ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមអ្នកជំនាញផ្នែកកោសល្យវិច័យ ដែលត្រូវបានជួលដោយស្ថានទូតកាណាដា នៅក្នុងប្រទេសថៃ នឹងមកដល់ខេត្តសៀមរាបនៅថ្ងៃសៅរ៍នេះ ដើម្បីពិនិត្យសាកសពដែលគេជឿថា ជាអ្នកយកព័ត៌មានជនជាតិកាណាដាម្នាក់ដែលបាត់ខ្លួន។
លោក ចៅ ម៉ៅវីរៈ នាយការិយាល័យអន្តោប្រវេសន៍ខេត្តសៀមរាប បានឲ្យដឹងថា តំណាងម្នាក់របស់ស្ថានទូតកាណាដា ប្រចាំប្រទេសថៃបានមកខេត្តសៀមរាបកាលពីថ្ងៃសុក្រ ហើយថា ការពិនិត្យសាកសពនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃសៅរ៍។
លោក ម៉ៅវីរៈ បានមានប្រសាសន៍ថា “ស្ថានទូតកាណាដាបានជួលអ្នកជំនាញពិនិត្យសាកសពជនជាតិថៃមួយចំនួន វេជ្ជបណ្ឌិតបួននាក់ និងអ្នកជំនាញកោសល្យវិច័យពីរនាក់ អ្នកថតរូបម្នាក់ និងជំនួយការម្នាក់ ដែលនឹងមកដល់សៀមរាបនៅថ្ងៃសៅរ៍”។
សាកសពនេះត្រូវបានប្រទះឃើញនៅក្នុងបរិវេណប្រាសាទអង្គរធំដោយក្មេងប្រុសជំទង់ពីរនាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ដើមឡើយ មិត្តភក្ដិម្នាក់បានកំណត់អត្តសញ្ញាណសាកសពនេះថា ជាសពឈ្មោះ ដេវ វ៉កឃើ (Dave Walker) ជាអ្នកយកព័ត៌មាន និងផលិតករភាពយន្តជនជាតិកាណាដា ដែលបាត់ខ្លួននៅក្នុងខេត្តនេះរយៈពេលជាងពីរខែមកហើយ។
លោក ផេង ពេជ្រ នាយរងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តសៀមរាប បានឲ្យដឹងថា ការស្លាប់របស់ ដេវ វ៉កឃើ មិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។ លោក ផេង ពេជ្រ បានមានប្រសាសន៍ថា ” យោងតាមវេជ្ជបណ្ឌិតម្នាក់នៅសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា បុរសរូបនេះស្លាប់ដោយសារគាំងបេះដូង”៕ ប៊ុននី