26 C
Phnom Penh

ព្រះសង្ឃ​​​មួយ​​​អង្គ​​​ត្រូវ​​​សាលាដំបូង​​​ខេត្ត​​​កំពង់ឆ្នាំង​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៨ឆ្នាំ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​និយាយ​​​ថា កាលពី​​​ថ្ងៃ​​​សៅរ៍​​​ សាលាដំបូង​​​ខេត្ត​​​កំពង់ឆ្នាំង​​​បាន​​​ចោទ​​​ប្រកាន់​​​ព្រះសង្ឃ​​​មួយ​​​អង្គ​​​ព្រះ​​​ជន្ម​​​១៨​​​វស្សា​​​ ពី​​​បទ​​​រំលោភ​​​សេពសន្ថវៈ​​​ក្មេង​​​ស្រី​​​អាយុ​​​៨​​​ឆ្នាំ​​​ បន្ទាប់ពី​​​ជន​​​សង្ស័យ​​​បាន​​​ល្បួង​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​ឲ្យ​​​ចូល​​​ក្នុង​​​កុដិរបស់​​​ខ្លួន​​​នៅ​​​​​​វត្ត​​​មួយ​​​ ក្នុង​​​ស្រុក​​​កំពង់​​​ត្រាច​​​។

លោក​​​ សំ សារិទ្ធ​​​ នាយ​​​ប៉ុស្ដិ៍​​​ឃុំ​​​លង្វែក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ឈ្មោះ​​​ ហេង​​​ សុធារិន បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​នេះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រសៀល​​​ ថ្ងៃ​​​សុក្រ​​​ នៅ​​​ខាង​​​ក្នុង​​​វត្ត​​​តាកឹម​​​ កន្លែង​​​ដែល​​​ជន​​​សង្ស័យ​​​បាន​​​ស្នាក់នៅ​​​ប្រហែល​​​មួយ​​​ឆ្នាំ​​​។ លោ​​ក​​​បាន​​​បន្ត​​​ថា ព្រះសង្ឃ​​​អង្គ​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ព្រឹក​​​បន្ទាប់ ​​​ក្រោយ​​​ពី​​​ឪពុក​​​ម្ដាយ​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ជន​​​រងគ្រោះ​​​ស្គាល់​​​ជន​​​សង្ស័យ​​​ ពីព្រោះ​​​នាង​​​រត់​​​លេង​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​ជា​​​ញឹកញាប់​​​ ដោយ​​​សារ​​​តែ​​​វា​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​​​ត្រឹម​​​តែ​​​៥០​​​ម៉ែត្រ​​​ប៉ុណ្ណោះ​​​​​​ពី​​​ផ្ទះ​​​របស់​​​នាង​​​។​​​ នៅ​​​ថ្ងៃ​​​កើត​​​ហេតុ​​​ នៅ​​​សល់​​​តែ​​​ព្រះ​​​សង្ឃ​​​​​បី​​​អង្គ​​​ប៉ុណ្ណោះ​​​គង់​​​​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​ពីព្រោះ​​​​​​ព្រះ​​​សង្ឃ​​​ផ្សេងៗ​​​ទៀត​​​បាន​​​និមន្ត​​​ទៅ​​​ខេត្ត​​​ព្រះសីហនុ ទើប​​​ធ្វើ​​​ឲ្យ​​​ជន​​​សង្ស័យ​​​មាន​​​ឱកាស​​​រំលោភ​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​”។

លោក​​​បាន​​​បន្ត​​​ថា “ព្រះសង្ឃ​​​អង្គនេះ​​​បាន​​​បបួល​​​ក្មេង​​​ស្រី​​​តូច​​​នេះ​​​ឲ្យ​​​ចូល​​​ទៅក្នុង​​​​​​កុដិ​​​របស់​​​ខ្លួន​​​ ដោយ​​​ឲ្យ​​​ផ្លែ​​​មៀនមួយ​​​ចំនួន​​​ទៅ​​​នាង​​​ ហើយ​​​នៅ​​​ពេល​​​​​​ចូល​​​ទៅ​​​ដល់​​​កុដិ​​​ ជន​​​សង្ស័យ​​​បាន​​​បិទ​​​ទ្វារ​​​ប្រាប់​​​ឲ្យ​​​នាង​​ស្រាតខោអាវ​​​ចេញ​​​ ហើយ​​​បន្ទាប់​​​មក​​​ក៏​​​រំលោភ​​​នាង​​​នៅ​​​លើ​​​គ្រែ​​​របស់​​​ខ្លួន​​​”។

ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​ទៀត​​​ ដែល​​​គង់​​​នៅ​​​ក្នុង​​​កុដិ​​​ផ្សេង​​​គ្នា​​​ចម្ងាយ​​​ប្រហែល​​​ជិត​​​១០០​​​ម៉ែត្រ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រះអង្គ​​​មិន​​​បាន​​​ឃើញ​​​ ឬ​​​ឮអ្វី​​​គួរ​​​ឲ្យ​​​សង្ស័យ​​​ទេ​​​ នៅ​​​ពេល​​​កើត​​​ហេតុ​​​។

លោក​​​ សំ សារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា “ដំបូង​​​ឡើយ​​​ ជន​​​រងគ្រោះ​​​មិន​​​បាន​​​ស្រែក​​​ឬ​​​ប្ដឹង​​​ថា ព្រះសង្ឃ​​​អង្គនេះ​​​បាន​​​ចាប់​​​រំលោភ​​​នាង​​​ទេ​​​ ពីព្រោះ​​​នាង​​​មិន​​​យល់​​​ថា អ្វី​​​ជា​​​ការ​​​ចាប់​​​រំលោភឡើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ជន​​​សង្ស័យ​​​បាន​​​ឲ្យ​​​ប្រាក់​​​ទៅ​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​ចំនួន​​​​​​២.៥០០​​​រៀល​​​ ដើម្បី​​​លួង​​​នាង​​​កុំ​​​ឲ្យ​​​និយាយ​​​ប្រាប់​​​គេ​​​អំពី​​​ការ​​​ចាប់​​​រំលោភ​​​នេះ​​​ ប៉ុន្តែ​​​ជីតា​​​របស់​​​នាង​​​មាន​​​ការ​​​សង្ស័យ​​​នៅ​​​ពេល​​​នាង​​​ទិញ​​​កាហ្វេ​​​ឲ្យ​​​គាត់​​​។ នៅ​​​ពេល​​​គាត់​​សួរ​​​ថា នាង​​​បាន​​​ប្រាក់​​​មក​​​ពី​​​ណា​​​ នាង​​​បាន​​​ប្រាប់​​​ថា ព្រះសង្ឃ​​​មួយ​​​អង្គ​​​ព្រះ​​​នាម​​​ “ធារិន” ជា​​​អ្នក​​​ឲ្យ​​​នាង​​​បន្ទាប់​​​ពី​​​ប៉ះពាល់​​​នាង​​​រួច​​​។

ពេល​​​នោះ​​​បង​​​ស្រី​​​របស់​​​កុមារី​​​រងគ្រោះ​​​បាន​​​​​​សារភាព​​​ថា មុន​​​នេះ​​​ ជន​​​រងគ្រោះ​​​បាន​​​ត្អូញ​​​ឈឺ​​​ចុកចាប់​​​ ពីព្រោះ​​​ព្រះសង្ឃ​​​មួយ​​​អង្គ​​​គង់​​​នៅ​​​វត្ត​​​នេះ​​​បាន​​​ប៉ះពាល់​​​នាង​​​ ប៉ុន្តែ​​​នាង​​​​​​មិន​​​ហ៊ាន​​​ប្រាប់​​​រឿង​​​នេះ​​​ទៅ​​​ឪពុក​​​ម្ដាយ​​​និង​​​ជីតា​​​របស់​​​ខ្លួន​​​ទេ ដោយ​​​ខ្លាច​​​ពួក​​​គាត់​​​ពិបាក​​​ចិត្ត​​​។

លោក​​​ សំ សារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា ព្រះសង្ឃ​​​ដែល​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ផ្សឹក​​​ ក្រោយ​​​ពី​​​ត្រូវ​​​ចាប់​​​ខ្លួន​​​។

លោក​​​ ម៉ម សេណារិទ្ធី ក្រឡា​​​បញ្ជី​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​បាន​​​បញ្ជាក់​​​ថា ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​កុមារ​​​ ហើយ​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​ជន​​​ល្មើស​​​​​​កំពុង​​​ជាប់​​​ឃុំ​​​បណ្ដោះ​​​អាសន្ន​​​៕សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស