នៅក្នុងខេត្តស្វាយរៀង និយោជិតនៅឯរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងចំនួន៣៧លើកលែងតែរោងចក្រពីរប៉ុណ្ណោះនៅក្រុងបាវិត បានវិលត្រឡប់មកធ្វើការវិញហើយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាឲ្យបិទកាលពីសប្ដាហ៍មុន ដែលជាហេតុបណ្ដាលឲ្យមានការធ្វើកូដកម្មកាន់តែរីកធំឡើងជុំវិញការបើកប្រាក់រង្វាន់។
កូដកម្មនេះបានចាប់ផ្ដើមនៅឯរោងចក្រចំនួនពីរបីកន្លែង បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរកាលពីខែមុន នៅពេលដែលកម្មករបានដឹងថា កម្មករនៅឯរោងចក្រផ្សេងទៀត ថ្មីៗនេះត្រូវបានបើកប្រាក់រង្វាន់៥០ដុល្លារ ក្នុងការយល់ព្រមមិនធ្វើកូដកម្ម អំឡុងរយៈពេលពីរបីខែមកនេះ។
កូដកម្មនេះកាន់តែរីកធំឡើង និងបានប្រែជាអំពើហិង្សា នៅពេលកម្មករចាប់ផ្ដើមគប់ដុំថ្មចូលក្នុងរោងចក្រមួយចំនួនកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ដែលធ្វើឲ្យរដ្ឋាភិបាលបញ្ជាឲ្យបិទរោងចក្រនៅក្នុងក្រុងនេះជាបន្ទាន់។
លោក អ៊ូ សុខហឿន អនុប្រធានមន្ទីរការងារខេត្តបានមានប្រសាសន៍ថា ការបិទនេះ តែរយៈពេលពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃអង្គារ និងថ្ងៃពុធ ប៉ុន្តែថ្ងៃព្រហស្បតិ៍ជាទិវាពលកម្មអន្តរជាតិ។ លោកបានបន្ថែមថា កាលពីថ្ងៃសុក្រ លោកបានជួបជាមួយតំណាងមកពីរោងចក្រ និងតំណាងមកពីសម្ព័ន្ធសហជីពចលនាកម្ពុជា ដែលមានការលើកឡើងច្រើននៅក្នុងក្រុងបាវិត ដើម្បីជួយពួកគេក្នុងការដោះស្រាយជម្លោះនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានស្នើឲ្យក្រុមហ៊ុនទាំងអស់បើក[ប្រាក់ឈ្នួលប្រចាំថ្ងៃ]៥០ភាគរយ អំឡុងការផ្អាកការងាររយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ មេសា ប៉ុន្តែពួកគេសុំពេលបន្ថែមទៀតដើម្បីពិចារណា”។
លោក មុនី កក្កដា ប្រធានរដ្ឋបាលនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ដែលបានចូលរួមកិច្ចប្រជុំនេះបានមានប្រសាសន៍ថា លោក ឆេង ឈាន់ អគ្គលេខាធិការនៃសម្ព័ន្ធសហជីពចលនាកម្ពុជា បានមានប្រសាសន៍ថា លោកបានគំរាមបន្តធ្វើកូដកម្ម ប្រសិនបើរោងចក្រទាំងនេះមិនបើកប្រាក់ឈ្នួលពេញឲ្យកម្មករសម្រាប់អំឡុងពេលបិទនោះ។
លោកបានឲ្យដឹងថា “លោក ឆេង ឈាន់ បានលើកឡើងនៅឯកិច្ចប្រជុំកាលពីថ្ងៃសុក្រថា លោកនឹងបញ្ចុះបញ្ចូលកម្មករឲ្យឈប់ធ្វើកូដកម្ម ប្រសិនបើក្រុមហ៊ុនទាំងនេះបើក[ប្រាក់ឈ្នួលរបស់ខ្លួន]៥០ភាគរយ អំឡុងកូដកម្ម និង១០០ភាគរយសម្រាប់រយៈពេលពីរថ្ងៃ ដែលរដ្ឋាភិបាលបញ្ជាឲ្យបិទរោងចក្រ ប៉ុន្តែយើងមិនទាន់បានធ្វើសេចក្ដីសម្រេចនៅឡើយទេ”។
ដោយសួរថា តើសហជីពរបស់លោកនឹងដឹកនាំកូដកម្មបន្តទៀតជុំវិញជម្លោះបើកប្រាក់ឈ្នួលឬយ៉ាងណានោះ លោក ឆេង ឈាន់ បានបញ្ចៀសសំណួរ និងបានលើកឡើងម្ដងទៀតនៅអ្វីដែលលោកបាននិយាយកន្លងមកថា សហជីពមិនបានចូលរួមក្នុងការញុះញង់ឲ្យកម្មករធ្វើកូដកម្មទាមទារប្រាក់រង្វាន់៥០ដុល្លារមុនដំបូងនោះទេ។
ប៉ុន្តែ លោកបានព្រមានថា កម្មករអាចមានឆន្ទៈបន្តធ្វើកូដកម្ម ប្រសិនបើរោងចក្របដិសេធមិនបើកប្រាក់ឈ្នួល៥០ភាគរយ អំឡុងកូដកម្ម និង១០០ភាគរយសម្រាប់រយៈពេលពីរថ្ងៃ ដែលរោងចក្រត្រូវបានបញ្ជាឲ្យបិទនោះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា កម្មករនឹងបន្តធ្វើកូដកម្មនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីពួកគេបើកប្រាក់ខែរបស់ខ្លួន ពីព្រោះពួកគេមិនសប្បាយចិត្តនឹងលទ្ធផលនៃកិច្ចប្រជុំនេះឡើយ”៕ ប៊ុននី