លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានប្រកាសកាល ពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនឹងគោរពតាម សេចក្តីសម្រេចដែលបានសម្រេចកាលពីខែមុនហាមឃាត់ គណបក្សនយោបាយទាំងអស់មិនឲ្យរិះគន់គ្នាអំឡុង ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី១៨ ខែឧសភា ដែលមានរយៈពេលពីរសប្តាហ៍ចាប់ផ្តើមនៅថ្ងៃនេះ។
កាលពីថ្ងៃទី១២ខែមេសា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញសេចក្តីសម្រេចហាមឃាត់គណបក្សនយោបាយទាំងអស់មិនឲ្យជេរប្រមាថគ្នា ឬលើកឡើង “អំពីហេតុការណ៍ដែលគួរឲ្យតក់ស្លុតក្នុងអតីតកាល” អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឡើយ។ គ.ជ.ប.ក៏បានសម្រេចថា គណបក្សទាំងអស់នឹងត្រូវហាមឃាត់មិនឲ្យបោះទីតាំងអចិន្ត្រៃយ៍ដើម្បីធ្វើការឃោសនាផងដែរ។
ថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ បន្ទាប់ពីចំណាយពេលមួយព្រឹកដឹកនាំកម្មករ និងអ្នកគាំទ្រហែក្បួននោះ លោក កឹម សុខា បានថ្កោលទោសសេចក្តីសម្រេចនេះ ប៉ុន្តែ លោកបានមានប្រសាសន៍ថា ពួកគាត់នឹងអនុវត្តតាមសេចក្តីសម្រេចនេះក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “នៅក្នុងយុទ្ធនាការនេះ យើងនឹងមិនវាយប្រហារគ្នាទេ។ យើងចង់ឲ្យប្រជាពលរដ្ឋខ្មែរភ្ញាក់ខ្លួនឡើង ហើយរួមគ្នាជាជាតិមួយដើម្បីដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងស្ថានការណ៍នៅក្នុងប្រទេសជាតិ”។
លោក សម រង្ស៊ី បានបន្ថែមថា “នេះមិនមែនជាការតវ៉ាទាមទារឲ្យលោក ហ៊ុន សែន ចុះចេញទេ យើងគ្រាន់តែចង់បង្ហាញអំពីគោលនយោបាយរបស់យើងប៉ុណ្ណោះ។ យើងមិនមានបញ្ហារវាងគណបក្សឡើយ។ យុទ្ធនាការនេះគឺនិយាយអំពីបញ្ហាប្រទេសជាតិតែប៉ុណ្ណោះ”។
សេចក្តីសម្រេចកាលពីថ្ងៃទី១២ ខែមេសា របស់ គ.ជ.ប. ធ្វើឡើងភ្លាមៗបន្ទាប់ពីសេចក្តីប្រកាសរបស់លោក សម រង្ស៊ី កាលពីចុងខែមីនាថា គណបក្សសង្គ្រោះជាតិនឹងប្រើប្រាស់រយៈពេលធ្វើយុទ្ធនាការឃោសនាផ្លូវការពីរសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១៦ខែឧសភាដើម្បីធ្វើមហាបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ ឬអំពាវនាវឲ្យមានការបោះឆ្នោតឡើងវិញ។
ការតវ៉ាទាំងអស់ត្រូវបានហាមឃាត់ចាប់តាំងពីខែមករាមក បន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបបាតុកម្មលើកចុងក្រោយរបស់គណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រកើនឡើងរហូតដល់ប្រហែល៥០.០០០នាក់ហែក្បួនទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
នៅសន្និសីទសារព័ត៌មាននោះ លោក កឹម សុខា បានមានប្រសាសន៍ថា គណបក្សនឹងបោះបង់ផែនការរបស់ខ្លួនក្នុងការចូលទៅកាន់កាប់ទីលានប្រជាធិបតេយ្យ។
លោក កឹម សុខា បានពន្យល់ថា “ព្រឹកនេះខ្ញុំបានទៅមើលទីលានប្រជាធិបតេយ្យ ហើយទិដ្ឋភាពនៅទីនោះដូចគុកអ៊ីចឹង។ គណបក្សប្រជាជនកម្ពុជាបានកែប្រែទីលានប្រជាធិបតេយ្យឲ្យទៅជាគុកងងឹត ដែលតឹងរឹុងជាងពន្ធនាគារព្រៃសទៅទៀត។ គណបក្សសង្គ្រោះជាតិនឹងកសាងទីលានប្រជាធិបតេយ្យមួយទៀតនៅក្បែរនោះជំនួសវិញ។ យើងត្រូវការទីលានប្រជាធិបតេយ្យមួយទៀត”។
ការបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសនឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌនៅតាមស្រុកខណ្ឌនិងខេត្តក្រុងរបស់ខ្លួន។
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសាកសួរព័ត៌មានអំពីផែនការរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតបានទេកាលពីម្សិលមិញ។
ថ្ងៃនេះលោក សម រង្ស៊ី និងលោក កឹម សុខា នឹងធ្វើដំណើរទៅស្រុកកោះធំ ខេត្តកណ្តាលដែលនៅជាប់ព្រំដែនវៀតណាមមុនពេលត្រឡប់មករាជធានីភ្នំពេញវិញនៅម៉ោងប្រហែល៤ល្ងាចដើម្បីដឹកនាំការហែក្បួនធ្វើយុទ្ធនាការដំបូងរបស់ខ្លួន។
លោកស្រី មូរ សុខហួរ សមាជិកសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថាលោកស្រីទទួលបានព័ត៌មានថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានរុះស្ពានតូចៗតាមផ្លូវទៅកាន់ស្រុកកោះធំ។
លោក ផន សារឿន អធិការនគរបាលស្រុកកោះធំបានមានប្រសាសន៍ថា គិតមកដល់យប់មិញនេះស្ពានទាំងនោះមិនខូចទេ ប៉ុន្តែថា លោកមិនដឹងពីផែនការរបស់គណបក្សសង្គ្រោះជាតិទេ។
លោក សារឿន បានមានប្រសាសន៍ថា “ឥឡូវនេះស្ពាននោះមិនត្រូវបានយកចេញឬបិទទេ។ គឺនៅបើកដំណើរការដដែល។ នគរបាលប្រហែលជាត្រូវបញ្ជូនទៅឈរជើងនៅទីនោះ”។
នៅពីរបីថ្ងៃក្រោយនេះ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏នឹងធ្វើដំណើរទៅខេត្តព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះផងដែរ។ និយាយរួម ពួកគាត់នឹងធ្វើយុទ្ធនាការឃោសនាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រុងចំនួន១៥ក្នុងចំណោម២៤ខេត្តក្រុងទូទាំងប្រទេស។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា “វាជាការបោះឆ្នោតគ្មានន័យប្រសិនបើយើងមិនអាចផ្សព្វផ្សាយសាររបស់យើងបានទេនោះ”៕ សារុន
(រាយការណ៍បន្ថែមដោយ Alex Willemyns )