នៅខាងក្រៅព្រឹត្តិការណ៍មួយរបស់រដ្ឋាភិបាល ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីម្សិលមិញបានស្ដីបន្ទោសកូដកម្មថ្មីៗនេះនៅក្នុងទីក្រុងបាវិត លើអ្នកបង្កហេតុមិនបញ្ចេញឈ្មោះ ក៏ប៉ុន្តែបានលើកឡើងថា កិច្ចប្រឹងប្រែងកំពុងធ្វើឡើងដើម្បីដោះស្រាយជម្លោះនេះ។
លោកក៏បានលើកឡើងផងដែរថា ការបិទរោងចក្រជាង៣០កន្លែងដែលបញ្ជាដោយរដ្ឋាភិបាល ដើម្បីបង្ក្រាបការប្រើអំពើហិង្សាដែលកាន់តែរីកធំឡើង និងដែលត្រូវបញ្ចប់កាលពីម្សិលមិញនោះ អាចអូសបន្លាយពេល។
ក្នុងសុន្ទរកថារបស់លោកថ្លែងទៅកាន់កម្មករកាត់ដេរប្រមាណ២.០០០នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ លោក សំហេង បានលើកឡើងថា លក្ខខណ្ឌសម្រាប់កម្មករ និងសហជីពក្នុងប្រទេសកម្ពុជា ” មានភាពប្រសើរជាងមុនមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ”ហើយថា រោងចក្រកាត់ដេរចំនួន៩៦០កន្លែងក្នុងប្រទេសនេះ ពេលនេះកំពុងផ្ដល់ការងារសម្រាប់ប្រជាពលរដ្ឋចំនួន៦២៨.១៦៦នាក់។
ដោយត្រូវបានសួរតាមក្រោយអំពីកូដកម្មនៅបាវិត លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងតែព្យាយាមធ្វើឲ្យរោងចក្រត្រឡប់មកដំណើរការវិញ។
រដ្ឋាភិបាលបានបញ្ជាឲ្យបិទរោងចក្ររយៈពេលបីថ្ងៃកាលពីថ្ងៃអង្គារ បន្ទាប់ពីកូដកម្មដែលកំពុងតែរីកធំឡើងក្លាយជាអំពើហិង្សា ដោយមានកម្មករគប់ដុំថ្មវាយប្រហាររោងចក្រមួយចំនួន។ កូដកម្មនេះបានចាប់ផ្ដើមបន្ទាប់ពីកម្មករបានឮថា រោងចក្រមួយ ថ្មីៗនេះបានផ្ដល់ឲ្យនិយោជិតរបស់ខ្លួននូវប្រាក់រង្វាន់៥០ដុល្លារ ហើយបានចាប់ផ្ដើមទាមទារដូចគ្នា។ កម្មករនិយាយថា រោងចក្រនេះបើកប្រាក់រង្វាន់ ពីព្រោះនិយោជិតរបស់ខ្លួនបានរក្សាការសន្យាថា មិនធ្វើកូដកម្មរយៈពេលពីរបីខែមកនេះ។ រោងចក្រឲ្យដឹងថា ខ្លួនបើកប្រាក់ ពីព្រោះនិយោជិតបានសម្រេចគោលដៅផលិតរបស់ខ្លួន។
លោក សំហេង បានមានប្រសាសន៍ថា “យើងកំពុងតែព្យាយាមដោះស្រាយស្ថានភាពរវាងនិយោជិត និងនិយោជក ហើយស្វែងរកវិធីមួយដើម្បីចាប់ផ្ដើមការងារឡើងវិញ។ ពេលនេះខ្ញុំកំពុងស្នើឲ្យពួកគេដាក់សំណើរបស់ខ្លួនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល”។
ប៉ុន្តែនៅពេលត្រូវបានសួរថា តើពេលណារដ្ឋាភិបាលអាចផ្ដល់ភ្លើងខៀវឲ្យរោងចក្រនៅបាវិត ដើម្បីបើកឡើងវិញនោះ លោករដ្ឋមន្ត្រីបានបដិសេធមិនផ្ដល់កាលបរិច្ឆេទជាក់លាក់ឡើយ។លោកបានថ្លែងថា ” យើងនឹងព្យាយាមបើករោងចក្រទាំងនេះកាន់តែឆាប់កាន់តែល្អ”។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្ដីបន្ទោសសម្ព័ន្ធសហជីពចលនាកម្ពុជា និងលោក ប៉ាវ ស៊ីណា ដែលជាប្រធានសម្ព័ន្ធសហជីពនេះចំពោះការញុះញង់ឲ្យមានកូដកម្ម និងបានលើកឡើងថា មេដឹកនាំសហជីពត្រូវរ៉ាប់រងការខាតបង់ រួមទាំងការបាត់បង់ប្រាក់ឈ្នួលផងដែរ។
លោក ស៊ីណា បានបដិសេធដាច់ខាតចំពោះការអះអាងនេះ ហើយកាលពីម្សិលមិញបានទទូចថា រដ្ឋាភិបាលគួរតែបើកប្រាក់ឲ្យកម្មករសម្រាប់ថ្ងៃដែលខ្លួនបានបញ្ជាឲ្យបិទរោងចក្រ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវ ពីព្រោះខ្លួនបានបញ្ជាឲ្យរោងចក្រទាំងអស់នៅបាវិត ផ្អាកការងារ ពីព្រោះខ្លួនបារម្ភខ្លាចកូដកម្មនឹងរីកកាន់តែធំទៅៗ”។ ប្រសិនបើមិនបើកប្រាក់ឲ្យកម្មករសម្រាប់ថ្ងៃទាំងនោះ នៅពេលណាដែលរោងចក្របើកឡើងវិញ លោកព្យាករថា កូដកម្មពិតជាបន្តទៀត។
ទោះជាយ៉ាងណា លោក វង់ សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយវិវាទការងារនៅក្រសួងការងារ បានឲ្យដឹងថា ការបើកប្រាក់សម្រាប់ថ្ងៃទាំងនោះគឺមិនអាចទៅរួចឡើយ។លោកបានមានប្រសាសន៍ថា ទាំងរដ្ឋាភិបាល និងរោងចក្រនឹងមិនបើកប្រាក់ឲ្យទេ “ពីព្រោះពួកគេធ្វើកូដកម្មខុសច្បាប់ ហើយប្រសិនបើយើងមិនបិទរោងចក្រទេ ការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរទៅ”។
នៅក្នុងខេត្តស្វាយរៀងនោះដែរ សាលាដំបូងខេត្តកាលពីម្សិលមិញបានចោទកម្មករម្នាក់ដែលបានចូលរួមក្នុងកូដកម្មនៅក្រុងបាវិតកាលពីថ្ងៃច័ន្ទ ពីបទបំបែកបង្អួចរោងចក្រមួយចំនួន និងរថយន្តទំនើបមួយគ្រឿងជារបស់រដ្ឋបាលរោងចក្រម្នាក់។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានឲ្យដឹងថា ឈ្មោះ ចាន់ សារិទ្ធ អាយុ២១ឆ្នាំ ត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទបង្កការខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស។លោកបានមានប្រសាសន៍ថា “យើងបានចោទប្រកាន់គាត់នៅព្រឹកនេះ…ហើយពេលនេះ គាត់កំពុងត្រូវឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត”។
លោក នុត បូពិនណារ័ត្ន អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំនៅខេត្តនេះ បានមានប្រសាសន៍ថា អង្គការរបស់លោកបានព្រមព្រៀងផ្ដល់មេធាវីមិនយកថ្លៃឈ្នួលម្នាក់ឲ្យលោក សារិទ្ធ ៕ ប៊ុននី