28 C
Phnom Penh

រោងចក្រ​​​នៅ​​​បាវិត​​​បើក​​​វិញ​​​ហើយ ក៏ប៉ុន្តែ​​​វិវាទ​​​​​​ប្រាក់​​​ឈ្នួល​​​នៅ​​​អូស​​​បន្លាយ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​​ នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ និយោជិត​​​នៅ​​​ឯ​​​រោងចក្រ​​​ផលិត​​​សម្លៀក​​​បំពាក់​​​ និង​​​ស្បែក​​​ជើង​​​ចំនួន​​​៣៧​​​លើក​​​លែង​​​តែ​​​រោងចក្រ​​​ពីរ​​​ប៉ុណ្ណោះនៅក្រុង​​​បាវិត​​​ បាន​​​វិល​​​ត្រឡប់​​​មក​​​ធ្វើការ​​​វិញ​​​ហើយកាលពីថ្ងៃសៅរ៍​​​ បន្ទាប់ពី​​​រដ្ឋាភិបាល​​បានបញ្ជា​​​ឲ្យ​​​បិទ​​​​កាលពីសប្ដាហ៍មុន​​​ ដែ​​ល​​​ជាហេតុបណ្ដាល​​​ឲ្យ​​​មាន​​​ការធ្វើកូដ​​​កម្ម​​​កាន់​​​តែ​​​រីកធំឡើងជុំវិញ​​​ការ​​​បើក​​​ប្រាក់​​​រង្វាន់​​​។

កូដ​​​កម្ម​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​នៅ​​​ឯរោងចក្រ​​​ចំនួន​​​ពីរ​​​បី​​​កន្លែង បន្ទាប់ពី​​​ពិធីបុណ្យចូល​​​ឆ្នាំ​​​ខ្មែរកាលពីខែ​​​មុន នៅពេល​​​ដែល​​​កម្មករ​​​បាន​​​ដឹង​​​ថា កម្មករ​​​នៅឯរោងចក្រ​​​ផ្សេង​​​ទៀត​​​ ថ្មីៗ​​​នេះ​​​ត្រូវ​​​បាន​​​បើក​​​ប្រាក់​​​រង្វាន់​​​៥០​​​ដុល្លារ​​​ ក្នុង​​​ការ​​​យល់​​​ព្រម​​​មិន​​​ធ្វើ​​​កូដ​​​កម្ម​​​ អំឡុង​​​រយៈ​​​ពេល​​​ពីរ​​​បីខែ​​​មក​​​នេះ​​​។

កូដកម្ម​​​នេះកាន់តែរីកធំឡើង និង​​​បាន​​​ប្រែ​​​ជា​​​អំពើ​​​ហិង្សា​​​ នៅពេល​​​កម្មករ​​​ចាប់​​​ផ្ដើម​​​គប់​​​ដុំថ្ម​​​ចូលក្នុង​​​រោងចក្រ​​​មួយ​​​ចំនួន​​​កាល​​​ពីថ្ងៃ​​​ច័ន្ទសប្តាហ៍មុន ដែល​​​ធ្វើ​​​ឲ្យ​​​រដ្ឋាភិបាល​​​បញ្ជា​​​ឲ្យ​​​បិទរោងចក្រ​​​នៅ​​​ក្នុង​​​ក្រុង​​​នេះជាបន្ទាន់​​​។

លោក អ៊ូ សុខហឿន អនុ​​​ប្រធាន​​​មន្ទីរ​​​ការងារខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បិទ​​​នេះ​​​ តែ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ប៉ុណ្ណោះ គឺ​​​ថ្ងៃ​​​អង្គារ​​​ និង​​​ថ្ងៃពុធ ប៉ុន្តែ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ជា​​​ទិវា​​​ពល​​​កម្ម​​​អន្តរជាតិ​​​។ លោក​​​បាន​​​បន្ថែម​​​ថា កាលពី​​​ថ្ងៃ​​​សុក្រ លោក​​​បាន​​​ជួប​​​ជាមួយ​​​តំណាង​​​មក​​​ពី​​​រោងចក្រ​​​ និង​​​តំណាង​​​មក​​​ពី​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្ពុជា​​​ ដែល​​​មានការលើកឡើងច្រើន​​​នៅក្នុង​​​ក្រុង​​​បាវិត ដើម្បី​​​ជួយ​​​ពួកគេ​​​ក្នុង​​​ការ​​​ដោះស្រាយ​​​ជម្លោះនេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំបាន​​​ស្នើ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​អស់​​​បើក​​​[ប្រាក់​​​ឈ្នួល​​​ប្រចាំថ្ងៃ​​​]៥០​​​ភាគ​​​រយ​​​ អំឡុង​​​ការ​​​ផ្អាកការងារ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ ចាប់​​ពីថ្ងៃទី២៩ ដល់​​​ថ្ងៃទី​​​៣០ មេសា ប៉ុន្តែ​​​ពួកគេ​​​សុំពេល​​​បន្ថែមទៀត​​​ដើម្បីពិចារណា​​​”។

លោក​​​ មុនី កក្កដា ប្រធាន​​​រដ្ឋបាល​​​នៅ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ តាយ​​ ​សេង ដែល​​​បាន​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំនេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ឆេង ឈាន់ អគ្គលេខាធិការ​​​នៃ​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​គំរាម​​​បន្ត​​​ធ្វើកូដ​​​កម្ម​​​ ប្រសិន​​​បើ​​​រោងចក្រ​​​ទាំង​​​នេះ​​​មិន​​​បើក​​​​​​ប្រាក់ឈ្នួល​​​ពេញ​​​ឲ្យ​​​កម្មករ​​​សម្រាប់​​​អំឡុង​​​ពេល​​​បិទនោះ។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “លោក​​​ ឆេង ឈាន់ បាន​​​លើក​​​ឡើង​​​នៅ​​​ឯ​​​កិច្ច​​​ប្រជុំ​​​កាលពីថ្ងៃសុក្រថា លោក​​​នឹង​​​​​​បញ្ចុះបញ្ចូល​​​កម្មករ​​​ឲ្យឈប់​​​ធ្វើ​​​កូដកម្ម​​​ ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នេះ​​​បើក​​​[ប្រាក់​​​ឈ្នួលរបស់ខ្លួន]​​​៥០​​​ភាគរយ​​​​​​ អំឡុង​​​កូដកម្ម​​​ និង​​​១០០​​​ភាគរយ​​​សម្រាប់​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ ដែល​​​រដ្ឋាភិបាល​​​បញ្ជា​​​ឲ្យបិទរោងចក្រ​​​ ប៉ុន្តែ​​​យើង​​​មិន​​​ទាន់​​​បាន​​​ធ្វើ​​​សេចក្ដីសម្រេច​​​នៅ​​​ឡើយ​​​ទេ”។

ដោយ​​​សួរ​​​ថា តើ​​​សហជីព​​​របស់​​​លោក​​​នឹង​​​ដឹក​​​នាំកូដ​​​កម្ម​​​បន្ត​​​ទៀត​​​ជុំវិញ​​​ជម្លោះ​​​បើក​​​ប្រាក់​​​ឈ្នួល​​​ឬយ៉ាង​​​ណា​​​នោះ លោក ឆេង ឈាន់ បាន​​​បញ្ចៀស​​​សំណួរ​​​ និង​​​បាន​​​លើក​​​ឡើង​​​ម្ដង​​​ទៀត​​​នៅ​​​អ្វី​​​ដែល​​​លោក​​​បាន​​និយាយកន្លងមក​​​ថា​​​ សហ​​​ជីព​​​មិនបានចូលរួមក្នុង​​​ការ​​​ញុះញង់​​​ឲ្យកម្មករ​​​ធ្វើកូដ​​​កម្ម​​​ទាម​​​ទារ​​​ប្រាក់​​​រង្វាន់​​​៥០​​​ដុល្លារ​​​មុនដំបូងនោះ​​​ទេ។

ប៉ុន្តែ​​​ លោក​​​បាន​​​ព្រមាន​​​ថា កម្មករ​​​អាច​​​មានឆន្ទៈបន្ត​​​ធ្វើកូដ​​​កម្ម​​​​​​ ប្រសិន​​​បើ​​​រោងចក្រ​​​បដិសេធ​​​មិន​​​បើ​ក​​​ប្រាក់​​​ឈ្នួល​​​៥០​​​ភាគរយ អំឡុង​​​កូដកម្ម និង​​​១០០​​​ភាគរយ​​​សម្រាប់​​​រយៈពេល​​​ពីរ​​​ថ្ងៃ ដែល​​​រោងចក្រ​​​ត្រូវ​​​បាន​​​បញ្ជា​​​ឲ្យ​​​បិទ​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំគិត​​​ថា កម្មករ​​​នឹង​​​បន្ត​​​ធ្វើកូដ​​​កម្ម​​​នៅថ្ងៃច័ន្ទនេះ បន្ទាប់ពី​​​ពួកគេ​​​បើក​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​​​​ ពីព្រោះ​​​ពួកគេ​​​មិនសប្បាយ​​​ចិត្ត​​​នឹង​​​លទ្ធផល​​​នៃកិច្ច​​​ប្រជុំនេះ​​​ឡើយ​​​”៕ ប៊ុននី​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស