នគរបាលនិយាយថា សាកសពអ្នកកាសែត និងជាផលិតករភាពយន្តជនជាតិកាណាដា ម្នាក់ឈ្មោះ ដេវ វ៉កឃើ (Dave Walker) ដែលបានបាត់ខ្លួននៅក្នុងខេត្តសៀមរាប កាលពីជាងពីរខែមុន ត្រូវបានប្រទះឃើញកាលពីព្រឹកម្សិលមិញ នៅក្នុងបរិវេណប្រាសាទអង្គរធំ។
លោក ចៅ ម៉ៅវីរៈ នាយការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាបបានមានប្រសាសន៍ថា ក្មេងជំទង់ពីរនាក់ ដែលបានចូលទៅតំបន់ព្រៃនៃឧទ្យានអង្គរ ដើម្បីរកបេះផ្លែឈើ បានប្រទះឃើញសាកសពរលួយសាច់អស់មើលលែងស្គាល់នេះនៅម៉ោង៦ និង៣០នាទីព្រឹក ហើយបានរត់ចម្ងាយផ្លូវកន្លះគីឡូម៉ែត្រដើម្បីប្រាប់នគរបាលមូលដ្ឋាន។
លោកមានប្រសាសន៍ថា “យើងទទួលបានព័ត៌មាននៅម៉ោង៧ និង៣០នាទីព្រឹកថា សាកសពមួយត្រូវបានប្រទះឃើញនៅក្នុងបរិវេណអង្គរធំ ចម្ងាយប្រហែល២៥០ម៉ែត្រពីផ្លូវចូល នៅក្នុងតំបន់ព្រៃតូចមួយ” ។ តំបន់ខាងលើនេះត្រូវបាននគរបាលបិទមិនឲ្យចេញចូលទេ ហើយសាកសពនឹងត្រូវរក្សាទុកនៅកន្លែងដើមដដែល ខណៈពេលនគរបាលកំពុងរង់ចាំគ្រូពេទ្យកោសល្យវិច័យមួយរូបមកពីក្រុងបាងកក ដែលនឹងមកដល់នៅថ្ងៃនេះតាមសំណើរបស់ស្ថានទូតកាណាដា ប្រចាំប្រទេសថៃ។
លោក ដេវ វ៉កឃើ អាយុ៥៨ឆ្នាំ ដែលរស់នៅក្នុងប្រទេសកម្ពុជានិងដែលធ្វើដំណើរចេញចូលក្រៅប្រទេសទៅមកៗអស់រយៈពេលពីរទសវត្សរ៍មកនេះ បានបាត់ខ្លួនដោយគ្មានតម្រុយ បន្ទាប់ពីចាកចេញពីផ្ទះសំណាក់ដែលគាត់ស្នាក់នៅក្នុងក្រុងសៀមរាបកាលពីថ្ងៃទី១៤ ខែកុម្ភៈ ខណៈពេលបុគ្គលិកផ្ទះសំណាក់បោសសម្អាតបន្ទប់របស់គាត់។ គាត់បានចាកចេញពីផ្ទះសំណាក់ដោយទុករបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនដូចជាទូរស័ព្ទ កុំព្យូទ័រយួរដៃ និងលិខិតឆ្លងដែននៅទីនោះ។
លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបបានមានប្រសាសន៍ថា កាលពីព្រឹកម្សិលមិញ ម្ចាស់ផ្ទះសំណាក់យីហោ Green Village Angkor Guesthouse រួមជាមួយមិត្តភក្ដិនិងជាដៃគូរកស៊ីរបស់ជនរងគ្រោះ បានអមដំណើរជាមួយនគរបាលទៅកាន់ទីតាំងទេសចរណ៍ដ៏ពេញនិយមនេះ ដើម្បីជួយកំណត់អត្តសញ្ញាណសាកសព។
លោកបានលើកឡើងថា “មិត្តភក្ដិរបស់គាត់និងម្ចាស់ផ្ទះសំណាក់បានអះអាងថា សាកសពនេះ គឺជាអ្នកកាសែតរូបនោះ ពីព្រោះគាត់ស្លៀកសម្លៀកបំពាក់ផ្ទាល់ខ្លួនដូចដែលគាត់បានស្លៀកពាក់នៅថ្ងៃគាត់បាត់ខ្លួន” ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “រហូតមកទល់ពេលនេះ នគរបាលរបស់យើងមិនទាន់សន្និដ្ឋានបានថា តើការស្លាប់នេះបណ្ដាលមកពីឃាតកម្ម ឬដោយធម្មជាតិនោះទេ ពីព្រោះយើងកំពុងរង់ចាំការវិភាគសាកសពដោយអ្នកជំនាញមកពីប្រទេសថៃ”។
សេចក្ដីថ្លែងការណ៍មួយចេញដោយក្រុមគ្រួសារជនរងគ្រោះកាលពីម្សិលមិញបានលើកឡើងថា គ្រូពេទ្យជំនាញម្នាក់បានពិនិត្យសាកសពនេះតាមសំណើរបស់ពួកគេ ប៉ុន្តែគ្រូពេទ្យជំនាញនោះមិនអាចកំណត់ដឹងពីមូលហេតុនៃការស្លាប់ទេ ហើយថា អ្នកជំនាញខាងកោសល្យវិច័យម្នាក់ទៀតនឹងត្រូវនាំមកពិនិត្យសាកសពនេះដើម្បីកំណត់រកមូលហេតុ និងពេលវេលានៃការស្លាប់។
សេចក្ដីថ្លែងការណ៍ដដែលមានខ្លឹមសារដូច្នេះថា “គ្រួសាររបស់លោក ដេវ វ៉កឃើ សូមស្នើឲ្យអាជ្ញាធរកម្ពុជាបន្តការខំប្រឹងប្រែងរបស់ខ្លួនដើម្បីកំណត់រកមូលហេតុនៃការបាត់ខ្លួននិងការស្លាប់របស់លោក ដេវ ហើយក្រុមគ្រួសារនិងអ្នកជាទីស្រឡាញ់របស់លោក ដេវ សូមស្នើទៅរដ្ឋាភិបាលកាណាដា មេត្តាចាប់ផ្ដើមស៊ើបអង្កេតជាផ្លូវការនៅពេលនេះ ដើម្បីនាំខ្លួនជនទទួលខុសត្រូវចំពោះការស្លាប់របស់លោក ដេវ មកផ្ដន្ទាទោស”។
ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា ពេលនេះវាឆាប់រហ័សពេក មិនអាចកំណត់ដឹងបានថា តើការស្លាប់របស់អ្នកកាសែតរូបនេះជាករណីឃាតកម្ម ឬយ៉ាងណាបាននៅឡើយទេ។ លោកបានមានប្រសាសន៍ទៀតថា សាកសពរលួយសាច់ខ្លាំងពេកធ្វើឲ្យនគរបាលកម្ពុជា មិនអាចឈានដល់ការសន្និដ្ឋានអំពីមូលហេតុនៃការស្លាប់បានទេ។
លោកបានបន្តថា “សាកសពនេះត្រូវបានប្រទះឃើញបន្ទាប់ពីរយៈពេលពីរខែ ជាហេតុធ្វើឲ្យនគរបាលកម្ពុជាមានការពិបាក។ ប៉ុន្តែយើងបានរាយការណ៍ទៅស្ថានទូតកាណាដា រួចហើយ ហើយពួកគេនឹងបញ្ជូនក្រុមកោសល្យវិច័យនិងនគរបាលស៊ើបអង្កេតពីកាណាដា ហើយយើងនឹងសហការជាមួយពួកគេ ”។
ការបាត់ខ្លួនរបស់លោក ដេវ វ៉កឃើ បានធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្ដិរបស់គាត់ព្រមទាំងនគរបាលស្រឡាំងកាំងរហូតដល់ពេលប្រទះឃើញសពជនរងគ្រោះកាលពីម្សិលមិញ ហើយពេលនេះនគរបាលមិនទាន់មានភ័ស្ដុតាងដើម្បីស្រាយអាថ៌កំបាំងនៃការស្លាប់របស់គាត់នៅឡើយទេ។
ដោយមានដើមកំណើតនៅក្នុងទីក្រុងអេដម៉ុនថុន (Edmonton) ប្រទេសកាណាដា លោក ដេវ វ៉កឃើ មានទំនាក់ទំនងជាយូរមកហើយជាមួយកម្ពុជា ដែលបានចាប់ផ្ដើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលនៅពេលនោះ គាត់បានធ្វើជាអ្នកស៊ើបអង្កេតឲ្យគ្រួសារជនភៀសខ្លួនកម្ពុជាមួយរស់នៅក្នុងប្រទេសកាណាដា ហើយបានរកឃើញកូនស្រីវ័យ១៥ឆ្នាំរបស់ពួកគេនៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ដោយជោគជ័យ។
កាលពីខែកក្កដា ឆ្នាំ២០១២ គាត់បានបង្កើតក្រុមហ៊ុនផលិតខ្សែភាពយន្តឯករាជ្យមួយឈ្មោះថា Animist Farm Films ហើយគាត់បានផលិតភាពយន្តឯកសារមួយស្ដីពីរបបខ្មែរក្រហម ជាមួយដៃគូរកស៊ីរបស់គាត់ឈ្មោះ ឈួន សូនី អាយុ៣៧ឆ្នាំ ដែលបានជួយនគរបាលកំណត់អត្តសញ្ញាណសាកសពនេះ។
លោក ឈួន សូនី បានលើកឡើងថា គាត់សង្ឃឹមថា មិត្តភក្ដិរូបនេះដែលគាត់បានស្គាល់ជាយូរឆ្នាំមកហើយ នឹងទទួលបានការស៊ើបអង្កេតដែលស័ក្ដិសម។ គាត់និយាយថា “ខ្ញុំសង្ឃឹមថា នគរបាលមិនចេះតែបញ្ចប់សំណុំរឿងនេះឆាប់ៗនោះទេ ទោះជាខ្ញុំចំណាំសម្លៀកបំពាក់ និងស្បែកជើងរបស់គាត់បានក៏ដោយ។ ក្រៅពីនេះ ខ្ញុំពិតជាមិនអាចប្រាប់បានថា តើសពនេះជាគាត់ ឬមិនមែននោះទេ” ។
គាត់និយាយទៀតថា “មានសំណួរជាច្រើនដូចជា តើគាត់ទៅអង្គរធំដោយរបៀបណា តើគាត់ដើរ ជិះធុកៗ គាត់បានទិញសំបុត្រចូលទស្សនាឧទ្យាននេះឬយ៉ាងណា? ប៉ុន្តែភាគច្រើន ខ្ញុំគ្រាន់តែចង់ឲ្យសាកសពរបស់គាត់និងសំណុំរឿងនេះត្រូវបានដោះស្រាយប្រកបដោយវិជ្ជាជីវៈប៉ុណ្ណោះ ”៕ សុខុម
(រាយការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ)