ដោយគណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មរយៈពេលពីរសប្ដាហ៍ និងសហជីពក៏គ្រោងធ្វើកូដកម្មនៅថ្ងៃនេះ រដ្ឋាភិបាលបានសម្ញែងសាច់ដុំកងកម្លាំងសន្ដិសុខរបស់ខ្លួន កាលពីម្សិលមិញ។

ផ្លូវទាំងអស់ ដែលឆ្ពោះទៅទីលានប្រជាធិបតេយ្យត្រូវបាននគរបាលបិទច្រកចេញចូល ហើយនៅចុងខាងកើតនិងចុងខាងលិចនៃទីលាននេះត្រូវបានបិទដោយលួសបន្លាដើម្បីរារាំងអ្នកគាំទ្រគណបក្សប្រឆាំងមួយក្រុមតូចដឹកនាំដោយលោកស្រី មូរ សុខហួរ កុំឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ។
នគរបាលបង្ក្រាបបាតុកម្មពីរបីរយនាក់ប្រដាប់ដោយគ្រាប់បែកបង្អើល ដំបង និងដំបងឆក់ មានអមដោយក្រុមសណ្ដាប់ធ្នាប់ខណ្ឌរាប់សិបនាក់ ដែលតែងតែបណ្ដេញមេដឹកនាំគណបក្សប្រឆាំង និងអ្នកគាំទ្រគណបក្សប្រឆាំងចេញពីទីលានប្រជាធិបតេយ្យនៅឆ្នាំនេះ ដោយពេលខ្លះថែមទាំងប្រើអំពើហិង្សាទៀតផង។
ដោយសហជីពមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិនៅថ្ងៃនេះ និងដែលគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់មិនឲ្យបោះទីតាំងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាដែលនឹងមកដល់ឆាប់ៗនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ការដាក់ពង្រាយកម្លាំងសន្ដិសុខនេះគឺជាបទបញ្ជា។ លោកមានប្រសាសន៍ថា “យើងដាក់របាំងដើម្បីរារាំងសកម្មភាពអនាធិបតេយ្យ ដែលបំពានបម្រាមរបស់យើង“។
លោកបានមានប្រសាសន៍ទៀតថា ទីលានប្រជាធិបតេយ្យ គឺជាកន្លែងដែលត្រូវស៊ើបអង្កេតលើករណីកូដកម្មកាលពីខែមករា នៅលើកំណាត់ផ្លូវវេងស្រេង ដែលត្រូវបានបង្ក្រាបដោយហិង្សាដែលនៅពេលនោះ នគរបាលបានបាញ់ស្លាប់បាតុករប្រាំនាក់ និងហេតុការណ៍មួយទៀតកាលពីខែធ្នូ កន្លែងដែលព្រះសង្ឃបានដឹកនាំការហែក្បួនចេញពីចំណុចទីលាននេះ ដើម្បីឡោមព័ទ្ធសាលារាជធានី រារាំងមន្ត្រីសាលារាជធានីមិនឲ្យចាកចេញពីការិយាល័យរបស់ខ្លួន។
លោកបានបន្តថា “យើងចាំបាច់ត្រូវរក្សាទីតាំងនេះសម្រាប់ការស៊ើបអង្កេតដើម្បីវែកមុខរកអ្នកទទួលខុសត្រូវចំពោះការបង្កអំពើហិង្សាកាលពីពេលកន្លងទៅ។ នៅពេលប្រជាពលរដ្ឋប្រព្រឹត្តអំពើហិង្សានេះ គឺពួកគេបានចេញពីចំណុចទីលានប្រជាធិបតេយ្យ“។
រហូតមកទល់ពេលនេះ មិនទាន់មាននរណាម្នាក់ត្រូវបានចាប់ឲ្យទទួលខុសត្រូវចំពោះការសម្លាប់បាតុករប្រាំនាក់លើកំណាត់ផ្លូវវេងស្រេង ការធ្វើឲ្យបាតុករជាង៤០នាក់ទៀតរងរបួស ឬការស្លាប់អ្នកឈរមើលពីរនាក់ ដែលបានត្រូវគ្រាប់កាំភ្លើងនគរបាលក្នុងហេតុការណ៍បាតុកម្មដាច់ដោយឡែកពីគ្នាកាលពីចុងឆ្នាំមុននោះទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.បានសម្រេចកាលពីដើមខែនេះថា គ្មានគណបក្សណាមួយត្រូវបានអនុញ្ញាតឲ្យបោះទីតាំងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឡើយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសថា ខ្លួននឹងប្រើប្រាស់ទីលានប្រជាធិបតេយ្យធ្វើជាមូលដ្ឋានរបស់ខ្លួនជាថ្មីម្ដងទៀត។ រយៈពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត គឺចាប់ផ្ដើមពីថ្ងៃសុក្រ បន្តរហូតដល់ថ្ងៃទី១៦ ខែឧសភា។
កាលពីម្សិលមិញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានផ្ញើលិខិតមួយច្បាប់ទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ស្នើសុំឲ្យបន្តបម្រាមលើការជួបជុំនិងការហែក្បួននៅក្នុងរាជធានី។ លិខិតនេះក៏បញ្ជាក់ដែរថា សាលារាជធានីដែលគ្រប់គ្រងនគរបាលរាជធានី និងក្រុមសន្ដិសុខពាក់មួកសុវត្ថិភាព នឹងគាំទ្រសេចក្ដីសម្រេចណាមួយរបស់គណៈកម្មការនេះ។
លិខិតដែលមានហត្ថលេខារបស់លោក ប៉ា សុជាតិវង្ស នេះ មានខ្លឹមសារដូច្នេះថា “[គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ] មិនគួរអនុញ្ញាតឲ្យគណបក្សនយោបាយប្រមូលផ្ដុំគ្នា និងហែក្បួននៅតាមទីសាធារណៈឡើយ…។ ពួកគេគួរតែជួបជុំគ្នានៅការិយាល័យរបស់ពួកគេផ្ទាល់។ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការបញ្ឈប់សកម្មភាពបេក្ខជនឬតំណាងរាស្ត្រធ្វើយុទ្ធនាការដែលមិនគោរពតាមសេចក្ដីណែនាំស្របច្បាប់នេះ“។
លោក លន់ ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានមានប្រសាសន៍ថា លិខិតនេះត្រូវបានបញ្ជូនបន្តទៅ គ.ជ.ប. ដែលនឹងធ្វើសេចក្ដីសម្រេចលើសំណើនេះ។
អំឡុងបាតុកម្មរបស់គណបក្សប្រឆាំងកាលពីខែធ្នូ ដែលបានរួមបញ្ចូលគ្នាជាមួយបាតុកម្មរបស់កម្មករកាត់ដេរ កម្លាំងរបស់គណបក្សសង្គ្រោះជាតិក្រោយការបោះឆ្នោត គឺខ្លាំងជាងពេលណាៗទាំងអស់។ មហាបាតុកម្មប្រចាំថ្ងៃ ដែលបោះទីតាំងនៅទីលានប្រជាធិបតេយ្យ បានរីករាលដាលទៅជាការហែក្បួនពាសពេញរាជធានីដោយមានអ្នកចូលរួមរហូតដល់៥០.០០០នាក់។
កាលពីថ្ងៃអង្គារ គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍មួយលើកឡើងថា ពួកគេនឹងប្រើប្រាស់ទីលានប្រជាធិបតេយ្យជាថ្មីម្ដងទៀតធ្វើជាមូលដ្ឋាននៃការធ្វើយុទ្ធនាការឃោសនារបស់ខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា។
លោក យ៉ែម បុញ្ញប្ញទ្ធិ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រឆាំងនឹងមិនទទួលស្គាល់បម្រាមណាមួយលើការធ្វើយុទ្ធនាការឃោសនា និងការជួបជុំគ្នាឡើយ។
លោកបានមានប្រសាសន៍ទៀតថា “យុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់ត្រូវបានអនុញ្ញាតឲ្យមានចំណុចជួបជុំគ្នានៅក្នុងប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស។ យើងទទួលបានព័ត៌មាន [ស្ដីពីបម្រាមនេះ] ហើយ ប៉ុន្តែយើងនឹងនៅតែហែក្បួនដដែលនៅក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ពីព្រោះនេះគឺជាច្បាប់“។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនអាចធ្វើសេចក្ដីសម្រេចលើសំណើរបស់សាលារាជធានី ដើម្បីហាមប្រាមការជួបជុំគ្នានៅក្នុងរាជធានីបានឡើយ ពីព្រោះលោកមិនទាន់ទទួលបានលិខិតពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញនៅឡើយ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានមានប្រសាសន៍ថា សាលារាជធានីគ្មានសិទ្ធិអំណាចធ្វើសំណើបែបនេះទេ ហើយថា ចំណាត់ការណាមួយរបស់គ.ជ.ប. ក្នុងការដាក់បម្រាមលើការធ្វើយុទ្ធនាការ ឬការជួបជុំនៅក្នុងការបោះឆ្នោត គឺជាការល្មើសនឹងច្បាប់បោះឆ្នោត។ លោកមានប្រសាសន៍ថា “អាជ្ញាធររៀបចំការបោះឆ្នោតត្រូវតែអព្យាក្រឹត។ ពួកគេបានត្អូញត្អែរថា ពីមុនពួកគេ គឺជាខ្លាក្រដាស ហើយពេលនេះគឺជាឱកាសដើម្បីបង្ហាញថា ពួកគេមិនមែនទេ“។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “នៅក្នុងសង្គមប្រជាធិបតេយ្យ មានការគោរពចំពោះការបោះឆ្នោត។ ប៉ុន្តែនៅក្នុងប្រជាធិបតេយ្យផ្ដាច់ការ រដ្ឋាភិបាលប្រើប្រាស់អាជ្ញាធររៀបចំការបោះឆ្នោតសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន“៕ សុខុម