38 C
Phnom Penh

​​​ក្រសួង​រ៉ែ និង​ថាមពល​មិន​បាន​​​សម្រាល​​​ការ​ភ័យ​ខ្លាច​ជុំវិញ​ទំនប់កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ច​ប្រជុំមួយ​នៅ​ឯក្រសួង​រ៉ែ និង​ថាមពល​ កាលពីថ្ងៃសុក្រ អំពីផែន​ការ​សាង​សង់​ទំនប់​វារីអគ្គិសនីដ៏ចម្រូងចម្រាស​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង មិន​បាន​សម្រាល​ភាព​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​ដែល​ព្យាយាម​បញ្ឈប់​គម្រោង​ ដែល​ការ​សាង​សង់​ត្រូវ​បាន​សម្រេច​យល់​ព្រម​
រួចហើយនោះឡើយ​​​។

សហគមន៍​មួយ​មាន​ប្រជា​ពល​រដ្ឋ​ជនជាតិដើម​ភាគ​តិច​រាប់​រយនាក់បម្រុង​នឹង​ត្រូវ​បានបណ្ដេញចេញ​ពី​ដី​ដូនតារបស់​ខ្លួន​ដើម្បី​ទុក​ផ្លូវ​សម្រាប់គម្រោង​នេះ​ និង​កំពុង​ត្រូវ​បាន​​​​ក្រុម​យុវជន​ ព្រះសង្ឃ​ដែល​សកម្ម​ និង​អង្គការ​​ក្រៅរដ្ឋាភិបាល​ Mother Nature ជួយព្យាយាម​​បញ្ឈប់​​​គម្រោងនេះ​​​។

អំឡុង​កិច្ច​ប្រជុំកាលពីថ្ងៃ​សុក្រ ក្រុម​មន្ត្រី​មក​ពីក្រសួង​នេះ​ និង​ក្រុម​ហ៊ុន​ចិន Sinohydro (Cambodia) United ​ដែល​ពាក់​ព័ន្ធ​នឹង​គម្រោង​នេះ​ បានពន្យល់​ពីមូលហេតុ​ដែលកម្ពុជា​ត្រូវ​ការ​ទំនប់​បែប​នេះ និងបាន​បញ្ជាក់ថា គម្រោង​មួយនេះ​នៅក្នុងខេត្តកោះកុង មិនទាន់​ត្រូវបាន​សម្រេច​យល់ព្រម​នៅឡើយទេ នេះបើយោងតាម​លោក អាឡិច ហ្គោនហ្សាឡេ ដេវីដសុន (Alex Gonzalez-Davidson) ស្ថាបនិកអង្គការ​ក្រៅរដ្ឋាភិបាល​ Mother Nature។

លោក​បានមាន​ប្រសាសន៍​ថា ” ពួកគេ​បានលើក​ឡើង​ថា វា​ស្ថិតក្រោម​ការ​ពិចារណា​នៅឡើយ​។ ពួកគេ​បន្តថា ពួកគេ​នឹង​បន្ត​និង​ធ្វើការ​ស្រាវជ្រាវ​​ ហើយ​ជួប​ជាមួយ​​សហគមន៍ និង​ទីបញ្ចប់​ជួប​ជាមួយ​សង្គម​ស៊ីវិល បន្ទាប់មក​ពួកគេ​នឹង​ធ្វើ​សេចក្ដី​សម្រេច​”។

ប៉ុន្តែ​លោក ហ្គោន ហ្សាឡេ ដេវីដសុន បាន​លើក​ឡើង​ថា ក្រុម​ប្រឆាំង​នឹង​គម្រោង​នេះ​នៅ​តែ​សង្ស័យ​ ដោយ​សារបាន​ឃើញ​ឯកសារ​ដាក់​ស្នើ​សុំ​សេចក្ដី​សម្រេច​គម្រោង​នេះ និង​បាន​ឮ​ពី​មន្ត្រី​មូលដ្ឋាន​ដែល​បាន​បញ្ជាក់​ដូច្នេះ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ទុក​ចិត្ត​ពួកគេ​សោះឡើយ​ ពីព្រោះ​អ្វីៗ​ដែល​យើង​ដឹង បញ្ជាក់​​​ថា ពួកគេ​កំពុង​តែ​ចាប់​ផ្ដើម​សាង​សង់​”។

លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទាំងតំណាងក្រុម​ហ៊ុន​និង​​​មន្ត្រី​រដ្ឋាភិបាល​​​ ដែលមាន​​​វត្តមាន​​​នៅឯ​កិច្ច​ប្រជុំ​ដែល​ក្រសួង​បាន​កោះហៅនោះ​​​ មិនបានបង្ហាញអត្តសញ្ញាណរបស់​​​ខ្លួន​​​ឡើយ។ មន្ត្រីនៅ​ក្រសួង​ និង​ក្រុម​ហ៊ុន​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បានឡើយ​៕ ប៊ុននី​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស