អគ្គិភ័យដ៏ខ្លាំងមួយនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញបានបំផ្លាញផ្ទះចំនួន២២ខ្នងកាលពីរំលងអធ្រាត្រម្សិលមិញ ខណៈដែលអ្នកភូមិបាននាំគ្នាពុះពារពន្លត់អណ្តាតភ្លើង ហើយក្រុមអ្នកពន្លត់អគ្គិភ័យប្រញាយគ្នាពន្លត់ដែរ។

លោក នេត វ៉ាន់ថា ប្រធានការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រ ខ្សែភ្លើងមួយបានដាច់ និងទុស្សេ។ ភ្លើងរាលដាលយ៉ាងលឿន បើទោះជាអ្នកភូមិប្រើទុយោទឹក គប់ដុំទឹកកក និងប្រើដំបងឈើ ដើម្បីពន្លត់អគ្គិភ័យ ខណៈដែលក្រុមពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុយឺតក្នុងសង្កាត់ច្បារអំពៅ២។
លោក វ៉ាន់ថា បានឲ្យដឹងថា “វាមានការលំបាកចូលដល់ទីនោះ ពីព្រោះផ្លូវតូចពេក។ យើងយឺតយ៉ាវ ពីព្រោះប្រជាពលរដ្ឋគ្មានលេខទូរស័ព្ទរបស់យើង ហើយមន្ត្រីមូលដ្ឋានមិនបានរាយការណ៍។ នោះហើយធ្វើឲ្យយើងមានការយឺតយ៉ាវក្នុងការពន្លត់អគ្គិភ័យ“។
នៅពេលទៅដល់ទីកន្លែង ដែលយ៉ាងហោចណាស់រយៈពេល១៥នាទី ក្នុងការពន្លត់អគ្គិភ័យ ក្រុមពន្លត់អគ្គិភ័យបានជួយសង្គ្រោះវត្តនៅក្បែរនោះមួយកន្លែងពីកន្លែងកើតមានអគ្គិភ័យ ប៉ុន្តែផ្ទះ២២ខ្នង និងហាងលក់គ្រឿងសង្ហារិមមួយកន្លែងត្រូវបានបំផ្លាញទាំងស្រុង។ គ្មាននរណាម្នាក់រងរបួសក្នុងអណ្ដាតភ្លើងនោះឡើយ។ លោក វ៉ាន់ថា បានមានប្រសាសន៍ថា “យើងបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ដើម្បីពន្លត់អគ្គិភ័យ ពីព្រោះភ្លើងឆេះខ្លាំងណាស់“។
លោក គឹម ហ៊ាន អាយុ៤៤ឆ្នាំជាម្ចាស់ហាងលក់គ្រឿងសង្ហារិម បានកកាយរកឈើដែលឆេះរោលកាលពីរសៀលម្សិលមិញ ដោយគ្រវីក្បាលហួសចិត្ត។ លោកបានឲ្យដឹងថា “ឈើទាំងអស់របស់ខ្ញុំត្រូវបានបំផ្លាញ។ ខ្ញុំខាតបង់ប្រាក់ច្រើនណាស់“។
អ្នកភូមិដែលពោរពេញដោយទឹកមុខក្រៀមកំ្រ កំពុងតែប្រមែប្រមូលរបស់របរនៅសេសសល់ពីអគ្គិភ័យកាលពីរសៀលម្សិលមិញ ដោយស្ដីបន្ទោសក្រុមយុវជនដែលប្រើគ្រឿងញៀនថា ជាអ្នកបង្កអគ្គិភ័យ។
ក៏ប៉ុន្តែលោកចៅសង្កាត់ យិន វុធ បានអះអាងថា អគ្គិភ័យនេះបង្កឡើងដោយការទុស្សេខ្សែភ្លើង។ លោក វុធ បានឲ្យដឹងថា “ប្រសិនបើគេជឿថា អគ្គិភ័យនេះផ្ដើមឡើងពីក្មេងគ្រឿងញៀន សូមប្រាប់យើងដើម្បីឲ្យយើងអាចចាប់ខ្លួនពួកគេ“៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ Alex Consiglio)