ក្រុម​​ហ៊ែកឃើ​​​អនាមិក​​​អះអាង​​​ថា បាន​​​វាយ​​​ប្រហារ​​​ក្រុមហ៊ុន​​​ Cellcard នឹងបន្ត​​​​​ការវាយ​​​ប្រហារ​​​

សមាជិក​​​ក្រុម​​​អនាមិក (Anonymous) ដែល​​​ជា​​​ក្រុម​​​ហ៊ែកឃើ​​​ពិភពលោក​​​បាន​​​អះអាង​​​ថា បាន​​​ជ្រៀត​​​ចូល​​​ម៉ាស៊ីន​​​មេ (Server) របស់​​​ក្រុមហ៊ុន​​​ប្រតិបត្តិករ​​​ទូរស័ព្ទ​​​ធំបំផុត​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​បាន​​​បញ្ចេញ​​​វីដេអូ​​​មួយ​​​គំរាម​​វាយ​​​ប្រហារ​​​​រដ្ឋាភិបាល​​​ និង​​​ស្ថាប័ន​​​គាំទ្រ​​​រដ្ឋាភិ​បាល​បន្ថែម​​​ទៀត។

ហេតុការណ៍​​​​​​នេះ​​​កើត​​​មាន​​​ឡើង​​​ក្រោយ​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​សមាជិក​​​បួន​​​នាក់​​​នៃ​​​ក្រុម​​​អនាមិក​​​កម្ពុជា​​​ ដែល​​​ជា​​​សាខា​​​របស់​​​ក្រុម​​​អនាមិក​​​ ហើយ​​​​​​យ៉ាង​​​ហោច​​​ណាស់​​​ពី​​​រ​​​នាក់​​​ក្នុង​​​ចំណោម​​​នោះ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដោយ​​​មាន​​​ជំនួយ​​​ពី​​​ការិយាល័យ​​​សហព័ន្ធ​​​ស៊ើប​​​អង្កេត​​​ FBI  របស់​​​សហរដ្ឋ​​​អាេមរិក​​​។

សមាជិក​​​ក្រុម​​​ហ៊ែក​​​ឃើ​​​បាន​​​លើក​​​ឡើង​​​តាម​​​ប្រព័ន្ធ​​​អីុន​​​ធើណិត​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​​​ថា ពួក​​​គេ​​​បាន​​​ជ្រៀត​​​ចូល​​​ម៉ាសីុន​​​មេ​​​របស់​​​ក្រុមហ៊ុន​​​ប្រតិបត្តិករ​​​ទូរស័ព្ទ​​​ចល័ត​​​ Cellcard និង​​​​​​​​លេខ​​​ទូរស័ព្ទ​​​រាប់ពាន់​​​ដែល​​​ចុះ​​​បញ្ជី​​​តាម​​​អីុនធើណិត​​​និង​​​កូដ​​​ PIN ដែលជា​​​របស់​​​អ្នក​​​ចុះ​​​បញ្ជី​​​ប្រើ​​​សេវា​​​ទូរស័ព្ទ​​​ និ​​​ងបុគ្គលិក​​​ក្រុមហ៊ុន​​​ Cellcard។

អ្វី​​​ដែល​​​ពួក​​​គេ​​​បាន​​​បង្ហោះ​​​នោះបាន​​​ក៏​​​អំពាវនាវ​​​ឲ្យ​​​សមាជិក​​​វាយ​​​ប្រហារ​​​គេហទំព័រ​​​ទាំងអស់​​​  ដែល​​​មាន​​​ពាក្យ​​​កាត់​​​ដូច​​​ជា​​​ .gov.kh និង​​​ .mil.kh ឬ​​​ .kh ជា​​​ដើម​​​។ ក្រុមនេះ​​​បាន​​​សរសេរ​​​ថា “ការ​​​អញ្ជើញ​​​ FBI ឲ្យ​​​ចូល​​​មក​​​ប្រទេស​​​របស់​​​អ្នក​​​ដើម្បី​​​រារាំង​​​ក្រុម​​​អនាមិក​​​ គឺ​​​ជា​​​គំនិត​​​អាក្រក់​​​។ អ្នក​​​ណា​​​ដែល​​​បាន​​​អាន​​​សារ​​​នេះ​​​ គួរ​​​តែ​​​ឆ្ងល់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​​​​​​​សូម្បី​​​ FBI ក៏​​​នៅ​​​កម្ពុជា​​​ដែរ​​​។ តើ​​​សហរដ្ឋ​​​អាមេរិក​​​ កំពុង​​​តែ​​​ប្រើប្រាស់​​​ប្រាក់​​​របស់​​​អ្នក​​​បង់​​​ពន្ធ​​​ដើម្បី​​​ដេញ​​​ចាប់​​​​​​និស្សិត​​​ដែល​​​ចូល​​​រួម​​ពាក់ព័ន្ធ​​​ការ​​​តវ៉ា​​​តាម​​​អីុនធើណិត​​​ជុំ​​​វិញ​​​ពិភពលោក​​​  ឬ​​?” ។

ក្រុម​​​នេះ​​​និយាយ​​​ទៀត​​​ថា “និយាយ​​​ដោយ​​​ស្មោះត្រង់​​​ទៅ​​​ យើង​​​មិន​​​សូវ​​​ស្ញប់ស្ញែង​​​ទេ​​​ យើង​​​គិត​​​ថា ប្រហែល​​​ជា​​​ការ​​​ប្រកាស​​​ពី​​​រដូវ​​​កាល​​​វាយ​​​ប្រហារ​​​លើ​​​ម៉ាសីុន​​​មេ​​​នៅ​​​កម្ពុជា​​​ នឹង​​​ផ្ដល់​​​មេរៀន​​​ដល់​​​ពួក​​​គេ​​​អំពី​​​ផល​​​វិបាក​​​ដែល​​​មិន​​​នឹក​​​ស្មាន​​​ដល់​​​។ នៅ​​​ពេល​​​អ្នក​​​ប្រថុយ​​​គ្រោះ​​​ថ្នាក់ខ្លាំង​​​ អ្នក​​​នឹង​​​មាន​​​​​​គ្រោះ​​​ថ្នាក់កាន់​​​តែ​​​​​​ខ្លាំង​​​” ។

ក្រុមហ៊ុន​​​ Cellcard ជា​​​សាខា​​​មួយ​​​របស់​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​​​​ដ៏​​​ធំ​​​នៅកម្ពុជា​​​​របស់លោក​​​ឧកញ៉ា គិត ម៉េង​​​ ដែល​​​មាន​​​ទំនាក់ទំនងយ៉ាង​​​ជិត​​​ស្និទ្ធ​​​នឹង​​​រដ្ឋាភិបាល​​​​​​។

លោក​​​ អៀន​​​ វ៉ាត​​​សុន​​​ (Lan Watson) នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​​ Cellcard​​​ បា​​​ន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទិន្នន័យ​​​បង្ហោះ​​​ដោយ​​​ក្រុម​​​អនាមិក​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ទំនង​​​ជា​​​ទិន្នន័យ​​​តែ​​​មួយ​​​ដែល​​​ខ្លួន​​​ទទួល​​​បាន​​​ អំឡុង​​​ការ​​​វាយ​​​ប្រហារ​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។ លោក​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា “វា​​ទំនង​​​ជា​​​​ព័ត៌មាន​​​តែ​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ប្រព័ន្ធ​​​របស់​​​យើង​​​ត្រូវ​​​បាន​​​ពង្រឹង​​​ និង​​​អភិវឌ្ឍ​​​” ។

កាល​​​ពី​​​ថ្ងៃសៅរ៍​​​ដដែល​​​ មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ធនាគារ​​​កាណាឌីយ៉ា (Canadia Bank Plc.) បាន​​​បដិសេធ​​​ការ​​​អះអាង​​​របស់​​​ក្រុម​​​អនាមិក​​​កាលពី​​​សប្ដាហ៍​​​មុន​​​​​​ដែល​​​លើក​​​ឡើង​​​ថា បាន​​​វាយ​​​ប្រហារ​​​គេហ​​​ទំព័រ​​​ក្រុមហ៊ុន​​​មូលប័ត្រ​​​កាណា (Cana Securities Ltd.)​​​ ដែល​​​ជា​​​ក្រុមហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​របស់ខ្លួន​​​ ហើយ​​​បាន​​​បញ្ចេញ​​​អ្វី​​​ដែល​​​ទំនង​​​ជា​​​ឈ្មោះ​​​អ្នក​​​ប្រើ​​​ប្រាស់​​​ និង​​​លេខ​​​កូដ​​​សម្ងាត់​​​នៅ​​​លើ​​​គេហទំព័រ​​​នេះ​​​។

លោក​​​ ថូមី ប៊ូគ្រីស (Tommy Boukhris) នាយ​​​ក​​​គម្រោង​​​នៅ​​​ធនាគារ​​​កាណាឌីយ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​អាច​​​និយាយ​​​បាន​​​ថា គ្មាន​​​ឈ្មោះ​​​អ្នក​​​ប្រើប្រាស់​​​ និង​​​/ឬ លេខ​​​កូដ​​​សម្ងាត់​​​របស់​​​អតិថិជន​​​ក្រុមហ៊ុន​​​មូលប័ត្រ​​​កាណា​​​ ណាមួយ​​​ត្រូវ​​​បាន​​​ជ្រៀត​​​ចូល​​​ឡើយ​​​ ហើយក៏​​​​​​គ្មាន​​​ព័ត៌មាន​​​ផ្ទាល់ខ្លួន​​​ណាមួយ​​​របស់​​​អតិថិជន​​​ណាម្នាក់​​​ត្រូវ​​​បាន​​​ជ្រៀត​​​ចូល​​​នោះ​​​ដែរ​​​” ។

កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​​​​​ អគ្គ​​​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​ និង​​​FBI ដែលបាន​​​ប្រើ​​​ពេល​​​ប្រាំបី​​​ខែក្នុង​ការ​​​ស៊ើប​​​អង្កេត​​​រួម​​​គ្នា ហើយបានចាប់ខ្លួនយុវជន​​​ឈ្មោះ​​​ ប៊ុន ឃីង​​​មង្គល​​​បញ្ញា អាយុ​​​២១​​​ឆ្នាំ​​​ និង​​​យុវជន​​​ឈ្មោះ​​​ ជូ សុង​​​ហេង​​​ អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​ជា​​​សមាជិក​​​ក្រុម​​​អនាមិក​​​កម្ពុជា ​​​និង​​​ចោទ​​​ប្រកាន់ពី​​​បទ​​​វាយ​​​ប្រហារ​​​គេហទំព័រ​​​រដ្ឋាភិបាល​​​ចំនួន​​​៣០​​​ និង​​​បទ​​​លួច​​​ទិន្នន័យ​​​។

កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ សមាជិក​​​ពីរ​​​នាក់ទៀតរបស់​​​ក្រុម​​​នេះ​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទ​​​វាយ​​​ប្រហារ​​​គេហ​​​ទំព័រ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​ពុក​​​រលួយ ហើយ​​​ឈ្មោះ​​​របស់​​​ពួក​​​គេ​​​មិន​​​ត្រូវ​​​បាន​​​បញ្ចេញ​​​ឲ្យ​​​ដឹងនោះ​​​ទេ​​​៕​​​សុខុម​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.