28.4 C
Phnom Penh

​មន្ត្រី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​លួច​លុយ​១០០.០០០​ដុល្លារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​សុក្រ និង​ត្រូវ​បាន​សាក​សួរ​នៅ​ឯ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​កាលពី​ថ្ងៃសៅរ៍ ពី​បទ​លួច​ប្រាក់​ប្រហែល​១០០.០០០​ដុល្លារ​ពី​ក្រសួង​​រយៈ​ពេល​ប៉ុន្មានឆ្នាំនេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា លោក​ ចែម សង្វា ត្រូវ​បាន​រាយការណ៍​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់ពី​បដិសេធ​មិន​ព្រម​សង​ប្រាក់​ ដែល​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​កក់ជាមួយ​ក្រសួង​​ ជា​ការធានាសម្រាប់​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​មួយ​ និង​ដែល​លោក សង្វា តាម​ចោទ​ថា បាន​ដកយក​ពីរ​បី​ឆ្នាំ​មុន​នេះ។

លោក សុខុន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “យើង​បាន​ស្នើ​ឲ្យ​គាត់​បង្វិល​ប្រាក់​ឲ្យក្រសួង​វិញ​ ក៏ប៉ុន្តែ​គាត់​បាន​បដិសេធ​ ហើយ​បន្ទាប់​នោះ​យើង​បាន​បញ្ជូន​ករណី​នេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​”។ លោក​បាន​មាន​ប្រសាសន៍​ថា លោក សង្វា ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ដើម្បី​សាក​សួរ​កាលពី​ថ្ងៃសៅរ៍ ក៏ប៉ុន្តែ​មិន​បាន​ដឹង​ថា លោក​ត្រូវ​បាន​ចោទ​ប្រកាន់​នៅឡើយ​ទេ​។

លោក កោ វណ្ឌី ចៅក្រម​សាក​សួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា រឿង​ក្ដី​នេះ​ស្ថិត​ក្នុង​ដៃ​​​ព្រះរាជ​អាជ្ញា​រង មាស ច័ន្ទពិសិដ្ឋ ក៏ប៉ុន្តែ​លោក ច័ន្ទពិសិដ្ឋ បាន​បដិសេធ​មិនអត្ថាធិប្បាយ​។ លោក​ កែវ រ៉េមី អ្នកនាំពាក្យ​របស់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ក៏បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ដែរ​៕ ប៊ុននី​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស