ដំបូងនគរបាលបានរាយការណ៍ថា ឈ្មោះ ជា ភិន អាយុ៣៥ឆ្នាំបានលួចគាស់ចូលក្នុងផ្ទះមួយនៅសង្កាត់ទន្លេបាសាក់ នៅពេលទៀបភ្លឺឈានចូលព្រឹកថ្ងៃច័ន្ទ ហើយបានចាក់ឈ្មោះ ដាបណា បៀដសេន ( Daphna Beerdsen) រហូតដល់ស្លាប់ បន្ទាប់ពីគាត់បានឃើញជននេះកំពុងតែព្យាយាមលួចកង់មួយគ្រឿង។
ក៏ប៉ុន្តែលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា ជនដៃដល់ពិតជាបានព្យាយាមប្រព្រឹត្តអំពើប្លន់យកកង់ទាំងថ្ងៃ ហើយបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច្នោះមែន។ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “យោងតាមចម្លើយសារភាពបានឲ្យដឹងថា បុរសរូបនេះបានដើរកាត់ផ្ទះរបស់ជនរងគ្រោះឃើញមាត់ច្រកចំហ ហើយក៏ចង់លួចយកកង់”។ លោកបានបន្ថែមថា ឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្តនៅម៉ោងប្រហែល៣រសៀល មិនមែនម៉ោង៣ទៀបភ្លឺដូចដែលត្រូវបានរាយការណ៍ពីមុននោះទេ។
លោកបានមានប្រសាសន៍ថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ឈ្មោះ ដាបណា បៀដសេន បានប្រើប្រដាប់បោសធូលីវាយទៅលើចោរ ហើយចោរក៏យកទួណឺវីសចាក់ទៅលើជនរងគ្រោះត្រូវប្រាំមួយកន្លែង។
កូនស្រីអាយុ១៩ខែឈ្មោះ ដាណា (Dana) របស់ ដាបណា បៀដសេន ក៏ត្រូវបានជនសង្ស័យចាក់ដែរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Bangkok General Hospital ជាមួយឪពុករបស់នាងគឺលោក ចូរីស អូឡេ (Joris Oele) ដែលមិនបានស្ថិតនៅភ្នំពេញទេ ពេលមានឃាតកម្មនេះកើតឡើង។ ដាណា ត្រូវបានព្យាបាលរបួសដងខ្លួន និងក្បាលរបស់នាងស្ថិតក្នុងស្ថានភាពយ៉ាបយ៉ឺននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃពុធ។ មន្ទីរពេទ្យបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់នាងឡើយកាលពីម្សិលមិញ។
លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ជា ភិន បានសារភាពថា ខ្លួនពិតជាបានចាក់កុមារីនេះមែន។ លោកបានឲ្យដឹងថា “យោងតាមចម្លើយសារភាព [ជា ភិន] គ្មានបំណងចាក់កុមារីនេះទេ ក៏ប៉ុន្តែជនរងគ្រោះប្រហែលជាកំពុងតែបីកូន នៅពេលមានការប្រវាយប្រតប់គ្នា”។
លោកក៏បានឲ្យដឹងដែរថា អ្នកឲ្យការណ៍ម្នាក់បាននាំឲ្យប៉ូលិសទៅដល់វត្តបទុម ជាទីដែល ជា ភិន ត្រូវបានគេឃើញមានកាបូបដៃ អត្តសញ្ញាណប័ណ្ណ និងកុំព្យូទ័រយួរដៃរបស់ ដាបណា បៀដសេន។ លោកបានមានប្រសាសន៍ថា “មនុស្សទាំងនេះបានឃើញបុរសរូបនេះមានរបស់ទាំងនេះនៅជាប់នឹងខ្លួនដែលរូបគេមិនដែលមានពីមុនមក ដូច្នេះពួកគេក៏មានការសង្ស័យ”។
លោក អេង សុភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដែលបានសន្យាថា ធ្វើសន្និសីទសារព័ត៌មានកាលពីម្សិលមិញអំពីការចាប់ខ្លួននេះបានមានប្រសាសន៍តាមទូរស័ព្ទថា នគរបាលដឹងថា ជា ភិន ជាឧក្រិដ្ឋជនកំប៉ិកកំប៉ុក ហើយត្រូវបានដោះលែងពីពន្ធនាគារថ្មីៗនេះ។ លោកបានមានប្រសាសន៍ថា “ជនសង្ស័យជាជនកំព្រា ហើយគ្មានកន្លែងពិតប្រាកដរស់នៅនោះទេ”។
ជននេះជាប់ពន្ធនាគារក្នុងឆ្នាំ១៩៩៧ ពីបទចោរកម្ម ហើយក្នុងឆ្នាំ២០០៧ ជននេះជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំពីបទប្លន់ ហើយទើបតែចេញពីគុក។ បន្ថែមពីលើនេះ ជននេះជាអ្នកប្រើគ្រឿងញៀន។ លោកបានមានប្រសាសន៍ថា ជា ភិន ត្រូវបានចាប់ខ្លួននៅមុខវត្តបទុម កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែលោកបានបដិសេធមិនផ្ដល់សេចក្ដីលម្អិតថា តើនគរបាលតាមដានជននេះរបៀបណានោះទេ។ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន និងរស់នៅក្នុងវត្តបទុម។
ឧបាសកនិងព្រះសង្ឃមួយចំនួននៅក្នុងវត្តនេះបានឲ្យដឹងកាលពីម្សិលមិញថា ពួកគាត់និងព្រះសង្ឃមិនស្គាល់ ជា ភិន ហេតុការណ៍ជុំវិញការចាប់ខ្លួន ឬឃាតកម្មនោះទេ។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជា ភិន នឹងត្រូវនាំខ្លួនទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ៕ ប៊ុននី