30.7 C
Phnom Penh

កម្ពុជា​​យល់​​​ព្រម​​​ជា​​​គោលការណ៍​​​ទទួល​​​យក​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​នៅ​​​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃសុក្រ អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​​ (Amnesty International) បាន​​​រិះគន់​​​កិច្ច​​​ព្រម​​​ព្រៀង ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​យក​​​អ្នក​​​ស្វែងរក​​​សិទ្ធិ​​​ជ្រកកោន​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​។

ប្រទេស​​​កម្ពុជា​​​បាន​​​ព្រម​​​ព្រៀង​​​ជា​​​គោល​​​ការណ៍​​​រួច​​​ហើយ​​​ជាមួយ​​​ប្រទេស​​​អូស្ត្រាលី ដើម្បី​​​ទទួល​​​យក​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រកកោន​​​ ដែល​​​បច្ចុប្បន្ន​​​នេះ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​ដែន​​​កោះ​​​​​នៃ​​​ប្រទេស​​​ណូរូ​​​​​​ក្នុង​​​មហាសមុទ្រ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​ ប៉ុន្តែ​​​មិន​​​ទាន់​​​មាន​​​ការ​​​ចុះហត្ថលេខា​​​ជា​​​ផ្លូវ​​​ការ​​ទេ​​​។

លោក​​​ រីឆាត បិន​​​ណិត​​​ នាយក​​​ប្រចាំ​​​អាស៊ី​​​ប៉ាសីុហ្វិក​​​នៃ​​​អង្គការ​​​លើ​​​ក​​​លែង​​​ទោស​​​អន្តរ​​​ជាតិ​​​​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដីថ្លែង​​​ការណ៍​​​មួយ​​​​​​ថា អូស្ត្រាលី​​​គួរ​​​តែ​​​បញ្ចប់​​​​​​​​ដំណើរ​​​ការ​​​​​​នៅ​​​ក្រៅ​​​ប្រទេស​​​និង​​​ការ​​​ឃុំ​​​ខ្លួន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រកកោន​​​នៅ​​​ក្នុង​​​ទឹកដី​​​របស់​​​ខ្លួន មិនត្រូវ​​​​​​បញ្ជូន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ទៅ​​​​​ប្រទេស​​​ផ្សេង​​​ដែល​​​ក្រីក្រ​​​ជាង​ខ្លួន​​​”។

“កម្ពុជា​​​គួរ​​​តែ​​​ដឹង​​​អំពី​​​ហានិភ័យ​​​ធ្ងន់ធ្ងរ​​​ពាក់​​​ព័ន្ធ​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ហើយ​​​ត្រូវ​​​តែ​​​ពិចារណា​​​ថា តើ​​​ខ្លួន​​​ពិត​​​ជា​​​ត្រៀម​​​ខ្លួន​​​ចូល​​​រួម​​​ឬ​​​អត់​​​។​​​ប្រទេស​​​នេះ​​​មាន​​​សមត្ថភាព​​​តិច​​​តួច​​​ណាស់​​​ក្នុង​​​ការ​​​ទទួល​​​យក​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន ហើយ​​​កំពុង​​​តែ​​​លំបាក​​​ក្នុង​​​ការ​​​គោរព​​​ និង​​​ការពារ​​​សិទ្ធិ​​​ពល​​​រដ្ឋ​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ​​​”។

កម្ពុជា​​​មាន​​​ប្រវត្តិ​​​មិន​​​ល្អ​​​ក្នុង​​​ការ​​​ដោះស្រាយ​​​បញ្ហា​​​ជន​​​ភៀសខ្លួន​​​ និង​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រកកោន​​​។ កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០០៩ ជនជាតិ​​​ភាគតិច​​​វីហ្គួ ២០​​​នាក់​​​រួម​​​ទាំង​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​​​​​ម្នាក់​​​    និង​​​កុមារ​​​ពីរ​​​នាក់​​​ផង​​​ត្រូវ​​​បាន​​​ភ្ជង់​​​កាំភ្លើង​​​ឲ្យត្រឡប់​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ​​​ បន្ទាប់ពី​​​បាន​​​ភៀសខ្លួន​​​ចេញ​​​ពី​​​អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​តំបន់​​​ស្វយ័ត​​​សិុន​​​ជាំង​​​ របស់​​​ជនជាតិ​​​ភាគតិច​​​វីហ្គួ​​​។​​​​​​ការ​​​និរទេស​​​ជនជាតិ​​​វីហ្គួ​​​ទាំង​​​បង្ខំ​​​ នៅ​​​ពេល​​​ដែលការ​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រកកោន​​​របស់​​​ពួក​​​គេ​​​កំពុង​​​ដំណើរ​​​ការ​​​នៅ​​​ឡើយ​​នៅ​​​ពេល​​​នោះ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​បំពាន​​​អនុសញ្ញា​​​អង្គការ​​​សហប្រជាជាតិ​​​ឆ្នាំ​​​១៩៥១​​​ស្ដីពី​​​ជន​​​ភៀសខ្លួន​​​ ព្រម​​​ទាំង​​​​​​អនុសញ្ញា​​​អង្គការ​​​សហប្រជាជាតិ​​​មួយ​​​ទៀត​​​ស្ដីពី​​​ការ​​​និរទេស​​​ជន​​​ភៀស​​​ខ្លួន​​​។

រដ្ឋាភិបាល​​​ក៏​​​បាន​​​បិទ​​​មជ្ឈមណ្ឌល​​​របស់​​​ទីភ្នាក់ងារ​​​ជន​​​ភៀសខ្លួន​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ភ្នំពេញ​​​កាល​​ពី​​​ឆ្នាំ​​​២០១១ដែរ​​​ ហើយ​​​អ្នក​​​ស្វែងរក​​​សិទ្ធិ​​​ជ្រកកោន​​​កុលសម្ព័ន្ធ​​​ភ្នំ​​​មុ៉ងតាញ៉ា ៧៥​​​នាក់​​​ ត្រូវ​​​បាន​​​ឲ្យ​​​តាំង​​​ទីលំនៅ​​​នៅ​​​ក្រៅ​​​ប្រទេស​​​ ឬ​​​និរទេស​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​​​នៅ​​​ទីនោះ​​​ពួក​​​គេ​​​អះអាង​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​ធ្វើ​​​ទុក្ខបុកម្នេញ​​​ដោយសារ​​​ជំនឿ​​​សាសនា​​​គ្រិស្ដ​​​របស់​​​ពួក​​​គេ​​​ និង​​​ការ​​​ទាមទារ​​​សុំ​​​សិទ្ធិ​​​កាន់​​​កាប់​​​ដីធ្លី​​​របស់​​​ជន​​​ជាតិ​​​​​ភាគ​​​តិច​​​។

អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​​​​​បាន​​​លើក​​​ឡើង​​​អំពី​​​ការ​​​បង្ក្រាប​​​ដោយ​​​ហិង្សា​​​លើ​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​និង​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ថា “កិច្ច​​​ព្រមព្រៀង​​​ជាមួយ​​​ប្រទេស​​​អូស្ត្រាលី​​​នេះ​​​ ក៏​​​កើត​​​មាន​​​ឡើង​​​ចំពេល​​​ដែល​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​ធ្ងន់​​​ធ្ងរ​​​​​​ឈាន​​​ដល់​​​ចំណុច​​​វិបត្តិ​​​ ជា​​​ស្ថានភាព​​​មួយ​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​ខ្លួន​​​ឯង​​​បាន​​​រិះគន់​​​”។

លោក​​​ បិនណិត បានបន្ថែម​​​ថា “ក្រៅ​​​ពី​​​ខុស​​​ច្បាប់​​​ វា​​​មិន​​​សម​​​ហេតុ​​​ផល​​​និង​​​គួរ​​​ឲ្យ​​​អៀនខ្មាស​​​សម្រាប់​​​ប្រទេស​​​អូស្ត្រាលី​​​ក្នុង​​​ការ​​​បញ្ជូន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រកកោន​​​ទៅ​​​កាន់​​​ប្រទេស​​​មួយ​​​ដែល​​​មិន​​​មាន​​​ការ​​​ធានា​​​ចំពោះ​​​ការ​​​គោរព​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ជា​​​ប្រទេស​​​ដែល​​​អូស្ត្រាលី​​​ខ្លួន​​​ឯង​​​បាន​​​ថ្កោល​​​ទោស​​​នៅ​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ ចំពោះ​​​ការ​​​មិន​​​គោរព​​​សិទ្ធិមនុស្ស​​​”។ គេ​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​ពី​​​ក្រសួង​​​ការបរទេស​​​កម្ពុជា​​​បាន​​​ទេ៕ គឹម​​​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស