ក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា សាលាដំបូងខេត្តតាកែវ បានចោទមន្ត្រីសង្គមកិច្ចម្នាក់ពីបទកិបកេងយកប្រាក់កាលពីម្សិលមិញ និងបានបញ្ជូនមន្ត្រីរូបនេះទៅឃុំខ្លួនជាបណ្ដោះអាសន្ន។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា លោក អ៊ុំ ម៉ានីរ៉ា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្ដារនីតិសម្បទាខេត្ត ត្រូវបានចោទប្រកាន់ប្រាំករណីពីបទពុករលួយ បន្ទាប់ពីការចាប់ខ្លួនលោកក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ។
លោក យ៉ិនទៀង បានថ្លែងថា “គាត់បានផ្ដល់សក្ខីកម្មជុំវិញការចោទប្រកាន់អំពីការកិបកេងនេះ”។ លោកបន្ថែមថា គាត់ចាំមិនបានអំពីចំនួនប្រាក់ដែលពាក់ព័ន្ធក្នុងករណីពុករលួយនេះទេ ពីព្រោះមន្ត្រីក្រោមបង្គាប់របស់គាត់ជាអ្នកធ្វើរឿងនេះ។ លោកបានឲ្យដឹងថា “យើងបានចាប់ខ្លួនគាត់កាលពីម្សិលមិញ និងបញ្ជូនគាត់ទៅសាលាដំបូងខេត្តតាកែវ ដើម្បីចោទប្រកាន់ [ពីបទពុករលួយ] នៅថ្ងៃនេះ”។
លោកបានបន្ថែមថា “មុនពេលយើងបានធ្វើសេចក្ដីសម្រេចចាប់ខ្លួនគាត់ យើងបានអញ្ជើញគាត់ម្ដងហើយម្ដងទៀតឲ្យផ្ដល់សក្ខីកម្មជាច្រើនលើក ជាពិសេសពីព្រោះយើងក៏បានចេញលិខិតព្រមានមួយផងដែរ”។
ករណីចាប់ខ្លួនបែបនេះ គឺជាលើកទី២ហើយ នៅក្នុងខេត្តតាកែវ ចាប់តាំងពីអង្គភាពនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០មក។
លោកស្រី សុខ រ៉ាន់នី ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្រូវបានចាប់ខ្លួនក្នុងខែមករា បន្ទាប់ពីការស៊ើបអង្កេតរយៈពេលច្រើនខែលើការចោទប្រកាន់ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយពីបទពុករលួយ។ លោកស្រីត្រូវបានចោទប្រកាន់ពីបទកិបកេងប្រាក់ចំនួន១,២ពាន់លានរៀល (៣០០.០០០ដុល្លារ) នៅចន្លោះឆ្នាំ២០០៦ទៅ២០១៣។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានចោទប្រកាន់លោក ម៉ូនីរ៉ា ប្រាំករណីពីបទកិបកេងប្រាក់ យោងតាមមាត្រា៥៩៧និងមាត្រា៥៩៨នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសដែលត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ និងពិន័យជាប្រាក់១០លានរៀល។
លោកបានឲ្យដឹងថា “ខណៈដែលកំពុងសាកសួរ គាត់បានសារភាពថា ពិតជាបានកិបកេងប្រាក់មែន។ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនគាត់ក្នុងពន្ធនាគារ ដូច្នេះ ពេលនេះគាត់កំពុងជាប់ក្នុងពន្ធនាគារខេត្ត”។
មន្ត្រីម្នាក់នៅអង្គភាពប្រឆាំងអំពើពុករលួយដែលដឹងអំពីករណីនេះ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយបណ្ដាញព័ត៌មានបានឲ្យដឹងថា លោក ម៉ូនីរ៉ា បានកិបកេងប្រាក់ជាង៤៤៩លានរៀល (១១១.៨០០ដុល្លារ) ចាប់តាំងពីឆ្នាំ២០១០មក។
មន្ត្រីរូបនេះបានឲ្យដឹងថា “បទចោទដំបូងគឺថា គាត់បានកិបកេងប្រាក់រង្វាន់សម្រាប់អតីតយុទ្ធជនរយៈពេលប្រាំមួយខែដំបូងដើមឆ្នាំ២០១២ឮ”។ គាត់ក៏ត្រូវបានចោទប្រកាន់ផងដែរថា បានកិបកេងប្រាក់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០១០ ព្រមទាំងប្រាក់សម្រាប់មន្ត្រីក្រោមបង្គាប់របស់គាត់ចុះបំពេញបេសកកម្មទៅខេត្តផ្សេងទៀត៕ ប៊ុននី