ព័ត៌មាន​ថ្មីៗ

ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជា​ពីរនាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន

By

May 02, 2014

មន្រ្តី​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​ឲ្យដឹង​នៅថ្ងៃសុក្រ​នេះ​ថា ក្រុម​ហ៊ែក​ឃើ​អនា​​មិក​កម្ពុជា​ ​(Anonymous​ Cambodia) ពីរ​នាក់​ទៀត​ត្រូវបាន​​ចាប់់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពីពួក​គេបាន​ជ្រៀត​ចូល​គេហ​ទំព័រ​​​​​របស់​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ ពុក​រលួយ​ ​​ធ្វើ​ឲ្យ​វាមិន​ដំ​ណើរ​ការ​ជាងពីរ​ម៉ោង​នោះ​​​។​

លោក ឱម​ យ៉ិន​ទៀង​ ប្រធានអង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​​ ហើយ​ពួក​គេ​ទាំងពីរ​​​ត្រូវ​បានបញ្ជួន​មក​​អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ ​នៅ​វេលា​ម៉ោង២​រសៀលថ្ងៃនេះ​ហើយ ” ។

​​​​​​លោក​បាន​មាន​ប្រសាសន៍បន្ត​ទៀតថា​ “យើង​ប្រមូល​បាន​ភ័ស្តុតាង​​​​ដែល​បញ្ជាក់​ថា​អ្នកទាំង​ពីរ​​នេះ ពិត​ជា​បាន​ប្រព្រឹត្ត​សកម្មភាព​នេះមែន​ ហើយ​យើង​នឹងបញ្ជូ​ន​ពួក​គេ​ទៅ​តុលា​ការ​​ដោយផ្ទាល់​ ” ។

​​​លោក ឱម​ យ៉ិនទៀង បាន​​ឲ្យ​ដឹងបន្ត​ទៀត​ថា​ ដំបូង​ពួក​គេបាន​ ជ្រៀត​ចូល​គេហ​ទំព័រ​​អង្គភា​ព​ប្រឆាំងអំពើ​ពុក​រលួយ​​​ ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​​​ កាល​ពី​ថ្ងៃ​ពុធ​​ ​​វេលាម៉ោង​២​រំលង​អធ្រាត្រ​ ក៏​ប៉ុន្តែ ​មិន​បាន​សម្រេចទេ​​។ នៅវេលា​ម៉ោង៧​ព្រឹក​ ពួក​គេ​បាន​ប្រើប្រាស់​​កុំព្យូទ័រ​ធ្វើ​ការ​ជ្រៀតចូល​សា​ជា​ថ្មី​ម្តង​ទៀត​ ​ បណ្តាល​ឲ្យ​​វាគាំងដំណើរការ​​ប្រហែល​ពីរ​ម៉ោង។

​​​​​​​​​លោក​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ បុរស​ទាំង​ពីរ​នោះ​ទេ ដោយ​អះអាង​ថា ​ពួក​គេ​កំពុងត្រូវបាន​​សួរចម្លើយ​នៅ​ឡើយ​។

លោក​ ឱម ​យ៉ិនទៀង​ បាន​មាន​ប្រ​សាសន៍​បន្តទៀត​ថា​​​  “បុគ្គលិក​របស់​យើង​ទទួល​បាន​ការ​​សិក្សា​ច្បាស់លាស់​ផ្នែក​ព័ត៌​មាន​វិទ្យា​ ដូច្នេះ​ហើយ​បុគ្គ​លិក​យើង​ឆ្លាត​ជាង​ក្រុម​ហ៊ែកឃើ​ទៅទៀត​​​ ហើយ​បុគ្គលិក​​រ​បស់​យើង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ការពារ​ និង​ធ្វើឲ្យ​គេហ​ទំព័រ​នេះ​ដំណើរ​ការ​ដូចដើម​វិញ​​ ហើយ​ឥឡូវ​នេះ​គេហទំព័រ​របស់យើង​ដំណើរ​ការធម្មតា​ឡើង​វិញ​ហើយ​​”។​

នៅ ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក​ របស់​អនាមិក​​កម្ពុជា​ បានប្តេជ្ញា​កាលពី​​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ថា​ នឹង​បន្ត​សកម្មភាព​ជ្រៀត​ជ្រែក​គេហ​ទំព័រ​របស់​​ស្ថាប័ន​​ ដែល​គាំទ្រ​រដ្ឋាភិបាល ​​ហើយពួកគេបាន​អះអាង​ថា នឹង​វាយ​ប្រហារ​​​គេហ​ទំព័រ​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​​ រួមទាំង​គេហទំព័រ​របស់​​ Cana Securities Pls ជា​ក្រុម​ហ៊ុន​ធំមួយ​ដែល​គ្រប់​គ្រង​លើ​ធនាគារ​កាណាឌីយា​  Canadia Bank Plc។

​លោក ​ឧត្តម​សេនីយ៍​ត្រី​ ខេង​ ទីតូ​ អ្នក​នាំ​ពាក្យ​របស់​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ បាន​មាន​ប្រ​សាសន៍​ថា ​ក្រុម​ហ៊ែកឃើ​បាន​ជ្រៀត​ជ្រែក​គេហទំព័ររបស់​កង​រាជ​អា​វុធ​ហត្ថ​​លើ​ផ្ទៃ​ ប្រទេស​ អស់​រយៈ​ពេល​ប្រហែល​ជា​ ១០ ​ម៉ោង កាលពី​ថ្ងៃ​ព្រ​ហស្បតិ៍។ លោក​បាន​មាន​ប្រសាសន៍ថា ​“វាមិនបានធ្វើប៉ះ ​ពាល់​ដល់​សន្តិ​សុខ​ជាតិ​ទេ។​ ឥឡូវ​វា​​ដំណើរការ​ជាធម្មតា​វិញហើយ​។ ​ក្រុមហ៊ែកឃើ​​​មាន​​បង្ហោះ​ឈ្មោះ​ និង​ លេខ​សម្ងាត់​របស់​គេហទំព័រ​ Cana Securities​”។​