ។
លោក ស្ទីវ ម៉ូរីស អតីតមន្ត្រីនគរបាលអូស្ត្រាលី ដែលអង្គការ Sisha របស់លោកបានបង្រៀននគរបាលកម្ពុជារាប់រយនាក់អំពីបច្ចេកទេសសើុបអង្កេតកន្លែងឧក្រិដ្ឋកម្ម បានមានប្រសាសន៍ថា មិនមានហេតុផលណាត្រូវលះបង់សុខភាពមនុស្សដើម្បីភ័ស្តុតាងនៅកន្លែងមានឧក្រិដ្ឋកម្មទេ។ លោក ម៉ូរីស បានមានប្រសាសន៍ថា ” ចំណុចមួយក្នុងចំណោមចំណុចដំបូងដែលយើងបង្រៀន និងជាចំណុចមួយដែលនគរបាលទាំងអស់គួរតែរៀននោះ គឺថា ការការពារអាយុជីវិតមនុស្សសំខាន់ជាងការការពារកន្លែងឧក្រិដ្ឋកម្ម“។
ថ្វីបើមានក្បួនច្បាប់នេះក៏ដោយ ក៏លោក ម៉ូរីស បានមានប្រសាសន៍ថា លោកយល់ពីតួនាទីរបស់លោក ចន្ថា ហើយថា ស្ថានភាពធ្ងន់ធ្ងរនេះអាចធ្វើឲ្យគាត់បដិសេធមិនឲ្យគេនាំក្មេងស្រីនេះទៅមន្ទីរពេទ្យ។
លោក ម៉ូរីស បានមានប្រសាសន៍ថា “អាជ្ញាធរជារឿយៗមិនបានចាត់វិធានការទេ រហូតដល់មានការបញ្ជាពីចៅហ្វាយនាយ។ ពួកគេត្រូវបានបង្រៀនបែបនេះ។ហើយជាពិសេសនៅក្នុងករណីនេះដោយសារមានជនបរទេសម្នាក់ត្រូវបានគេសម្លាប់នោះ នគរបាល និងអាជ្ញាធរប្រហែលជាមានការភ័យស្លន់ស្លោហើយបានធ្វើការសម្រេចចិត្តមិនបានល្អ“៕គឹមហឿន