ការប្រារព្ធទិវាពលកម្មអន្តរជាតិអហិង្សាបានក្លាយជាហិង្សាកាលពីព្រឹកម្សិលមិញ នៅពេលដែលអាជ្ញាធរបានវាយអ្នកធ្វើដំណើរឆ្លងកាត់ និងអ្នកតវ៉ាអហិង្សានៅជិតទីលានប្រជាធិបតេយ្យដោយគ្មានមូលហេតុ។

យ៉ាងតិចមនុស្សប្រាំនាក់បានរងរបួសធ្ងន់ និងមនុស្សជាច្រើននាក់ទៀតរួមទាំងអ្នកកាសែតផងបានរងរបួសស្រាលដោយសារសន្តិសុខខណ្ឌដូនពេញដែលបានដេញវាយមនុស្សដោយមិនរើសមុខនៅពេលដែលពួកគេព្យាយាមបំបែកកម្មករនិងអ្នកគាំទ្រជាក្រុមតូចៗ ដែលបានជួបជុំគ្នាដើម្បីទាមទារដំឡើងប្រាក់ខែ និងឲ្យមានការការពារសិទ្ធិរបស់ពួកគេបានល្អប្រសើរ។
អ្នកតវ៉ាដែលបានទៅដល់ទីលានប្រជាធិបតេយ្យដែលបិទជិត និងកន្លែងផ្សេងៗទៀតនៅក្នុងទីក្រុងមានការស្រងាកចិត្តចំពោះវត្តមានដ៏ច្រើនរបស់នគរបាលដែលមានបំណងបង្ក្រាបការប្រារព្ធទិវាពលកម្មអន្្តរជាតិប្រចាំឆ្នាំដោយអហិង្សា និងដោយសប្បាយរីករាយដែលមានការចូលរួមពីកម្មករ គ្រូបង្រៀន សិស្ស និស្សិត និងសកម្មជនរាប់ពាន់នាក់។
កម្មកររោងចក្រកាត់ដេរឈ្មោះ ណេត អាយុ២២ឆ្នាំដែលបានចូលរួមការជួបជុំគ្នាកាលពីម្សិលមិញដើម្បីទាមទារដំឡើងប្រាក់ខែគោលបាននិយាយថា “ហេតុអ្វីបានជាពួកគេបិទផ្លូវពេលយើងប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ?។នៅពេលយើងធ្វើអ្វីមួយ អាជ្ញាធរនិយាយថា ខុសច្បាប់។ ប៉ុន្តែ នៅពេលដែលពួកគេធ្វើអ្វីមួយ ពួកគេត្រូវជានិច្ច”។
ក្នុងចំណោមអ្នករងរបួសទាំងនោះគឺឈ្មោះ អឹុម រ៉ូលី អាយុ៣៤ឆ្នាំ ដែលបាននិយាយថា គាត់មិនបានចូលរួមការជួបជុំគ្នានេះទេ ប៉ុន្តែ នគរបាលប្រហែល២០នាក់បានដេញតាមគាត់ និងបានទាញគាត់ចេញពីម៉ូតូនៅពេលគាត់ជិះម៉ូតូតាមមហាវិថីសហព័ន្ធរុស្សី។ លោក រ៉ូលី បានរងរបួសក្បាល និងដងខ្លួនដោយសារការវាយដំជាច្រើនដំបង និងការទាត់ធាក់។
គាត់បាននិយាយតាមទូរស័ព្ទកាលពីល្ងាចម្សិលមិញថា “ប្រទេសរបស់យើងដូចជាគ្មានច្បាប់ទម្លាប់ទេ ពីព្រោះពួកគេអាចវាយមនុស្សតាមអំពើចិត្តដោយគ្មានមូលហេតុ”។
យោងតាមលោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា មនុស្សភាគច្រើនក្នុងចំណោមអ្នករងរបួសធ្ងន់ទាំង៥នាក់នោះគឺជាអ្នកឈរមើលហេតុការណ៍។
ដោយឡែកពីនេះ អ្នកកាសែតម្នាក់ត្រូវបានទះចំមុខ និងម្នាក់ទៀតត្រូវបានវាយនឹងដំបងចំជើង នេះបើយោងតាមក្លឹបអ្នកកាសែតបរទេសនៅកម្ពុជាដែលបានថ្កោលទោសអំពើហិង្សានេះ។ មន្ត្រីក្រុងនិងមន្ត្រីនគរបាលជាន់ខ្ពស់បាននិយាយការពារហេតុការណ៍នេះ ហើយប្រធានសន្តិសុខខណ្ឌចាត់ទុកថា វាជារឿងតូចតាច។
លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញបាននិយាយថា “អ្នកដែលត្រូវគេវាយទាំងនោះប្រហែលជាមនុស្សដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់យើង។ វាជារឿងតូចតាច ពីព្រោះពួកគេបំពានបម្រាមរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានី”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបាននិយាយថា លោកមិនបានដឹងអំពីការវាយដំនេះទេ ហើយមិនអាចធ្វើការអត្ថាធិប្បាយអំពីរឿងនេះបានទេ ប៉ុន្តែ បាននិយាយការពារវត្តមានដ៏ច្រើនរបស់នគរបាល។លោកបាននិយាយថា “ដោយសារពួកគេបំពានបម្រាមរបស់សាលារាជធានី ដូច្នេះយើងប្រើអាជ្ញាធរឲ្យរារាំងពួកគេមិនឲ្យហែក្បួន”។
ការជួបជុំគ្នានៅថ្ងៃម្សិលមិញ ដែលអាជ្ញាធរបានព្រមានកាលពីថ្ងៃពុធថា នឹងមិនអត់ឱនឲ្យដោយសារមានបម្រាមមិនឲ្យជួបជុំគ្នាជាសាធារណៈនោះ បានចាប់ផ្តើមនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា។ កាលពីថ្ងៃទី៣ ខែមករា អាជ្ញាធរបានបង្ក្រាបយ៉ាងឃោរឃៅទៅលើការប៉ះទង្គិចគ្នានៅទីនោះដោយហិង្សា និងបានបាញ់សម្លាប់អ្នកតវ៉ាយ៉ាងតិចប្រាំនាក់ និងបាញ់ឲ្យរងរបួសរាប់សិបនាក់ទៀត។ កាលពីម្សិលមិញ នៅម៉ោងប្រហែល៨ព្រឹក មេដឹកនាំគណបក្សប្រឆាំងបានធ្វើពិធីបួងសួងសម្រាប់អ្នកស្លាប់។
នៅពេលដែលពួកគេបួងសួង ឈីវ ផានិត អាយុ២០ឆ្នាំដែលជាភរិយាមេម៉ាយរបស់សម រ៉ាវី ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី៣ ខែមករាបានយំរហូតដល់ចប់ពិធីនោះ។
កម្មករប្រហែល៣០០នាក់បានប្រមូលផ្តុំគ្នានៅជំុវិញកន្លែងបួងសួងនោះរយៈពេលកន្លះម៉ោង រីឯកម្មកររោងចក្រកាត់ដេរជាច្រើននាក់បានឈរតម្រង់ជួរនៅមុខរោងចក្រមួយចំនួន ទៀតនៅតាមផ្លូវវេងស្រេង។ នៅពីក្រោយពួកគេមានសំឡេងតន្ត្រីចេញពីរោងចក្រដែលម្ចាស់រោងចក្របានរៀបចំពិធីសម្រាប់ទិវាពលកម្មអន្តរជាតិ។ នៅតាមផ្លូវនោះក៏មានទាហានប្រហែល២០ទៅ៣០នាក់ល្បាតផងដែរ។

មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខា បានឡើងទៅលើដំបូលរថយន្តទំនើបមួយគ្រឿងថ្លែងទៅកាន់អ្នកចូលរួម ប្រាប់ពួកគេកុំឲ្យរួញរាចំពោះការសម្លាប់មនុស្សទាំងនេះ។
លោក សម រង្ស៊ី បានស្រែកថា “យើងមិនភ្លេចអ្នកដែលបានព្យាយាមទាមទារដំឡើងប្រាក់ខែ ហើយបានស្លាប់នោះទេ។ ពួកគេគឺជាវីរបុរសរបស់កម្មករផ្សេងទៀត។ពួកគេគ្រាន់តែទាមទារប្រាក់បន្ថែម ហេតុអ្វីបានជាសម្លាប់ពួកគេ?”។
នៅពេលមេដឹកនាំគណបក្សទាំងពីរថ្លែងទៅកាន់អ្នកចូលរួមនៅតាមផ្លូវវេងស្រេង កម្មកររាប់រយនាក់បានចាប់ផ្តើមជួបជុំគ្នានៅរដ្ឋសភា ដែលនៅទីនោះសហជីពបានណែនាំពួកគេឲ្យជួបជុំគ្នាបន្ទាប់ពីអាជ្ញាធរបានបន្ថែមកម្លាំងនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃពុធ យកបន្លាលួស និងរនាំងរាំងបិទទីលាននេះគ្រប់ច្រកទាំងអស់។
ប៉ុន្តែ នៅឯរដ្ឋសភា គេក៏បានបិទផ្លូវមិនឲ្យកម្មករដាក់ញត្តិទាមទារដំឡើងប្រាក់ខែគោល និងសុំឲ្យមានការពិគ្រោះយោបល់បានច្រើនជាមួយរោងចក្រ កម្មករ និងរដ្ឋាភិបាល ព្រមទាំងមានការទាមទារផ្សេងៗទៀត។
នៅពេលកម្មករជួបជុំគ្នានៅខាងមុខស្ថានទូតអូស្ត្រាលីនៅជិតនោះ នគរបាលបានប្រកាសភ្លាមៗថា ពួកគេនឹងរុញកម្មករទាំងនោះឲ្យត្រឡប់ក្រោយវិញ។
មន្ត្រីនគរបាលបានស្រែកតាមឧបករណ៍បំពងសំឡេងនៅម៉ោង៨ និង៣០នាទីព្រឹកថា “ស្ថានទូតមិនអនុញ្ញាតឲ្យបងប្អូនឈរនៅមុខស្ថានទូតទេ បងប្អូនត្រូវថយទៅក្រោយវិញ។ យើងនឹងរុញបងប្អូនឲ្យចេញពីមុខស្ថានទូតនេះ ហើយប្រសិនបើបងប្អូនប្រឆាំង យើងនឹងចាត់វិធានការ”។ ភ្លាមៗនោះសន្តិសុខខណ្ឌដែលកាន់ដំបងបានរុញរបាំងផ្លូវចេញ ហើយបានរុលទៅរកកម្មករទាំងនោះតែម្តង។កម្មករបានដកថយតាមផ្លូវនោះនៅពេលដែលសន្តិសុខរុលសំដៅទៅរកពួកគេ។
ការរុលចូលនេះមិនមានអំពើហិង្សាទេ លើកលែងតែសន្តិសុខម្នាក់ទាញកៅអីជ័ររបស់អ្នកលក់មីវាយបំបែកទៅលើដី។បាតុករម្នាក់ដែលពាក់បូក្បាលសរសេរថា ដោះលែងមនុស្ស២៣នាក់បាននិយាយថា “ហេតុអ្វីបានជាស្ថានទូតអូស្ត្រាលីឲ្យពួកគេរុញពួកយើងចេញ? តើអូស្ត្រាលីគាំទ្រកម្មករ ឬគាំទ្រការវាយតប់គ្នា?”។
លោក ហ្វីលីប ម៉ូឡយ តំណាងស្ថានទូតអូស្ត្រាលីដែលគេឃើញនិយាយជាមួយមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ដែលប៉ុនប៉ងដេញអ្នកតវ៉ាចេញបានអះអាងថា នគរបាលខណ្ឌប្រើស្ថានទូតអូស្ត្រាលីជាខែលដើម្បីបំបែកបាតុកម្ម។
លោក ម៉ូឡយ បានមានប្រសាសន៍ថា “ស្ថានទូតមិនដែលប្រាប់នរណាម្នាក់ឲ្យចាកចេញទេ។ តើបងប្អូនចង់ឲ្យខ្ញុំធ្វើដូចម្តេច? ប្រាប់នគរបាលឲ្យឈប់ឬ?”។
អ្នកជួបជុំបានប្រមូលផ្តុំគ្នាឡើងវិញ ហើយបានហែក្បួនសំដៅទៅមហាវិថីព្រះនរោត្តមដើម្បីយកញត្តិទៅដាក់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ការប្រឈមមុខគ្នាមួយទៀតបានកើតឡើងនៅពេលដែលរថយន្តប្រាំបីគ្រឿងដឹកនគរបាលប្រឆាំងបាតុកម្មប្រហែល១៥០នាក់បានទៅដល់ចំណុចប្រសព្វនៃមហាវិថីសុធារស និងមហាវិថីព្រះនរោត្តម និងបានរារាំងកម្មករមួយក្រុមប្រហែល៥០០នាក់មិនឲ្យហែក្បួនទៅមុខ។
ប្រហែល៣០នាទីក្រោយមក នគរបាលបានងាកចេញ ហើយអនុញ្ញាតឲ្យមនុស្សទាំងនោះហែក្បួនទៅត្បូងតាមមហាវិថីព្រះនរោត្តមទៅកាន់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ហើយពេលទៅដល់ទីនោះលោក កែវ លីហ៊ុល អនុប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាបានទទួលយកញត្តិ។ លោក លីហ៊ុល បាននិយាយថា យើងទទួលយកញត្តិ ហើយប្រគល់ទៅឲ្យថ្នាក់ដឹកនាំ។ ប៉ុន្តែ ការសម្រេចណាមួយគឺអាស្រ័យលើកមេដឹកនាំ”។
នៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិឯណោះវិញ មនុស្សមួយក្រុមបានបញ្ចប់ការជួបជុំរបស់ខ្លួននៅព្រឹកនោះ ហើយមន្ត្រីសហជីពដែលមិនសប្បាយចិត្តបានត្អូញត្អែរអំពីវត្តមានរបស់នគរបាលយ៉ាងច្រើននេះ និងបានជំរុញឲ្យបញ្ចប់ភាពទាល់ច្រកនយោបាយនេះ។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជាបាននិយាយថា “យើងត្រូវបានកេងប្រវ័ញ្ចដោយនិយោជករបស់យើង ហើយរដ្ឋាភិបាលបានបិទសិទ្ធិរបស់យើងទៀត។ ប្រសិនបើលោកទាំងពីរ [ សម រង្ស៊ី និង កឹម សុខា] មិនអាចរកដំណោះស្រាយឲ្យយើងបានទេ នៅអាណត្តិក្រោយលោកទាំងពីរនឹងមិនទទួលបានការគាំទ្រពីពួកយើងឡើយ”។
លោកបានមានប្រសាសន៍ថា “យើងបានបោះឆ្នោតឲ្យលោកដោះស្រាយបញ្ហារបស់ប្រជាជន មិនមែនឲ្យយកយើងធ្វើជាឧបករណ៍នយោបាយរបស់លោកទេ។ នៅពេលលោកមានឋានៈខ្ពស់ លោកអង្គុយនៅក្នុងការិយាល័យមានម៉ាសីុនត្រជាក់ និងពិសាសាច់គោ រីឯកម្មករហូបលៀស”៕គឹមហឿន
(រាយការណ៍បន្ថែមដោយ សេក ឧត្តម Alex Willemyns និង Matt Blomberg)