លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានចុះទៅពិនិត្យមើលស្ថានភាពស្ពានថ្មចាស់ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃសៅរ៍ ដើម្បីស៊ើបអង្កេតសេចក្ដីរាយការណ៍ ដែលលើកឡើងថា បុរសជនជាតិវៀតណាមបានជីករកកំណប់នៅទីនោះ។
លោកស្រី មូរ សុខហួរ ដែលជាតំណាងរាស្ត្រជាប់ឆ្នោតមួយរូបដែរនោះ បានសរសេរបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកស្រីថា លោកស្រីបានចុះទៅកន្លែងកើតហេតុដើម្បី “រារាំងជនជាតិវៀតណាមកុំឲ្យព្យាយាមស្វែងរកកំណប់មាស” នៅកន្លែងនោះ។
ពេលទាក់ទងទៅលោកស្រីកាលពីម្សិលមិញ លោកស្រីបានបញ្ជាក់ថា លោកស្រីបានចុះទៅទីតាំងនោះមែន ពីព្រោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង ព្រួយបារម្ភខ្លាចមានកំណប់កប់នៅក្រោមស្ពាន ហើយថា បុរសដែលជីករកកំណប់ទាំងនោះទំនងជាជនជាតិវៀតណាម។ លោកស្រីក៏បានមានប្រសាសន៍ដែរថា លោកស្រីព្រួយបារម្ភ ដែលទាហានរារាំងប្រជាពលរដ្ឋមិនឲ្យចូលទៅកន្លែងដែលបុរសជនជាតិវៀតណាមបានជីក។
លោកស្រីមានប្រសាសន៍ថា “មានជនជាតិវៀតណាមបីនាក់បានជីកដី។ ជម្រៅ [រណ្ដៅ] គឺប្រហែលពីរម៉ែត្រ ហើយទំហំប្រហែលប៉ុនខ្លួនមនុស្សម្នាក់”។ លោកស្រីបានមានប្រសាសន៍ទៀតថា “សប្ដាហ៍ក្រោយ ខ្ញុំនឹងសរសេរលិខិតមួយច្បាប់ផ្ញើទៅតំណាងរាស្ត្រដែលឈ្នះការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ហើយស្នើសុំឲ្យអភិបាលខេត្តបញ្ជាក់ពីការជីកនេះ”។
កាលពីឆ្នាំមុន ជនជាតិវៀតណាមប្រាំមួយនាក់ត្រូវបានចាប់ខ្លួននៅក្រុងបាត់ដំបង ពីបទព្យាយាមជីករកកេសគ្រាប់មួយដាក់មាសនៅក្នុងនោះ ដែលពួកគេបានកប់នៅទីនោះកាលពីបីទសវត្សរ៍មុន នៅពេលពួកគេឈរជើងនៅក្នុងប្រទេសកម្ពុជា ប្រយុទ្ធជាមួយនឹងខ្មែរក្រហម។
លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង បានបដិសេធថា គ្មានបំណងអាក្រក់ណាមួយស្ថិតនៅពីក្រោយការជីកដីនេះទេ ហើយមានប្រសាសន៍ថា លោកគ្រាន់តែបញ្ជាឲ្យការិយាល័យសាធារណការខេត្តជួសជុលស្ពាននេះប៉ុណ្ណោះកាលពីថ្ងៃសៅរ៍។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំបានបញ្ជាឲ្យការិយាល័យសាធារណការបញ្ជាកម្មករឲ្យជួសជុលកន្លែងចាស់ៗដែលមានទឹកហូរចូល ហើយខ្ញុំបារម្ភខ្លាចក្បាលតោថ្ម [នៅលើស្ពាន] បាក់”៕ សុខុម