កាលពីម្សិលមិញ មន្ត្រីសហជីពបានបន្តគម្រោងជួបជុំគ្នានៅទិវាពលកម្មអន្តរជាតិនៅថ្ងៃនេះ ប៉ុន្តែបានលើកឡើងថា ពួកគេនឹងមិនជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញទេ បន្ទាប់ពីអាជ្ញាធរបានរាយលួសបន្លានៅជុំវិញកន្លែងតវ៉ានោះកាលពីម្សិលមិញ។

ទោះជាយ៉ាងណា មន្ត្រីសាលារាជធានីបានបញ្ជាក់ឡើងវិញកាលពីម្សិលមិញថា បម្រាមមិនឲ្យមានការជួបជុំគ្នាជាសាធារណៈនេះនៅអនុវត្តយ៉ាងតឹងរុឹងដដែល។
លោក ឯក សុខភក្ដី អគ្គលេខាធិការសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានមានប្រសាសន៍ថា ពួកគេបានសម្រេចទៅជួបជុំគ្នានៅខាងមុខរដ្ឋសភាវិញ ហើយគេរំពឹងថា កម្មករមកពីតាមបណ្ដាខេត្តនឹងមកជួបជុំគ្នានៅក្នុងរាជធានីដដែល ទោះជាមានបម្រាមនេះក៏ដោយ។
កម្មករនឹងទាមទារដំឡើងប្រាក់ខែគោល និងទាមទារឲ្យដោះលែងកម្មកររោងចក្រកាត់ដេរនិងសកម្មជន ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធការធ្វើកូដកម្មកាលពីខែមករា។
លោក សុខភក្ដី បានមានប្រសាសន៍ថា “កម្មករនឹងទៅជួបជុំគ្នានៅទីនោះនៅម៉ោង៨ព្រឹក។យើងនឹងហែក្បួនទៅកាន់ការិយាល័យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំ២១នាក់ និងលើកលែងការចោទប្រកាន់លើមនុស្សទាំង២៣នាក់ ព្រមទាំងឲ្យពិភាក្សាឡើងវិញអំពីប្រាក់ខែគោល១៦០ដុល្លារ“។
លោកបានមានប្រសាសន៍ថា កម្មករប្រហែល៥.០០០នាក់មកពីខេត្តកំពង់ចាម ព្រៃវែង កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងនឹងមកចូលរួម ដែលជាការបំពានបម្រាមមិនឲ្យមានការជួបជុំគ្នាជាសាធារណៈ ដែលបានដាក់ចាប់តាំងពីខែមករាមក។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជាបានមានប្រសាសន៍ថា សហជីពនិងសមាគមចំនួន១៧ កំពុងកៀងគរកម្មករឲ្យមកជួបជុំគ្នា។
មេដឹកនាំសហជីពរូបនេះបានមានប្រសាសន៍ថា “យើងមិនបារម្ភអំពីការបង្ក្រាបទេ ពីព្រោះយើងធ្វើការតវ៉ាដោយសន្ដិវិធី និងអហិង្សា“។
ចាប់តាំងពីខែវិច្ឆិកាមក អាជ្ញាធរបានបង្ក្រាបការតវ៉ាក្នុងវិស័យកាត់ដេរពីរលើកដោយហិង្សា បណ្តាលឲ្យមានការបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ក៏ប្រាំមួយនាក់ដែរ។
អាជ្ញាធរមិនបានចាប់ខ្លួនជនណាម្នាក់ឡើយ ប៉ុន្តែមន្ត្រីសហជីព និងសកម្មជនការងារ២៣នាក់ត្រូវបានយកមកជំនុំជម្រះពាក់ព័ន្ធនឹងការធ្វើកូដកម្មកាលពីខែមករា។ ក្មេងជំទង់ពីរនាក់ក៏ត្រូវបានផ្ដន្ទាទោសចំពោះការជាប់ពាក់ព័ន្ធនឹងការតវ៉ាកាលពីខែវិច្ឆិកាផងដែរ។
កាលពីម្សិលមិញ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា ការជួបជុំគ្នាតាមការគ្រោងទុកនៅថ្ងៃនេះក៏មិនត្រូវបានអនុញ្ញាតដែរ។
ដោយសំដៅដល់កន្លែងមួយក្នុងចំណោមកន្លែងដែលមានការបង្ក្រាបទៅលើការតវ៉ាកាលពីខែមករា បទបញ្ជានោះលើកឡើងថា សាលារាជធានី នឹង“មិនអនុញ្ញាតឲ្យសហជីពធ្វើការតវ៉ានៅថ្ងៃនេះនៅទីលានប្រជាធិបតេយ្យ ឬនៅទីសាធារណៈផ្សេងទៀតឡើយ ពីព្រោះទីលានប្រជាធិបតេយ្យកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់គណៈកម្មការមួយពាក់ព័ន្ធនឹងការប្រើអំពើហិង្សានៅផ្លូវវេងស្រេង“។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា អាជ្ញាធររបស់លោកត្រៀមអនុវត្តបទបញ្ជា។
លោកបានមានប្រសាសន៍ថា “យើងនឹងរារាំងពួកគេមិនឲ្យធ្វើការតវ៉ាទេ ពីព្រោះអាជ្ញាធរមិនអនុញ្ញាតឲ្យពួកគេធ្វើឡើយ។ ប្រសិនបើមានបទល្មើសកើតឡើង យើងនឹងចាប់ខ្លួន“។
ខណៈដែលមានការរាយលួសបន្លាព័ទ្ធជុំវិញទីលានប្រជាធិបតេយ្យកាលពីព្រឹកម្សិលមិញ ដើម្បីរារាំងមិនឲ្យមានការជួបជុំគ្នានៅទិវាពលកម្មអន្តរជាតិនៅថ្ងៃនេះ រដ្ឋាភិបាលក៏បានរៀបចំពិធីនេះតាមវិធីរបស់ខ្លួនផងដែរ។
មានការចងបដាជាច្រើននៅតាមមហាវិថីព្រះនរោត្តមនិងមហាវិថីសហព័ន្ធរុស្ស៊ីក្នុងរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋ “កុំចូលរួមបាតុកម្មហិង្សាខុសច្បាប់” “រួមគ្នាទប់ស្កាត់ករណីគ្រោះថ្នាក់ការងារ ការដួលសន្លប់ និងគ្រោះថ្នាក់ចរាចរណ៍” ហើយ “គោរពច្បាប់ស្ដីពីការងារ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍រួមរបស់កម្មករនិងនិយោជក“។
នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារក៏បានកោតសរសើរអំពីការរីកចម្រើននៃវិស័យសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបានព្រមានថា ការប្រារព្ធទិវាពលកម្មអន្តរជាតិគួរតែបង្អន់។
លោកបានមានប្រសាសន៍ថា “យើងត្រូវប្រារព្ធទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ខែឧសភា ក្នុងបរិកាសសប្បាយរីករាយ និងរាក់ទាក់ ហើយចៀសវាងការយកឱកាសនេះ ដើម្បីជំរុញ ឬញុះញង់សាធារណជនឲ្យប្រព្រឹត្តបទល្មើស អំពើមនុស្សឃាត ឬការតវ៉ាដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខសង្គម“។
សុន្ទរកថានេះអមដោយចម្រៀងអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ជាភរិយារបស់លោកដែលបានធ្វើការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រទេសជាតិតាមរយៈការជីកប្រឡាយ ការបង្កើតការងារ និងរោងចក្រជាដើម។
សុន្ទរកថានេះមានខ្លឹមសារថា “យើងបានបញ្ចប់ការសិក្សាហើយទទួលបានការងារល្អ ឥឡូវនេះយើងមានជីវភាពរស់នៅសមរម្យ ហើយយើងកំពុងដើរតាមផ្លូវត្រូវ“៕ សារុន
(រាយការណ៍បន្ថែមដោយ Lauren Crothers)