36 C
Phnom Penh

ក្រសួង​រ៉ែ និង​ថាមពល​អញ្ជើញ​ប្រធាន​អង្គការ​ម្នាក់មក​ជួប​ប្រជុំ​ពាក់ព័ន្ធ​កា​ររារាំង​ការ​សាងសង់​ទំនប់វារី​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​ត្រូវបាន​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល និង​​​​​ចុះថ្ងៃទី​​​២៥ ខែ​​​មេសា លិខិត​​​នេះ​​​អញ្ជើញ​​​លោក Alejandro Gonzalez-Davidson និង​​​សហ​ការី​របស់​​​លោក​​​ឲ្យ​​​មក​​​ពិភាក្សា​​អំពី​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង។

លោក ពេជ្រ ស៊ីយុន ប្រធាន​​​មន្ទីរ​​​រ៉ែ និង​​​ថា​​​ម​​​ពល​​​ខេត្ត​​​កោះ​​​កុង ​​​បាន​មាន​​​ប្រសាសន៍​​​ថា យើង​​​គ្រាន់​​​តែ​​​ចង់​​​សួរ​​​អំពី​​​ប្រវត្ត​​ិ​​​របស់​​​គាត់​​​ប៉ុណ្ណោះ​​​ថា គាត់​​​មក​ពី​ណា ហើយ​​​ហេតុអ្វី​​​បាន​​​ជា​​​គាត់​​​រារាំង​​​មិន​​​ឲ្យ​​​មាន​​ការ​អភិវឌ្ឍ​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​នេះ​​​

លោក Gonzalez-Davidson ប្រធាន​​​អង្គការ​​​ Mother Nature ជាអង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ផ្នែក​​​បរិស្ថាន​​​ បាន​​​ចំណាយ​​​ពេល​​​ជាច្រើន​​​ឆ្នាំ​​​ធ្វើការ​​​ជាមួយ​​​ក្រុ​​ម​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ភាគតិច​​​ជង ក្នុង​​​តំបន់​​​អារ៉ែង ហើយ​គាំ​ទ្រ​ឲ្យ​មាន​ជម្រើស​ផ្សេង​សម្រាប់​ការ​​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​នេះ​​​។

ទំនប់​​វារី​អគ្គិសនី​​​កម្លាំង​​​១០៨​​​មេ​ហ្គា​វ៉ាត់ ដែល​​​សាង​​​សង់​​​ដោយ​​​ក្រុម​​​ហ៊ុន Sinohydro (Cambodia) United របស់​​​ចិន​​​​​​​គ្រោង​បណ្ដេញ​​​ប្រជា​​​ជន​​​រាប់​​​រយ​​​គ្រួសារ​​​ចេញ​ពី​ដី​ដូន​​​តា​​​របស់​​​ខ្លួន និង​​​ធ្វើ​​​ឲ្យ​​​ជន់​​​លិច​​​តំបន់​ការ​​​​ពារ​​​ទំហំ​ប្រហែល​​​២០.០០០​​​ហិកតា រួម​​​ទាំង​​​ព្រៃ​ពិសិដ្ឋ របស់​​​ក្រុម​​​អ្នក​​​ភូមិ​​​ និង​​​ជា​​​ជម្រក​​​របស់​​​សត្វ​ក្រពើ​​​ភ្នំ ដែល​​​ជិត​​​ផុត​​​ពូជ​​​។

អ្នក​​​ភូមិ​​​ជា​ច្រើន​គ្រួសារ​​​ចង់​​​ឲ្យ​​​លុប​​​ចោល​​​គម្រោង​​​នេះ ហើយ​​​ពួក​គា​ត់​បាន​​​ឈរ​​​យាម​​​នៅ​​​ផ្លូវ​​​មួយ​​​ទៅកាន់​កន្លែង​សាង​សង់​​​គម្រោង​េនះ​ ដើម្បី​​ត្រៀម​​​បិទ​​​ផ្លូវ​​​ប្រសិន​​​បើ និង​​​នៅ​ពេល​​​ដែល​​​​​​ក្រុម​​​ហ៊ុន​ចាប់​ផ្តើម​ការ​សាង​សង់។

កាល​ពី​ខែ​កុម្ភៈ ក្រសួង​រ៉ែ​និង​ថាមពល​បាន​ចេញ​អាជ្ញាប័ណ្ណ​រយៈពេល​ប្រាំមួយ​ខែ​ដល់​ក្រុមហ៊ុន Sinohydro ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ចុះ​​​ទៅ​រុក​​​រក​​​រ៉ែ នៅ​​​ក្នុង​​​តំបន់​​​នោះ​​​។

លោក Gonzalez-Davidson បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​ទន្ទឹង​​​រង់​​​ចាំ​​​ទទួល​​​ព័ត៌មាន​​​បន្ថែម​​​ពី​មន្ត្រី​ទាំង​​​នោះ​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា ខ្ញុំ​នឹង​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​នោះ​​​មួយ​​​រយ​​​ភាគរយ​​​។ ទី១ ខ្ញុំ​អាច​​​មាន​​​ឱកាស​​​បន្ថែម​ទៀត​​​ដើម្បី​​​សិក្សា​​​អំពី​ការ​​​អភិវឌ្ឍ​​​គម្រោង​​​សាង​​​សង់​​​ទំនប់​វារី​អគ្គិសនី​​​​​​ស្ទឹង​​​ឆាយ​​​អារ៉ែង។ ទី២ ខ្ញុំ​​​អាច​​​មាន​​​ឱកាស​​​ប្រាប់​ពួក​គេ​​​អំពី​​​​សក្តានុ​ពល​ផ្សេង​ទៀត​​នៃ​​​តំបន់​​​អារ៉ែង

ប៉ុន្តែ​​​សមាជិក​​​សហគមន៍​​​លើក​​​ឡើង​​​ថា ពួកគាត់​​​បារម្ភថា ការ​​​អញ្ជើញ​​​នេះអាច​​​មាន​​​ផល​​​អវិជ្ជមាន​​​។  លោក វ៉ែន វ៉ន តំណាង​ជន​ជាតិ​​​ភាគតិច​​​ជង​​​​​​បាន​​​និយាយ​​​ថា ” ខ្ញុំគិត​​​ថា វា​​​ជា​ការ​​​បំភិត​​​បំភ័យ​​​លោក Gonzalez-Davidson ពីព្រោះ​​​គាត់​​​តែង​​​តែ​​​មក​ជួយ​​​ក្រុម​​​អ្នក​​​ភូមិ​​​ឲ្យ​​​ជំទាស់​​នឹង​​​គម្រោង​​​សាង​​​សង់​​​ទំនប់​វារី​អគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង​​​នេះ​។ យើង​​​បារម្ភ​ខ្លាច​ពួក​គេ​ចាប់​​​ខ្លួន​​​លោក Gonzalez-Davidson”៕ សារុន 

(រាយការណ៍​​​បន្ថែ​​​​ម​​​ដោយ Zsombor Peter)​​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស