26 C
Phnom Penh

សាលាដំបូង​ខេត្តរត​នគិរីដោះ​លែង​មន្ត្រី​មូល​ដ្ឋាន​ម្នាក់​ឲ្យ​នៅក្រៅ​ឃុំបណ្ដោះ​អាសន្ន​បន្ទាប់ពី​ជាប់​ចោទ​ពីបទ​រំលោភ​ជាក្រុម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ផ្ត​ល់យោបល់​​របស់​នគរ​បាល និង​ព្រះរាជ​អាជ្ញា កាលពីថ្ងៃសុក្រសាលា​ដំបូង​ខេត្ត​រតន​គិរីបានដោះលែង​បុរស​បីនាក់​ឲ្យ​នៅ​ក្រៅឃុំបណ្ដោះ​អាសន្ន​ រួមមាន​មន្ត្រី​មូល​ដ្ឋាន​ម្នាក់ដែល​ជាប់ចោទ​ពីបទ​រំលោភជាក្រុម​លើ​នារី​​​ម្នាក់​នៅ​ក្រុង​បាន​លុង​កាលពីខែមុន​។

លោកស្រី ជ័យ មាលា ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​បានមាន​ប្រសាសន៍​ថា លោកស្រី​បាន​សម្រេច​ដោះ​លែង​ជន​សង្ស័យ​ទាំង​បីនាក់​ឈ្មោះ ណាង វណ្ណៈ អាយុ​២៧​ឆ្នាំ ស៊ឹម ឃឿន អាយុ​២៧​ឆ្នាំ និង​ ង៉ែត សាគឿន អាយុ​៣២​ឆ្នាំ ពីព្រោះ​មិនមាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ឃុំខ្លួនពួកគេ​ពាក់ព័ន្ធការ​រំលោភ​ជាក្រុម​លើ​​នារី​អាយុ​១៨​ឆ្នាំ​ម្នាក់​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សម្រេច​មិន​ឃុំខ្លួន​អ្នក​ទាំង​បីនេះ​ ពីព្រោះ​នគរបាល​បាន​រាយការណ៍​ថា មាន​ភ័ស្តុ​តាង​មិន​គ្រប់​គ្រាន់​ក្នុង​កា​ចោទ​ប្រកាន់ពួកគេ”។ លោកស្រី​បានមាន​ប្រសាសន៍​ថា នគរ​បាល​មិន​បាន​សាក​សួរ​ជន​សង្ស័យ​​ទាំង​បី​នាក់​ទេ ហើយ​​បាន​ធ្វើ​ ” របាយការណ៍​តែ​ម្នាក់ឯង​”។

ទោះ​ជា​យ៉ាង​ណា លោក ឯម វ៉ុន អធិការ​នគរ​បាល​ក្រុង​បានលុងបាន​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​លោកស្រី​ចៅ​ក្រម មាលា ដោយ​លើក​ឡើង​ថា នគរ​បាល​បាន​សាកសួរ​ជន​ទាំង​បីនាក់​​នេះ​បន្ទាប់ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃទី​១ ខែ​ឧសភា ហើយ​ថា ពួកគេ​ទាំ​ង​អស់​បាន​សារភាព​ចំពោះ​បទ​ល្មើស​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ជន​សង្ស័យ​ទាំង​បីនាក់​បាន​សារភាព​ថា ពួកគេ​បាន​បង្ខំ​នារី​នេះ​ឲ្យ​ផឹក​ស្រា​រហូត​ដល់​សន្លប់ បន្ទាប់​មក​ពួកគេ​បាន​នាំ​នាង​ទៅ​ព្រៃ​មួយ​ ហើយ​បាន​​រំលោភ​ម្នាក់​ម្ដង​ៗ”។ លោក​បាន​បន្ថែម​ថា ការ​ធ្វើ​កោសល្យ​វិច័យ​​នារី​អាយុ​១៨​ឆ្នាំរូប​នេះ​បង្ហាញ​ថា នាង​ពិត​ជា​ត្រូវ​បាន​រំលោភ​ថ្មី​ៗមែន។

លោក ជា សុភក្ត្រ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្តបាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​ឃុំខ្លួន​ជន​សង្ស័យ​ទាំង​បីនាក់​នេះ ប៉ុន្តែ​ ចៅក្រម​មិន​យក​ចិត្ត​ទុក​ដាក់​​នឹង​ដីកាឃុំខ្លួន​របស់​លោកឡើយ​។

ក្នុង​ចំណោម​ជន​​សង្ស័យទាំង​នោះ ឈ្មោះ វណ្ណៈ និង​ ឃឿន គឺ​ជាកសិករ ហើយ​ត្រូវ​ជា​មិត្ត​ភក្ដិ​របស់​ សាគឿន ​ដែល​ជា​ប្រធាន​ការិយាល័យ​ផែន​ការ​អភិវឌ្ឍន៍​ស្រុក​កូន​មុំ។

លោក ឈឿន ចាន់ធាន អភិបាល​ស្រុក​កូន​មុំ​បាន​អះអាង​ថា សាគឿន បាន​បម្រើការ​នៅការិយាល័យ​នេះ​ ហើយ​បាន​និយាយ​ថា គាត់​នឹង​ត្រឡប់​ទៅធ្វើការ​វិញ ពីព្រោះតុលាការ​សម្រេច​ថា គាត់​គ្មាន​ជាប់​ពាក់ព័ន្ធ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិនមាន​គម្រោង​បណ្ដេញ​គាត់​ចេញ​ទេ ពីព្រោះ​តុលាការ​មិន​បាន​រក​ឃើញ​ថា គាត់​មាន​ពិរុទ្ធភាព​ពីបទ​រំលោភឡើយ​”។

ម្ដាយ​ជន​រង​គ្រោះ​បាន​និយាយ​ថា កូន​ស្រី​​របស់​គាត់​ត្រូវ​បាន​ចាប់​រំលោភ​កាលពីថ្ងៃ​ទី​២៥ ខែ​មេសា ហើយ​បាន​​បាក់​ទឹក​ចិត្តយ៉ាងខ្លាំង​​ ប៉ុន្តែ​ភ័យ​ខ្លាច​មិន​ហ៊ាន​ប្រាប់​​គេ​ទេ រហូត​ដល់​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មកនេះ​។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​ខក​ចិត្ត​ណាស់​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា ជន​សង្ស័​យទាំងបី​នាក់​ត្រូវ​បាន​ដោះ​លែង។ ខ្ញុំ​យល់​ថា វា​អយុត្តិធម៌ណាស់​ចំពោះ​កូន​ស្រី​របស់​ខ្ញុំ​។

លោក ឆាយ ធី អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួយ​ស្ត្រីជា​ម្ដាយ​ និង​កូនស្រី​ឲ្យ​ដាក់ពាក្យ​​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​កាលពីថ្ងៃសៅរ៍ ប្ដឹង​ជំទាស់​នឹង​កា​រ​ដោះ​លែង​បុរស​ទាំងបី​នាក់​នេះ​។ គេ​មិន​អាច​ទាក់​ទង​ឈ្មោះ សាគឿន ដើម្បីសុំអត្ថាធិប្បាយ​បានទេ៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស