នគរបាលនៅក្នុងស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងកាលពីម្សិលមិញថា ពួកគេកំពុងតែស្វែងរកបុរសចំនួន១១នាក់ដែលគេស្គាល់ថា ជាជនសង្ស័យសំខាន់ៗក្នុងការសម្លាប់ឈ្មោះ ពៅ សុវណ្ណ អាយុ៣៦ឆ្នាំ ដែលត្រូវបានវាយនឹងដំបង និងគប់ដុំថ្មរហូតដល់ស្លាប់កាលពីថ្ងៃអាទិត្យ ដោយមនុស្សប្រហែល៦០០នាក់ ដែលចោទគាត់ថា ចេះអំពើអាបធ្មប់។
លោក ឃុត ឡូ នាយការិយាល័យនគរបាលព្រហ្មទណ្ឌស្រុកបានឲ្យដឹងកាលពីម្សិលមិញថា ” ជនសង្ស័យទាំង១១នាក់នេះ ដែលយើងបានកំណត់អត្តសញ្ញាណ បានរត់គេចខ្លួនកាលពីយប់ថ្ងៃអាទិត្យ នៅវេលាម៉ោងប្រហែល៨យប់ បន្ទាប់ពីសម្លាប់ជនរងគ្រោះ“។ លោកបានបន្ថែមថា ពួកគេនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន។
នគរបាលបានមើលឃើញការសម្លាប់លោក ពៅ សុវណ្ណ ដែលជាគ្រូឱសថបុរាណ ដែលចាប់ផ្ដើមឡើងដោយអ្នកភូមិមួយក្រុមមានគ្នាប្រមាណ២០០នាក់ ព័ទ្ធជុំវិញផ្ទះឪពុករបស់គាត់កាលពីថ្ងៃអាទិត្យ នៅម៉ោងប្រមាណ២រសៀល។ ខណៈដែលក្រុមមនុស្សកើនឡើងបន្តិចម្ដងៗរហូតដល់៦០០នាក់នៅកន្លែងកើតហេតុ នគរបាលបានឲ្យដឹងថា ពួកគេមិនអាចចូលអន្តរាគមន៍បានឡើយ។ បន្ទាប់ពីក្រុមមនុស្សដែលមានកំហឹងវាយដំជាច្រើនដងដោយព្រនង់ និងដុំថ្ម ពៅ សុវណ្ណ បានស្លាប់នៅម៉ោងប្រហែល៨យប់។
លោ ឃុត ឡូ បានឲ្យដឹងថា ជនសង្ស័យទាំងនេះជាសាច់ញាតិរបស់មនុស្សប្រាំពីរនាក់ដែលបានស្លាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយមិនបង្ហាញអាការជំងឺណាមួយ។ លោក ឃុត ឡូ បានមានប្រសាសន៍ថា ជនសង្ស័យ១១នាក់នេះបញ្ឆេះកំហឹងអ្នកភូមិផ្សេងទៀត ដោយប្រាប់ពួកគេថា ពៅ សុវណ្ណ ជាគ្រូអាបធ្មប់ដែលធ្វើអំពើបណ្ដាលឲ្យសមាជិកគ្រួសារផ្សេងទៀតស្លាប់។
លោក ចេន អូវើសេន នរវិទូដែលបានស្រាវជ្រាវតួនាទីនៃឱសថបុរាណក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ជារឿយៗគេតែងតែដឹងថា វាជាអាវុធមុខពីរដែលវាអាចព្យាបាលបាន ប៉ុន្តែក៏បង្កគ្រោះថ្នាក់ដែរ។ លោកបានលើកឡើងក្នុងអុីម៉េលមួយថា “គ្រូឱសថបុរាណតែងតែព្យាបាលជំងឺតាមរយៈឱសថបុរាណ និងមន្តអាគមអូមអាម“។
លោក អូវើសេន បានមានប្រសាសន៍ថា “ក៏ប៉ុន្តែគួរតែពិចារណាថា អ្នកស្រុកប្រហែលជាក្រីក្រ រៀនសូត្របានតិច ទទួលបានការព្យាបាលតិចតួច ឬគ្មានលទ្ធភាពទិញឱសថ ដូច្នេះយើងអាចយល់បានថា ពួកគេអស់សង្ឃឹមយ៉ាងខ្លាំងប្រសិនបើគ្រូឱសថបុរាណដែលពួកគេជឿទុកចិត្តបោះបង់ពួកគេចោល“។
ការសម្លាប់គ្រូអាបធ្មប់កើតមានជាទូទៅ៤០០ឆ្នាំមកហើយ ក៏ប៉ុន្តែកន្លងមកពួកគេត្រូវបានប្រហារជីវិតដោយរដ្ឋាភិបាលផ្ទាល់ នេះបើយោងតាមលោក វង់ សុធារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមច្បាប់ អ្នកដែលត្រូវចោទប្រកាន់ថា ជាគ្រូអាបធ្មប់ ដៃរបស់ពួកគេត្រូវបានគេចង ហើយញាត់ក្នុងបាវមុនពេលគ្រវែងចូលទៅក្នុងទឹក។
លោក សុធារ៉ា បានឲ្យដឹងថា ” ប្រសិនបើជនសង្ស័យទាំងនោះលិចទៅក្នុងទឹក នោះមានន័យថា ពួកគេអត់ចេះអំពើអាបធ្មប់នោះទេ។ ប៉ុន្តែ ប្រសិនបើជនសង្ស័យអណ្ដែត នោះមានន័យថា ពួកគេចេះអំពើអាបធ្មប់ ហើយត្រូវតែប្រហារជីវិត៕ ប៊ុននី