28 C
Phnom Penh

ព័ត៌​មាន​លេច​ឡើង​ផ្ទុយ​គ្នា​នៅពេលតុលាការ​​​សាក​សួរ​​ឃាត​ករ​សម្លាប់​ស្ត្រី​ជន​ជាតិ​ហូឡង់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​អនាថាឈ្មោះ​ ជា​ ភិន អាយុ​៣៥​ឆ្នាំ​ ដែល​គេ​ទើបតែ​ដោះលែង​​ចេញ​ពី​ពន្ធ​នាគារនា​ពេល​ថ្មី​ៗ​នេះ​ ត្រូវ​បាន​ព្រះរាជ​អាជ្ញាសាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​​​ថ្ងៃ​​​សុក្រ ពាក់​ព័ន្ធ​នឹង​ករណី​ចាក់​សម្លាប់​ស្ត្រី​ជន​ជាតិ​ហូឡង់​ម្នាក់​កាល​ពីថ្ងៃចន្ច​ ដែល​ជន​នេះ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​។

មុន​ពេល​​និយាយ​ជាមួយ​ព្រះ​រាជ​អាជ្ញា​ ​ ជា​ ភិន បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា រូប​គេ​ស្រវឹង​ស្រា​ ហើយ​ចង់​រក​កន្លែង​ដេក​ ពេល​នោះ​​ប្រទះ​ឃើញ​ទ្វារ​របង​ផ្ទះ​ជន​រងគ្រោះ​ចំហ​ឱកាស​ល្អ​ហុច​ឲ្យ​ ក៏​ប៉ុន​ប៉ង​លួច​កង់មួយគ្រឿ​ង​នៅ​ក្នុងផ្ទះ​នោះ​។

ជននេះ​​និយាយ​ថា ជា​ញឹក​ញាប់​រូប​គេ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ច្រក​តូច​មហា​វិថី​ព្រះ​នរោត្តម កន្លែង​ដែល​អ្នកស្រី​ ដាបណា បៀដសេន និង​ក្រុម​គ្រួសារ​រស់​នៅ​។ ជា​ ភិន និយាយ​ទៀត​ថា “ខ្ញុំ​បានយក​ប្រាក់​១.០០០រៀល​ដែល​ខ្ញុំ​នៅ​សល់​ចុង​ក្រោយ​​ទៅ​ទិញ​ស្រា​ផឹក​ ហើយ​ខ្ញុំ​បាន​ព្យាយាម​រក​កន្លែង​ដេក​។ ពេល​នោះ​ ខ្ញុំ​បាន​ឃើញ​ផ្ទះ​នោះ​ចំហ ហើយ​ឃើញ​កង់​មួយ​គ្រឿង​ វា​ស្ងាត់​ល្អ​ណាស់​ ឃើញ​ដូច្នេះ​ខ្ញុំ​ក៏​ចង់​លួច​កង់​នោះ​។ នៅ​ពេល​នោះ ស្ត្រី​នោះ​បាន​ស្រែក​ ហើយ​បាន​រាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យចេញ នាង​បាន​ស្រែក​ឮៗ ហើយ​ខ្ញុំ​ខ្លាច​អ្នក​ផ្សេង​ដឹង ពេល​នោះ​ពួកយើង​បាន​ប្រវាយ​ប្រតប់​គ្នា ហើយ​ខ្ញុំ​ក៏ចាក់​នាង​នឹង​ទួណឺវិស”។

នៅ​​​ពេល​​​នោះ​​​​អ្នកស្រី ដាបណា បៀដសេន នៅ​​​ផ្ទះតែ​​​ម្នាក់​​​ឯង​​​ជាមួយ​​​នឹង​​​កូន​​​ស្រី​​​អាយុ​​​​១៩​​​ខែ​​​របស់​​​ខ្លួន​​​​​​ឈ្មោះ ដាណា ។ ដាណា ក៏ត្រូវ​​​​​​ជន​​​ល្មើស​​​ចាក់​​​​​​ដែរ​​​ ហើយ​​​របួស​​​ក្បាល​​​ធ្ងន់ធ្ងរ​​​។ នាង​​​ត្រូវ​​​បាន​​​បញ្ជូន​​​តាមជើង​​​ហោះហើរ​​​ពី​​​មន្ទីរពេទ្យ​​​គន្ធបុប្ផា​​​ទៅ​​​កាន់​​​មន្ទីរពេទ្យ​​​ Bangkok General Hospital កាលពីយប់​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ធ្ងរ​​​។ មន្ទីរ​​​ពេទ្យ​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ផ្ដល់​​​ព័ត៌មាន​​​ថ្មីៗ​​​​​​អំពី​​​ស្ថានភាព​​​របស់​​​នាង​​​ឡើយ​​​។

ជា ភិន បាន​​​អះអាង​​​ថា ខ្លួន​​​បាន​​​ចាក់​​​អ្នកស្រី ដាបណា បៀដសេន ទាំង​​​​​​បិទ​​​ភ្នែក​​​ ហើយ​​​ថា ខ្លួនគ្មាន​​​បំណង​​​ចាក់​​​កុមារីនេះទេ។ ជន​​​នេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំសោក​​​ស្ដាយណាស់​​​ ហើយ​​​ខ្ញុំ​​​អាណិត​​​កុមារីនេះ​​​ ដូច្នេះ​​​មិន​​​ប្រកែក​​​ទេ​​​”។

លោក​​​ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​​​អគ្គស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា ឧក្រិដ្ឋកម្ម​​​នេះ​​​បាន​​​កើត​​​ឡើង​​​កាលពីរសៀល​​​ថ្ងៃអាទិត្យ​​​ ប៉ុន្តែ​​​ ជា ភិន បានអះ​​​អាង​​​ថា ខ្លួន​​​បាន​​​ធ្វើ​​​ឃាត​​​អ្នកស្រី​​​ ដាបណា បៀដសេន នៅ​​​ពេល​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ។

ការនិយាយពីដំបូងថា គ្មាន​​​អ្វី​​​ត្រូវ​​​បាន​​​លួច​​​ពីផ្ទះ​​​របស់​​​អ្នកស្រី ដាបណា បៀដសេន ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​នេះ​​​ នគ​រ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ថ្ងៃពុធថា ពួកគេ​​​បាន​​​ចាប់​​​ខ្លួន​​ ជា ភិន នៅ​​​​​ក្នុង​​​​វត្តបទុម​​​កាលពីថ្ងៃអង្គារ ដោយ​​​​​​មាន​​​ទូរស័ព្ទ​​​ កាបូប​​​ដៃ​​​ និង​​​ឯកសារ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​ជន​​​រងគ្រោះ​​​​​​នៅនឹង​​​ខ្លួន​​​។

កាលពី​​​ថ្ងៃសុក្រ​​​ នគរ​​​បាល​​​ជាតិ​​​បាន​​​បង្ហោះ​​​រូប​​​ថត​​​ជន​​​រងគ្រោះ​​​ និង​​​រូប​​​កាបូបដៃ និង​​​អត្តសញ្ញាណ​​​ប័ណ្ណ​​​នៅ​​​លើ​​​គេហទំព័រ​​​របស់​​​ខ្លួន​​​ ដែលពួកគេ​​​លើក​​​ឡើង​​​ថា ខ្លួន​​​បានរក​​​ឃើញ​​​នៅ​​​ជាប់​​​នឹង​​​ខ្លួន​​​ ជា ភិន។ ទោះជាយ៉ាង​​​ណា អត្តសញ្ញាណ​​​ប័ណ្ណ​​​នោះ​​​ជា​​​របស់​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ម្នាក់ ដែល​​​នគរ​​​បាល​​​ជាតិ​​​បញ្ជាក់​​​ថា ឈ្មោះ ចូ សេល (Jua Seiel)។

កាលពី​​​ថ្ងៃ​​​សុក្រ លោក​​​ ច័ន្ទថារិទ្ធ មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​ ដើម្បីបញ្ជាក់​​​ភ័ស្តុ​​​តាង​​​ប្រឆាំង​​​នឹង​​​ ជា ភិន ឬថា តើ​​​នគរ​​​បាល​​​បាន​​​កំណត់​​​ថា ជន​​​នេះ​​​ជាឃាតករ​​​ឬយ៉ាង​​​ណា​​​​​​នោះ​​​ទេ​​​។

អ្នក​​​ស៊ើប​​​អង្កេត​​​ម្នាក់​​​នៅ​​​អង្គភាព​​​គាំពារ​​​កុមារ​​​ (CPU) ជា​​​សាខា​​​មួយ​​​របស់​​​អង្គការ​​​មូល​​​និធិ​​​កុមារ​​​កម្ពុជា​​​ដែល​​​ស៊ើប​​​អង្កេត​​​ការរំលោភ​​​បំពាន​​​លើ​​​កុមារ​​​រួម​​​ជាមួយ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​បញ្ជាក់​​​កាលពីថ្ងៃ​​​សុក្រ​​​ថា CPU កំពុង​​​តែ​​​តាម​​​ដាន​​​ករណីនេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មិត្តភក្ដិ​​​របស់​​​ជន​​​សង្ស័យ​​​បាន​​​រាយការណ៍​​​ប្រាប់​​​នគរ​​​បាល​​​អំពីជន​​​សង្ស័យរូប​​​នេះ​​​។ ប្រភព​​​ CPU បាន​​​ឲ្យ​​​ដឹង​​​ថា “មិត្តភក្ដិ​​​របស់​​​​​​ជន​​​នេះ​​​បាន​​​​​​សង្កេត​​​ឃើញ​​​​​​ថា ជីវ​​​ភាព​​​របស់​​​ជន​​​នេះ​​​ផ្លាស់​​​ប្ដូរ​​​លឿន​​​ណាស់។ ជាធម្មតា​​​ ជន​​​នេះ​​​មើល​​​ទៅ​​​ដូច​​​អ្នក​​​សុំទាន​​​ និង​​​ជក់​​​គ្រឿង​​​ញៀន ប៉ុន្តែ​​​ពួកគេ​​​បានឃើញ​​​ជន​​​នេះ​​​មាន​​​ប្រាក់​​​ច្រើន​​​ ដូច្នេះ​​​ពួកគេ​​​ក៏ប្ដឹង​​​​​​ទៅ​​​​​​នគរ​​​បាល”។

ប្រភព​​​នេះ​​​បាន​​​បង្វែរសំណួរ​​​បន្ថែមទៀត​​​ទៅ​​​លោក ជេម ម៉ាក់ខេប​​​ (James McCabe) អតីត​​​មន្ត្រី​​​នគរ​​​បាល​​​អូស្ត្រាលី​​​ និង​​​ជាអ្នក​​​ស៊ើប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​​​​នៅ​​​CPU។ នៅពេល​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​បញ្ជាក់​​​អំពី​​​ភាព​​​ខុស​​​គ្នា​​​ក្នុង​​​ចម្លើយ​​​​​​របស់​​​ជន​​​សង្ស័យ​​​ និង​​​នគរ​​​បាល​​​ជាតិ​​​ លោក ម៉ាក់ខេប​​​ បាន​​​ឆ្លើយ​​​តប​​​ថា ” អស់​​​លោក​​​ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​ អស់​​​លោក​​​​​​តាម​​​ដាន​​​រឿង​​​នេះ​​​​​​ទៅដឹង​​​ហើយ​​​”។

លោក​​​​​​បានលើក​​​ឡើង​​​​​​បន្ថែម​​​នៅក្នុង​​​សារ​​​មួយ​​​ថា “បាទ​​​ ទោះជាយ៉ាង​​​ណា CPU កំពុង​​​តែជួយ​​​ ដោយ​​​សារ​​​រឿង​​​នេះ​​​ធ្លាក់​​​ដល់​​​ដៃ​​​​​​​​​តុលាការ​ហើយ​​​​​ យើង​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​”។ ព្រះរាជ​​​អាជ្ញាអម​​​សាលាដំបូង​​​រាជធានី​​​​​​នឹង​​​សាក​​​សួរ​​​ ជា ភិន បន្តទៀត​​​នៅថ្ងៃ​​​សៅរ៍៕ប៊ុននី​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស