32 C
Phnom Penh

មន្ត្រី​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​បញ្ចប់​​​ដំណើរ​​​ទស្សន​​​កិច្ច​​​និង​​​មាន​​​ការ​​​សោក​​​ស្ដាយ​​​ចំពោះ​​​អំពើ​​​ហិង្សានៅ​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ស្រី​​​ ហ្ល្វាវៀ ប៉ានសៀរី (Flavia Pansieri) ឧត្តម​​​ស្នង​​​ការ​​​រង​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​បញ្ចប់​​​ដំណើរ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​លោក​​​ស្រី​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​ព្រួយ​​​បារម្ភ​​​និង​​​មាន​​​ការ​​​សោកស្ដាយ​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​វាយ​​​ដំ​​​អ្នក​​​ឈរ​​​មើល​​​ និង​​​អ្នក​​​កាសែត​​​ បន្ទាប់ពី​​​មាន​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ទិវា​​​ពលកម្ម​​​អន្តរជាតិ​​​នៅ​​​ជិត​​​ទីលានប្រជាធិបតេយ្យ​​​ ដែល​​​ត្រូវ​​​បាន​​​បិទ​​​ជិត​​​។

នៅ​​​ក្នុង​​​សុន្ទរកថា​​​ត្រៀម​​​ទុក​​​នៅ​​​ឯ​​​ការិយាល័យ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ទីក្រុង​​​ភ្នំពេញ​​​ លោក​​​ស្រី​​​ ប៉ានសៀរី បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​មាន​​​ការ​​​សោក​​​ស្ដាយ​​​ ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ថា ស្ថានភាព​​​សិទ្ធិមនុស្ស​​​នៅ​​​កម្ពុជា​​​ធ្ងន់ធ្ងរ​​​ណាស់​​​នៅ​​​ឆ្នាំ​​​នេះ​​​ ដោយ​​​សារ​​​មាន​​​ការ​​​បាញ់​​​សម្លាប់​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​ អំឡុង​​​ពេល​​​កម្មករ​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ធ្វើ​​​កូដកម្ម​​​ និង​​បម្រាម​​​របស់​​​សាលា​​​រាជធានី​​​និង​​​រដ្ឋាភិបាល​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា “ការ​​​ប្រើប្រាស់​​​កម្លាំង​​​ហួស​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​មាន​​​កង្វល់​​​យ៉ាង​​​ខ្លាំង​​​អំពី​​​តួនាទី​​​របស់​​​សន្ដិសុខ​​​ខណ្ឌ​​នៅ​​​ក្នុង​​​ការ​​​ដោះស្រាយ​​​បាតុកម្ម​​​​​​និង​​​សណ្ដាប់ធ្នាប់​​​សាធារណៈ”។ ​​​​នៅ​​​ចុង​​​សប្តាហ៍​​​នេះ ​​លោក​​​ស្រី​​​បាន​​​ជួប​​​លោក​​​ ហោ ណាំ​​​ហុង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ការបរទេស​​​ លោក​​​ ឱម យិុនទៀង​​​ ប្រធាន​​​គណៈកម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​មន្ត្រី​​​សហជីព​​​ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ពន្ធនាគារ​​​ព្រៃស។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​សូម​​​លើក​​​ឡើង​​​ពី​​​ទស្សន​​​នេះ​​​ម្តង​​​ទៀត​​​ថា បម្រាម​​​មិន​​​ឲ្យ​​​ធ្វើ​​​បាតុកម្ម​​​​​​នេះ​​​មិន​​​ត្រឹម​​​ត្រូវ​​​តាម​​​ច្បាប់​​​ មិន​​​មាន​​​ភាព​​​ចាំបាច់​​​និង​​​មិន​​​សម​​​ហេតុផល​​​”។

នៅ​​​ក្នុង​​​បទសម្ភាស​​​បន្ទាប់ពី​​​សុន្ទរកថា​​​របស់​​​លោក​​​ស្រី​ និង​​​​​នៅ​​​ពេល​​​ដែល​​​​​​គេ​​​សួរ​​​ថា តើ​​​លោកស្រី​​​បាន​​​ទទួល​​​ការ​​​ធានា​​​អះអាង​​​ណាមួយ​​​ពី​​​មន្ត្រី​​​រដ្ឋាភិបាល​​​ថា តើ​​​ការ​​​សម្លាប់​​​មនុស្ស​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ត្រូវ​​​មាន​​​ការ​​​​​​ស៊ើបអង្កេត​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ឬ​​​យ៉ាង​​​ណា​​​នោះ លោកស្រី​​​  ប៉ាន​សៀរី បាន​​​លើក​​​ឡើង​​​ថា លោកស្រី​​​មិន​​​បាន​​​ទទួល​​​​​​ការ​​​អះអាង​​​ណា​​​មួយ​​​ទេ​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​ប្រាប់​​​ថា ខ្ញុំ​​​បាន​​​លើក​​​ឡើង​​​ពី​​​រឿង​​​នេះ​​​អំឡុង​​​ពេល​​​ពិភាក្សា​​​ ប៉ុន្តែ​​​ខ្ញុំ​​​​​សូម​​​ប្រាប់​​​ថា ខ្ញុំ​​​​​​មិន​​​បាន​​​ទទួល​​​ការ​​​បញ្ជាក់​​​ច្បាស់​​​លាស់​​​អំពី​​​អ្វី​​​ដែល​​​​​​ជា​​​វិធាន​​​ការ​​​បន្ទាប់​​​នោះ​​​ទេ​​។ ប្រសិន​​​បើ​​​មាន​​​ហេតុ​​​ផល​​​ត្រឹម​​​ត្រូវ​​​និង​​​មាន​​​ភ័ស្ដុតាង​​​ជា​​​​​​ឯកសារ​​​សម្រាប់​​​ការ​​​ដាក់ទោស​​​ទង្វើ​​​ណា​​​មួយ​​​ដែល​​​ផ្ទុយ​​​នឹង​​​ច្បាប់​​​នោះ​ ​​គួរ​​​តែ​​​មាន​​​ការ​​​ដាក់ទោស​​​មិន​​​ថា ជនល្មើស​​​ជា​​​នរណា​​​ទេ​​​”។

តាម​​​សំណើ​​​របស់​​​អូស្ត្រាលី រដ្ឋាភិបាល​​​កម្ពុជា​​​នៅ​​​សប្ដាហ៍​​​នេះ​​​បាន​​​ព្រម​​​ព្រៀង​​​ជា​​គោល​​​ការណ៍​​​ទទួល​​​យក​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​កោន​​​​​​ដែល​​​គេ​​​ស្ទាក់​​​ចាប់​​​បាន​​​ពេល​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី​​​ ប៉ុន្តែ​​​លោក​​​ស្រី​​​ ប៉ាន សៀរី មិន​​​ព្រម​​​ធ្វើ​​អត្ថាធិប្បាយ​​​ថា តើ​​​លោក​​​ស្រី​​​ចាត់​​​ទុក​​​ប្រទេស​​​កម្ពុជា​​​ជា​​​កន្លែង​​​ល្អ​​​ដើម្បី​​​បញ្ជូន​​​ជន​​​ភៀសខ្លួន​​​ឬ​​​អ្នក​​​ស្វែងរក​​​សិទ្ធិ​​​ជ្រកកោន​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​។

លោកស្រី​​​បាន​​​សួរ​​​ថា “តើ​​​យើង​​​ចង់​​​និយាយ​​​ថា យើង​​​ព្រួយ​​​បារម្ភ​​​ ដូច្នេះ​​​ហើយ​​​​​​បាន​​​ជា​​​យើង​​​មិន​​​ចង់​​​ជាប់ពាក់ព័ន្ធ​​​ ឬ​​​យើង​​​និយាយ​​​ថា មាន​​​បញ្ហា​​​មួយ​​​ចំនួន​​​ ទាំង​​​នេះ​​គឺ​​​ជា​​​គោល​​​ការណ៍​​​ដែល​​​ត្រូវ​​​អនុវត្ត ហើយ​​​ប្រសិន​​​បើ​​​គេ​​​មិន​​​បាន​​​អនុវត្ត​​​គោលការណ៍​​​ទាំង​​​នេះ​​ពី​​​មុនមក​ទេ​​​ វា​​​សំខាន់​​​ណាស់​​​ដែល​​​ត្រូវ​​​មាន​​​ការ​​​ធានា​​​អះអាង​​​?”។

“ខ្ញុំ​​​​​​សូម​​​បញ្ជាក់​​​ពី​​​សារៈសំខាន់​​​នៃ​​​ការ​​​ប្រកាន់​​​ខ្ជាប់​​​ទៅ​​​នឹង​​​បទដ្ឋាន​​​អន្តរជាតិ​​​។ រដ្ឋមន្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា លោក​​​មាន​​​បំណង​​​ប្រកាន់​​​ខ្ជាប់​​​ទៅ​​​នឹង​​​បទដ្ឋាន​​​ទាំង​​​នេះ​​​និង​​​បាន​​​បញ្ជាក់​​​ថា ទង្វើ​​​ណា​​​មួយ​​​ដែល​​​ពាក់ព័ន្ធ​​​នឹង​​​​​​ការ​​​ទទួល​​​យក​​​អ្នក​​​ស្វែងរក​​​សិទ្ធិ​​​ជ្រកកោន​​​ត្រូវ​​​ធ្វើដោយ​​​មាន​​​ការ​​​​​​ស្ម័គ្រចិត្ត​​​ពី​​​អ្នក​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​”៕ គឹមហឿន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស