35 C
Phnom Penh

ឪពុក​ជួល​គេ​ឲ្យ​យក​ទារក​បបូរ​មាត់​ឆែប​ទើប​កើត​​​របស់​ខ្លួន​ទៅកប់ទាំង​រស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​មូ​​​ល​​​ដ្ឋាន​​​ម្នាក់​​​បាន​និយាយកាល​​​ពី​​​ម្សិល​​​មិញថា បុរស​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​បាន​​​​​​ជួល​​​គេ​​​ឲ្យ​​​យក​​​កូន​​​ស្រី​ទើប​កើត​បាន​មួយ​ថ្ងៃ​របស់​​​ខ្លួន​​​ទៅ​​​​​​កប់​​​ទាំង​​​រស់ ពី​​​ព្រោះ​​​នាង​​​កើត​​​មក​​​មាន​បបូរ​​មាត់​​​ឆែប​​​។

ទារិកាទើប​​​កើត​​​​​​ដែលត្រូវ​​​បាន​​​គេ​​​យក​​​ទៅ​​​កប់​​​នៅក្នុង​បរិវេណវត្ត​​​ព្រៃ​​​ឆ្លក​​​ក្នុង​​​ក្រុង​​​ស្វាយ​​​រៀង​​​​នេះ​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ ហើយឥឡូវ​​​នេះបាន​នៅ​​​ជា​​​មួយ​​​ម្តាយ​​​របស់​​​នាង​​​សម្រាក​​​ព្យបាល​​​នៅ​​​ក្នុង​​​មន្ទី​​​រពេទ្យ​​​បង្អែក​​​ខេត្ត។

លោក​​​ ប្រាក់ ជុត អធិការ​​​រង​​​នគរបាល​​​​​​ក្រុង​​​ស្វាយ​​​រៀង​​​បានប្រាប់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​ថា ឈ្មោះ គង់ សុខធី អាយុ​​​២៩​​​ឆ្នាំ​​​ជា​​​គ្រូ​​​វិទ្យា​​​ល័យ​​​មក​​​ពីខេត្ត​​​ព្រៃវែង​​​។

លោក​​​ ប្រាក់​​​ ជុត បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​បាន​​​សារភាព​​​ថា គាត់​​​ពិតជា​​​បាន​​​ជួល​​​គេ​​​ឲ្យ​​​យក​​​ទារិកា​​​នេះ​​​ទៅ​​​កប់​​​មែន។លោក​​​បាន​​​បន្ថែម​​​ថា មូល​​​ហេតុ​​​ដែល​​​ឪពុក​​​ទារិកា​​​នេះ​​​ចង់​​​សម្លាប់​​​កូន​​​របស់​​​ខ្លួន​​​ដោយសារ​​​ទារិកា​​​នេះ​​​កើត​មក​​​មាន​​​សុខ​​​ភាព​​​មិន​​​ល្អ និង​​​ឆែប​​​បបូរ​​​មាត់​​​ពី​​​កំណើត​​​ ហើយ​​​​​​គាត់​​​មាន​​​អារម្មណ៍​​​ខ្មាស​គេ​​​

លោក​​​បាន​​​បន្ថែមថា តុលាការ​​​នឹង​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​អ្នក​​​សម​​​គំនិត​​​ជាមួយ​​​លោក​​​ សុខធី  និង​​​អ្នក​​​រត់រ៉ឺម៉ក​​​ម៉ូតូ​​​កង់បី​​​ម្នាក់​​​ដែល​​​បាន​​​ទៅ​​​ជាមួយ​​​គាត់​​​យក​​​ទារិកា​​​នេះ​​​ទៅ​​​កប់​​​ដែរ ប៉ុន្តែ​​​គេ​​​មិន​​​ទាន់​ស្គាល់​​​​អត្ត​​​សញ្ញាណ​​​​ជន​​​នេះ​​នៅ​​​ឡើយ​ទេ​​។

លោក​​​ ហ៊ុន សុវណ្ណ នាយ​​​ប៉ុស្តិ៍​​​សង្កាត់ព្រៃ​​​ឆ្លក​​​បានមាន​​​ប្រសាសន៍​​​ថា ទារិកានេះ​​​ត្រូវ​​​បាន​​​គេ​​​យក​​​ទៅ​​​កប់​​​ទាំង​​​រស់​​​នៅ​​​ខាង​​​កើត​​​វត្ត​​​ព្រៃ​​​ឆ្លក​​​ក្រោម​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​”

​​​លោក​​​ សុវណ្ណ បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ក្មេងៗ​​​ពីរ​​​បីនាក់​​​បាន​​​ឃើ​​​ញ​​​ទារិកា​​​នេះ​​​នៅក្នុង​​​វត្ត​​​នេះ​​​នៅម៉ោង​​​ប្រហែល​៥ល្ងាច​​​ថ្ងៃ​​​ពុធ​​​។ ពួកវា​​​បាន​​​ឮសំឡេង​​​ទារិកានេះ​​​យំ​​​ ហើយ​​​បាន​​​រត់​​​ទៅ​​​ប្រាប់​​​ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​គង់ក្នុង​​​វត្ត​​​នេះ​​​។ ព្រះ​​​សង្ឃ​​​អង្គ​​​នោះ​​​បាន​​​ជីកដី​​​ជួយ​​​សង្គ្រោះ​​​ទារិកា​​​នេះ​​​ ហើយ​​​យក​​​នាង​​​ទៅ​​​ងូត​​​ទឹក​​​ និង​​​បាន​​​បញ្ជូន​​​នាង​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​។ ម្តាយ​​​ទារិការូប​​​នេះ​​​ដែលកំពុង​​​សម្រាកព្យាបាល​​​នៅក្នុង​​​មន្ទីរពេទ្យនៅឡើយ​នោះ​ បាន​ធូរស្រាល​ច្រើនហើយ​​​​ បន្ទាប់​​​ពី​​​ឆ្លង​​​ទន្លេ​​​រួច​​​។

 លោក នុត កុសស នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​នេះ​​​មាន​​​ប្រសាសន៍ថា ទារិកា​​​នេះត្រូវ​​​បាន​​​គេ​​​គ្រប​​​ក្រមា កន្សែង​​​ពោះគោ​​​ សារុង និង​​​ភួយ ហើយ​​​​​​ត្រូវ​​​បាន​​​គេ​​​កប់​​​ជម្រៅ​​​ប្រហែល​​​១០​​​សង់​​​ទីម៉ែត្រ​​​។ លោក កុសស​​​ បានមាន​​​ប្រសាសន៍​​​ថា ទារិកានេះ​​​ស្អាត​​​ណាស់​​​ មា​​​ន​​​សម្បុរ​​​ស ហើយ​​​ទម្ងន់​​​ប្រហែល​​​៣​​​គីឡូក្រាម​​​ បើ​​​ទោះ​​​ជា​​​នាង​​​​​ឆែបបបូរ​​​មាត់​​​​​​ពីកំណើត​​​ក៏​​​ដោយ​​​”

លោក​​​បានមាន​​​ប្រសាសន៍​​​ថា ក្មេង​​​ៗ​ដែល​​បាន​​​ឮទារិកា​​​នេះ​​​យំ​​​ បាន​​​ឃើញ​​​បុរស​​​ពីរ​​​នាក់​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ និង​​​រឺុម៉ក​​​កង់​​​បី​​​មួយ​​​គ្រឿងទៀត​​​​ចូល​​​ទៅ​​​ក្នុង​​​បរិវេណ​​​​វត្ត​​នេះ មុន​​​ពេល​​​មាន​​​ហេតុ​​​ការណ៍​បែបនេះ​​​។

លោក ជា ភិរម្យ មន្ត្រី​​​ស្តារ​​​នីតិ​​​សម្បទា​​​កុមារ​​​នៅ​អង្គការ​​​កសាង​​​សមត្ថភាព​​​កុមារ​​​ក្នុង​​​សហ​គមន៍ (Cabdico)បាន​មាន​​​ប្រសាសន៍​​​ថា ប្រជា​ពលរដ្ឋ​ជាច្រើន​​​គ្រួសារ​​​ ដែល​​​លោក​​​បាន​​​ធ្វើ​​​ការ​​​ជាមួ​​​យ​​​មាន​​​អារម្មណ៍ខក​​​ចិត្ត​​​នៅ​ពេល​​​ដែល​​​កូន​​​ៗ​​​របស់​ខ្លួន​​​កើត​​​មក​​​ឆែប​​​បបូរ​​​មាត់​​​ពី​​​កំណើត​​​ ឬ​​​ឆែប​​​ក្រអូម​​​មាត់​​​ ដែល​​​ងាយ​ស្រួល​កែ​បំផុត​​​​តាម​រយៈ​ការ​​​វះកាត់​​​។

លោក​​​វេជ្ជបណ្ឌិត​​​ កែវ វណ្ណា អ្នក​​​គ្រប់​​​គ្រង​​​ផ្នែ​​​កវះកាត់​​​​​​កែសម្រស់​​​នៅ​​​មជ្ឈ​​​មណ្ឌល​​​វះកាត់​​​កុមារ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍ថា ទារក​​​ដែល​​​កើត​​​មក​​​មាន​​​ស្ថាន​​​ភា​​​ព​ដូចនេះ តាម​​​ធម្មតា​​​ច្រើន​មក​​​ពីគ្រួសារ​​​ក្រីក្រ​​​។ ក្រុម​​​គ្រួសារ​​​មាន​​​អារម្មណ៍​​​អស់​​​សង្ឃឹម ហើយ​​​ពួក​គាត់​​​មាន​​​ចំណេះ​ដឹង​​​តិច​​​តួច​​​ទៀត​​នោះ​​​ ដូច្នេះ​ពួក​គាត់​មិន​​​ដឹង​​​ថា ជួយ​​​ដោយ​វិធី​​​ណា​​​ឡើយ​​​។

លោក​​វេជ្ជបណ្ឌិ​ត​​បាន​មាន​​​ប្រសាសន៍​ថា ជួន​​​កាល​​​ពួក​គាត់​​​​បារម្ភថា ពិការ​​​ភាព​​​នេះ​​​គឺដោយសារ​​​ការ​ធ្វើ​​​អ្វីខុស​​​កាលពី​​​ជាតិ​​​មុន​​​។ នៅ​ពេល​​​ដែល​​​ទារិកា​នេះ​កើត​​​មក​​​ ពួក​គាត់​​​បារម្ភ​​​ពី​កេរ្តិ៍​​​ឈ្មោះ​​​នៅ​ក្នុង​​​ភូមិ​​​

កាល​​​ពីឆ្នាំ​​​មុន​​​លោក​​​បាន​​​ធ្វើ​​​ការ​​​វះកាត់​​​បបូរ​​​មាត់​​​ឆែប​​​ដល់កុមារ​​​ចំនួន​​​៨៩នាក់​​​ក្នុង​​​ចំណោម​​​កុមារ​​​២២៩​​​នាក់​​​ នៅ​​​មជ្ឈ​​​មណ្ឌល​​​វះកាត់​​​កែ​សម្រស់ ដែល​​​ផ្តល់​​​ការ​​​វះកាត់​​​ដោយ​​​ឥត​គិត​​​ថ្លៃ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​​​​១៩៩៩​​​មក​​​។ ការ​វះ​កាត់​​ក៏​​​ត្រូវ​​​បាន​​​ធ្វើ​ដោយ​​​​​​ឥត​​​គិតថ្លៃ​​​ផង​​​ដែរ​​​នៅគ្លីនិក​​​ Operation Smile ស្ថិត​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​មិត្ត​​​ភាព​​​ខ្មែរ​​​សូវៀត៕ សារុន 

(រាយការណ៍​​​បន្ថែមដោយ Lauren Crothers )​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស