38.8 C
Phnom Penh

រដ្ឋាភិបាល​ច្រាន​ចោល​កង្វល់​ជុំវិញ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បានលើក​ឡើង​ថា សេចក្ដីព្រាង​ច្បាប់​ចំនួន​បី​ដែល​​រដ្ឋសភា​​ជិតនឹង​អនុម័ត​ និង​ដែលមា​ន​បំណង​ធានា​អំពី​ឯក​រាជ្យ​ភាព​របស់​​តុលាការ​កម្ពុជា នឹងមាន​​ន័យផ្ទុយ​ទៅវិញ​ ហើយអង្គការ​​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដក​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចេញ​មកវិញ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​រួច​ហើយ​លើ​ “សេច​ក្តី​ព្រាង​ច្បាប់​សំខាន់ៗ​​” ទាំង​បី​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម ស្ដីពី​លក្ខន្តិកៈ​នៃ​អង្គចៅក្រម និង​ស្ដី​ពី​ការ​រៀបចំ​ស្ថាប័ន​តុលាការ ហើយ​បាន​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​ទៅ​រដ្ឋសភា​កាល​ពី​ខែ​មុន។

អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​ផ្ដល់​​ជំនួយ​​ដល់​កម្ពុជា​ ​កំពុងជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ទាំង​នេះ​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​ថ្មីបំផុតនេះ​លើក​ឡើង​អំពី​កង្វល់​ថា ច្បាប់​ទាំង​នេះ​នឹង​ពង្រឹង​ការ​ក្ដោប​ក្ដាប់​អំណាច​ដែល​មាន​រួច​ហើយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើ​​ប្រព័ន្ធ​តុលាការ​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​មាន​អំពើ​ពុក​រលួយ​រីករាលដាល ការ​ជ្រៀត​ជ្រែកផ្នែក​នយោបាយ​ និង​ការ​ដាក់ទោសតាមការកំណត់ទុក។

នៅ​ក្នុង​ថ្លែង​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក៏បាន​លើក​ឡើង​​នូវ​កង្វល់​អំពី​មាត្រា​​នៅ​ក្នុង​សេចក្ដីព្រាង​ច្បាប់​ទាំង​នេះ​ ដែល​តម្រូវ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ចូល​រួម​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​សំខាន់ៗ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​តែងតាំង ដាក់​វិន័យ​ និង​ពិនិត្យ​មើល​មន្ត្រី​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​តស៊ូ​មតិ​ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ និង​ប្រទេស​ផ្ដល់​ជំនួយ​ជា​រៀង​រាល់​ឆ្នាំ​ថា នឹង​ចាត់​វិធានការ​បង្កើត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ប៉ុន្តែ​មិន​បាន​គោរព​ពាក្យ​សន្យានោះ​ទេ។ ការ​អនុម័ត​ច្បាប់​​ដែល​ផ្ដល់អំណាច​ដល់រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លើ​ស្ថាប័ន​​គ្រប់​គ្រង​​ប្រព័ន្ធ​តុលាការ​នេះ​ លោក ហ៊ុន សែន អាច​ធ្វើ​ឲ្យស្រប​ច្បាប់នូវ​អំណាច​របស់​លោក​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ” ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​​ស្មោះ​ត្រង់​ចំពោះ​​ការ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​មែន​នោះ​ រដ្ឋាភិបាល​​ត្រូវ​​ដក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចេញ​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ហើយ​ធានា​ថា សមាជិក​ទាំងអស់ត្រូវ​ឯករាជ្យ មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់ និង​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​។

អង្គការ​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​សេចក្ដីព្រាង​ច្បាប់​នេះ​ឲ្យ​មាន​ការ​ពិភាក្សា​ដេញ​ដោល​ជា​សាធារណៈ​។ ពេល​បញ្ចប់​បេសកកម្ម​រយៈ​ពេល​មួយ​សប្ដាហ៍​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ លោកស្រី ហ្វ្លាវៀ ប៉ាន​សៀ​រី (Flavia Pansieri) ឧត្តម​ស្នងការ​រង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ​។ ​

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “វា​សំខាន់​ណាស់​ដែល​ច្បាប់​ទាំង​នេះ​ត្រូវ​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​​ទូលំទូលាយ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ និង​យក​ទៅ​​អនុវត្ត​បាន​តែ​​​នៅ​ពេល​ណា​វា​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​”។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ក៏បាន​ជំរុញ​រដ្ឋាភិបាល​​មិន​ឲ្យ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​ទាំ​ង​នេះ​រហូត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​យក​អាសនៈ​​របស់​ខ្លួន​នៅ​រដ្ឋសភា​សិន។ គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​សភា​ដើម្បី​តវ៉ា​ទៅ​នឹង​ការ​បោះ​ឆ្នោតជាតិ​កាល​ពី​ឆ្នាំ​មុន ដែល​គណបក្ស​នេះ​លើក​ឡើង​ថា មាន​ការ​លួច​បន្លំ​ពី​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​។

លោក ជាម យៀប អ្នក​នាំ​ពាក្យ​ និង​ជា​សមាជិក​សភា​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពីម្សិលមិញ​បាន​ច្រាន​ចោល​កង្វល់​ទាំង​អស់នេះ ដោយ​អះអាង​ថា លោក​និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ជំនាញ​និង​មា​ន​បទ​ពិសោធ​ហួស​ពី​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្ត​​ច្បាប់​​ទាំង​នេះ​ឲ្យ​បាន​ល្អ។

នៅ​ពេល​ត្រូវ​បាន​សួ​រ​ថា តើ​រដ្ឋាភិបាល​នឹង​ស្វែង​រក​មតិយោបល់ ឬ​យ៉ាង​ណា​នោះ​លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​សញ្ញា​​បត្រ​បណ្ឌិត​ផ្នែក​ច្បាប់​ ហើយ​ខ្ញុំ​មាន​សញ្ញា​បត្រ​បណ្ឌិត​សេដ្ឋកិច្ច​បី​ទៀត។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​នៅ​រដ្ឋសភា​រយៈ​ពេល​ជាង​៣៣​ឆ្នាំ​មក​ហើយ”។ លោក​បាន​បន្ថែម​ថា “អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មិនទាំង​ចេះ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​យើង​ផង”។

សញ្ញា​បត្រ​មួយ​ក្នុង​ចំណោម​សញ្ញា​បត្រ​របស់​លោក ជាម យៀប គឺ​សញ្ញា​បត្រ “ក្រោយ​បណ្ឌិត​” មក​ពី​សាកល​វិទ្យា​ល័យ Isles International ជា​ស្ថាប័ន​ដែល​គ្មាន​ការ​​ទទួល​ស្គាល់​គុណភាព​អប់រំ និង​សញ្ញា​បត្រ​ដែល​លោក​ធ្លាប់​ទទួល​បាន​ក្នុង​ប្រទេស​​កម្ពុជា។ សញ្ញា​បត្រ​មួយទៀត​មកពី​សាកលវិទ្យាល័យ​ California Global ដែល​ផ្ដល់​សញ្ញា​បត្រ​តាម​​រយៈ​ការ​រៀន​តាម​ប្រព័ន្ធ​អុីន​ធើណិត។​

លោក​ ជាម យៀប បាន​មាន​ប្រសាសន៍​ថា ច្បាប់​ស្តីពី​កំណែទម្រង់​​ប្រព័ន្ធ​តុលាការ​ទាំង​បីនេះ ​រួចរាល់​សម្រាប់​បោះ​ឆ្នោត​អនុម័តប៉ុណ្ណោះ​ តែ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​នៅឡើយ​ទេ៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស