27 C
Phnom Penh

អ្នក​ជាប់ឃុំ​ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ទាំង​២១នាក់​ស្វែង​រក​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​លើកទី​៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វន់ ពៅ សកម្មជន​សហជីព​ ព្រម​​​ទាំង​​​កម្មករ​​​និង​​​សកម្ម​​​ជន​​​​២០នាក់ទៀត​​​ដែល​​​ត្រូវ​បាន​​​​ចាប់​​​ខ្លួន​​​ដាក់​​​ពន្ធនាគារ​ចាប់​តាំង​ពី​មាន​​​ការ​បង្ក្រាប​ដោយ​​​ហិង្សា​ទៅ​លើ​ការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​កាត់ដេរ​​​កាល​​​ពីដើម​ខែ​មករា​​​នោះ​ ឥឡូវ​នេះ​​​ត្រូវ​បាន​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​តាម​សំណើសុំនៅ​ក្រៅ​ឃុំ​របស់ពួកគេ​ជាលើ​ក​ទី​៥កាលពី​ថ្ងៃសុក្រ។

លោក វន់ ពៅ ដែល​ជា​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​​ ​ត្រូវ​​បាន​ផ្ត​ន្ទាទោស​ជាមួយ​កម្មករ​២២នាក់ទៀត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​អំឡុង​​ការ​ធ្វើ​កូដកម្ម​​​របស់​កម្មករ​រោងចក្រ​កាត់ដេរ​កាល​​​ពី​ខែ​មករា។

បុរស​​ពីរ​នាក់​​​ក្នុង​ចំណោម​បុរស​ទាំង​នេះ​​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​​​ក្រៅ​​​ឃុំ​​​បណ្តោះ​អាសន្ន​ ហើយ​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​អ្នក​ទាំង​២៣នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​​បទ​ប្រើ​អំពើ​ហិង្សា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​​​នោះ​​​បាន​ធ្វើ​ឡើង​​កាលពី​ថ្ងៃ​​​ទី​២៥​ខែ​​​មេសា និង​ត្រូវ​​​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃ​​​ទី​៦ខែ​ឧសភា។

សវនាការ​កាលពី​ម្សិលមិញ​មិន​មាន​​​​វត​្ត​មាន​អ្នក​ជាប់​ឃុំ​ទាំង​២១នាក់​ទេ។ ឥឡូវនេះ​ពួកគេ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​១​ក្នុង​ពន្ធនាគារ​ព្រៃស​​បន្ទាប់ពី​ត្រូវ​បាន​ផ្ទេរ​ពី​មណ្ឌ​ល​អប់រំ​​​កែ​​​ប្រែ​ទី​៣​​​នៅ​​​ដាច់ស្រយាល​ក្នុង​ខេត្ត​កំពង់​ចាម​ប៉ុន្មាន​ថ្ងៃ​មុន​​​ការ​បើក​សវនាការ​ជំនុំ​ជម្រះ។

អំឡុង​សវនាការ​ លោក សម សុគង់ មេធាវី​ការ​ពារ​លោក​ វន់ ពៅ បាន​ស្នើ​​​ឲ្យ​លោក ឃឹម ប៉ុណ្ណ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​​ដោះ​លែង​មេ​​​ដឹក​នាំ​សហជីព​រូប​​​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​​​​បណ្តោះ​អាសន្ន។​​​​ គាត់​បាន​វះ​កាត់​ជំងឺ​តម្រង​នោម​កាលពី​ឆ្នាំមុន ហើយ​​ត្រូវ​ការ​ព្យាបាល​ជា​ចាំបាច់​ ពីព្រោះ​សុខភាព​របស់​​​គាត់កាន់​​តែ​​​ធ្ងន់​ធ្ងរ​ទៅៗ​​​​បន្ទាប់​​​ពីត្រូវ​បាន​វាយ​ដំ។

លោក សម សុគង់ បាន​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សំណើ​​​របស់​​​លោក​​​ទៅ​ក្រុម​ចៅ​ក្រម​ថា “ស្ថាន​ភាព​សុខភាព​របស់​​​គាត់​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​​​ខ្លាំង ពីព្រោះ​គាត់​បាន​វះ​កាត​់ជំងឺ​តម្រង​នោម”។

ប៉ុន្តែ​ លោក ឈួន ចន្ថា ព្រះ​រាជ​អាជ្ញា​​​រង​​បាន​មាន​ប្រសាសន៍​​​ថា មិន​គួរ​ពិចារណា​អំពី​សំណើ​​​សុំ​ដោះ​លែង​ឲ្យ​នៅ​​​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទេ​នៅ​ដំណាក់​កាល​នេះ ពីព្រោះ​​​​តុលាការ​​​កំពុង​​​ជំនំុ​​​ជម្រះ​​​រឿង​​​ក្តី​​​នេះ។

លោក​បាន​មាន​ប្រសាសន៍​​​ថា “ខ្ញុំ​ស្នើ​ឲ្យ​ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តម្កល់​​​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​​ ពីព្រោះ​រឿង​ក្តី​​​នេះ​កំពុង​តែ​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​តុលាការ​”។

សាលា​ដំបូង​រាជ​ធានី​​​បាន​ច្រាន​ចោល​សំណើ​​​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ពីរ​​​ដង​​​រួច​មក​ហើយ​​ ហើយ​សាលាឧទ្ធរណ៍​ក៏បាន​ច្រាន​ចោល​ពីរ​ដង​ដែរ។

លោក​​​ចៅ​​​ក្រម ឃឹម ប៉ុណ្ណ បាន​មាន​ប្រសាសន៍​​​ថា សាលក្រម​​ពាក់ព័ន្ធ​សំណើ​​​សុំ​​​នៅ​ក្រៅ​ឃុំ​​បណ្តោះ​អាសន្ន​​​នេះ​នឹង​​​ត្រូវ​ប្រកាស​នៅ​​​ថ្ងៃ​​​ទី​៩ ខែ​ឧសភា រយៈពេល​បី​​​ថ្ងៃ​​​បន្ទាប់ពី​​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​បុរស​ទាំង​នេះ​។

លោក អំ សំអាត​ អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​​បាន​មាន​ប្រសាសន៍​​​ថា សេចក្តី​សម្រេច​ក្នុង​ការ​ពន​្យារ​ពេល​សាលក្រម​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នេះគឺ​ជា​ហេតុផល​នយោបាយ។ លោក​បាន​មាន​ប្រសាសន៍​​​ថា “វា​​​ជា​ការ​ល្អ​ក្នុ​ង​​​ការ​ដោះ​លែង​ពួក​​​គាត​់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ពីព្រោះ​នេះ​​​គឺ​ជា​បទល្មើស​​មជ្ឈិម”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស