ក្រុងកំពង់ចាម-ទាហាន និងកងរាជអាវុធហត្ថប្រដាប់អាវុធបានរារាំងលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងមិនឲ្យហែក្បួនធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីនេះកាលពីម្សិលមិញ ប៉ុន្តែលោកទាំងពីរបានថ្លែងសុន្ទរកថារយៈពេលខ្លីសម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សានៅថ្ងៃទី១៨ ខែឧសភានេះនៅមុខកន្លែងដែលទាហានបានបិទផ្លូវនោះ និងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិប្រចាំខេត្តនេះ។

ពេលទៅពីភ្នំពេញទៅដល់ទីនោះនៅក្រោយម៉ោង១១ព្រឹកបន្តិច លោក សម រង្ស៊ី បានចូលរួមជាមួយលោក កឹម សុខា និងលោក គុយ ប៊ុនរឿន សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការរបស់ខ្លួនតូចមួយនៅក្រៅទីរួមខេត្តនេះដែលមានអ្នកគាំទ្រប្រហែល៥០០នាក់បានជួបជុំគ្នាមុនពេលដឹកនាំអ្នកគាំទ្រហែក្បួនតាមផ្លូវធំនៅក្នុងក្រុងនេះ។
នៅក្នុងក្រុងកំពង់ចាម កងរាជអាវុធហត្ថបានយករនាំងដែកពណ៌ក្រហមបិទផ្លូវនីមួយៗចេញពីរង្វង់មូលក្រុងនេះ។ ទាហានប្រដាប់ដោយកាំភ្លើងអាកា-៤៧បានដើរចុះដើរឡើងនៅចម្ងាយប្រហែលពីរបីរយម៉ែត្រពីក្រោយផ្លូវបិទនីមួយៗ ខណៈដែលរថយន្តហ្ស៊ីបដែល មានអាវុធចតនៅពីក្រោយនោះមានបំណងរារាំងអ្នកធ្វើយុទ្ធនាការឃោសនាដែលត្រូវទៅទីនោះ។
លោក ប៊ុនរឿន បានសួរមន្ត្រីយោធាទទួលបន្ទុកបិទផ្លូវចូលក្រុងនេះថា “យើងមានផែនការមកតាមផ្លូវនេះ។ ហេតុអ្វីបានជាអស់លោកបិទផ្លូវនេះ?” ។ មន្ត្រីរូបនោះបានឆ្លើយថា “នេះជាបទបញ្ជាមកពីថ្នាក់លើ”។
បន្ទាប់ពីមានការជជែកគ្នាយ៉ាងតានតឹងរយៈពេល៥នាទី ដោយលោក ប៊ុនរឿន បានទទូចម្តងហើយម្តងទៀតសុំឲ្យមន្ត្រីរូបនោះអនុញ្ញាតឲ្យធ្វើយុទ្ធនាការកាត់តាមកងកម្លាំងទាំងនេះ លោក កឹម សុខា បានចេញមកពីរថយន្តរបស់លោកប្រាប់ឲ្យអ្នកគាំទ្រដកចេញដើម្បីចៀសវាងកុំឲ្យមានអំពើហិង្សាណាមួយ។ អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានស្រែកប្រាប់ក្រុមអ្នកគាំទ្រ បន្ទាប់ពីមានភាពតានតឹងថា “គណបក្សសង្គ្រោះជាតិមិនមែនមកធ្វើសង្គ្រាមទេ”។ លោកបានលើកឡើងដោយប្រើពាក្យប្រមាថវៀតណាមថា “នេះមិនមែនជាសមរភូមិមុខទេ។ សមរភូមិមុខនៅភាគខាងលិច។ សមរភូមិមុខគឺត្រូវប្រឈមមុខនឹងយួន ដែលកំពុងយកទឹកដីខ្មែរយើង”។
បន្ទាប់មកលោក សម រង្ស៊ី បានប្រកាសថា ការធ្វើយុទ្ធនាការនេះត្រូវឆ្លងទន្លេមេគង្គទៅកាន់ផ្សារនៅក្រុងសួងក្នុងខេត្តត្បូងឃ្មុំ។ នៅតាមផ្លូវទៅកាន់ផ្សារនោះមាននគរបាល និងកងរាជអាវុធហត្ថជាច្រើន ប៉ុន្តែ មិនមានទាហានទេ។
លោក សេង កុសល ទាហានម្នាក់ដែលឈរយាមផ្លូវធំទៅកាន់ក្រុងកំពង់ចាមបាននិយាយថា ទាហានមកឈរជើងដើម្បីការពារកិច្ចប្រជុំមួយនៅទីនោះ។ គាត់បាននិយាយថា “យើងមកទីនេះដើម្បីការពារសន្តិសុខ ហើយយើងបានបិទផ្លូវនេះពីព្រោះមានកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំនៅទីនោះ។ ប្រសិនបើមានអំពើហិង្សា យើងនឹងបង្ក្រាប”។
លោក ចិត្រ ម៉ាន់ មេបញ្ជាការរងកងវរសេនាតូចប្រចាំខេត្តកំពង់ចាមបានបដិសេធថា មិនមានការដាក់ពង្រាយទាហានទេកាលពីម្សិលមិញ។ វរសេនីយ៍ឯក ចិត្រ ម៉ាន់ បាននិយាយថា “ខ្ញុំបានទៅក្រុងកំពង់ចាមដើម្បីទិញគុយទាវ ហើយបានឃើញរនាំងបិទផ្លូវនៅជិតផ្លូវនោះ។នគរបាលនិងកងរាជអាវុធហត្ថជាអ្នកបិទ នេះជាការងាររបស់ពួកគេ។ មិនមានទាហាននៅទីនោះទេ”។
លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា គណបក្សប្រឆាំងមិនត្រូវបានអនុញ្ញាតឲ្យធ្វើយុទ្ធនាការនៅតាមផ្លូវបិទនេះ និងចំណតរថយន្តនៅជិតនោះទេ។ លោកបាននិយាយថា “អភិបាលក្រុងមិនអនុញ្ញាតឲ្យពួកគេធ្វើយុទ្ធនាការនៅទីនោះទេ ពីព្រោះផ្លូវនោះតូច។ វាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអាចធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់មឺុននាក់”។
លោក លឹមថៃ បាននិយាយថា “ក្រៅពីកន្លែងទាំងពីរនេះ យើងមិនហាមឃាត់ពួកគេទេ។ យើងមានកន្លែងជាច្រើនដូច្នេះហេតុអ្វីបានជាពួកគេចង់បានតែកន្លែងទាំងពីរនេះ? យើងអាចគិតពីបញ្ហាទាំងនេះជាមួយគ្នា”។
បន្ទាប់ពីថ្លែងសុន្ទរកថារយៈពេលខ្លីពេលឆ្លងទន្លេទៅដល់ក្រុងសួង លោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំក្រុមអ្នកគាំទ្រត្រឡប់មកការិយាល័យគណបក្សរបស់ខ្លួនវិញនៅខាងលិចក្រុងនេះ ដែលនៅទីនោះមានក្រុមប្រឹក្សាឃុំសង្កាត់ជាង៥០០នាក់មកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកំពុងរង់ចាំ។
នៅថ្ងៃទី១៨ខែឧសភា ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសដែលបានជាប់ឆ្នោតកាលពី មិថុនា ឆ្នាំ២០១២ នឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅតាមស្រុកខណ្ឌ ខេត្តក្រុងរបស់ខ្លួន។ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានរួមបញ្ចូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិកាលពីខែកក្កដា ឆ្នាំ២០១២។
លោក ប៊ុនរឿន បានប្រាប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងកុំឲ្យភ្លេចទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីឲ្យគណបក្សសង្គ្រោះជាតិទទួលបានអាសនៈក្រុមប្រឹក្សាស្រុកខណ្ឌកាន់តែច្រើន។ លោកបានពន្យល់ប្រាប់ថា “យើងមានកម្លាំងច្រើននៅក្នុងក្រុមប្រឹក្សាទាំងនេះដើម្បីពិនិត្យមើលសកម្មភាពរបស់អភិបាលស្រុកខណ្ឌ ហើយយើងក៏មានសិទ្ធិបង្កើតផែនការអភិវឌ្ឍន៍តាមមូលដ្ឋានដែរ។ ប្រសិនបើនរណាម្នាក់មានបញ្ហាអ្វីមួយ យើងអាចកោះប្រជុំពិភាក្សាគ្នា ហើយប្រជាជនអាចស្នើឲ្យមានវេទិកាសាធារណៈដើម្បីពិភាក្សាអំពីបញ្ហាដែលពួកគាត់ជួបប្រទះ”។ លោកបានបន្ថែមថា “កុំឲ្យបាត់សំឡេងឆ្នោតរបស់បងប្អូន”។
បន្ទាប់ពីមានភាពតានតឹងមួយសន្ទុះជាមួយទាហាន លោក កឹម សុខា បានបញ្ចុះបញ្ចូលឲ្យក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សកាន់អំណាចបោះឆ្នោតគាំទ្រគណបក្សប្រឆាំង។
លោក កឹម សុខា បានសួរថា “តើបងប្អូនដឹងថា ខ្យល់កំពុងបក់តាមផ្លូវណាទេនៅពេលនេះ? ខ្យល់កំពុងបក់មករកគណបក្សសង្គ្រោះជាតិ ហើយបងប្អូនគឺជាតំណាងរបស់ប្រជាពលរដ្ឋ។ ឥឡូវនេះប្រជាជនបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ប្រសិនបើបងប្អូនមិនបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិទេ បងប្អូនមិនមែនជាតំណាងរបស់ប្រជាពលរដ្ឋទេ។តើបងប្អូនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ឬឆន្ទៈយួន?”។
លោក សម រង្ស៊ី បានលើកឡើងថា ឥឡូវនេះគណបក្សប្រឆាំងកំពុងកាន់ដៃគ្នាដោយសម្ងាត់ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ក្រោមជាច្រើនដែលលោកបានមានប្រសាសន៍ថា នឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៨ខែឧសភា។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងរំពឹងថា នឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ មិនថា បងប្អូនគាំទ្រគណបក្សណាទេ យើងសុទ្ធតែខ្មែរទាំងអស់គ្នា។ ក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាដឹងខុសដឹងត្រូវ ពួកគាត់អាណិតប្រទេសជាតិ ហើយពួកគាត់ស្រឡាញ់យុត្តិធម៌ ពួកគាត់នឹងគាំទ្រយើង”៕ គឹមហឿន
(រាយាការណ៍បន្ថែមដោយ ឆន ចាន់ស៊ី)