31 C
Phnom Penh

អ្នក​រង​របួសដោយការ​វាយដំ​​គ្រោងដាក់ពាក្យ​​ប្ដឹង​សន្តិសុខ​ខណ្ឌ​ពី​បទ​បង្ក្រាប​ដោយ​ហិង្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ សមាជិក​សភា​ជាប់ឆ្នោត​គណបក្ស​ប្រឆាំង និង​អ្នក​កាសែតដែល​ត្រូវ​បាន​​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​វាយ​ដំ​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពីថ្ងៃ​សុក្រ​បាន​លើកឡើង​ថា ពួកគាត់​កំពុង​រៀបចំ​ដាក់ពាក្យ​បណ្ដឹងប្តឹង​​កម្លាំង​សន្តិសុខ​ខណ្ឌ​ទាំង​នោះ ​​នៅពេល​ដែលពួកគាត់​ជា​ពីរបួស​វិញ​។

លោក ញ៉យ ចំរើន សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់​ចាម ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រាំ​នាក់​ដែល​រង​របួស​​ប្រេះ​លលា​ដ៍ក្បាល និង​របួស​ជើង​ឆ្វេង​ បន្ទាប់ពី​ត្រូវ​បាន​វាយ​ដោយ​ដំបង​ឆក់ ​និង​ដំបង​ដែក​នោះ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​គម្រោង​ដាក់ពាក្យ​បណ្ដឹង​ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​ផ្ដោត​លើ​សុខភាព​របស់ខ្ញុំ​សិន”។

លោក ចំរើន បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ខ្ញុំ​ស្ទើរ​តែ​មិនអាច​ដើរ​បាន​​ ហើយ​មិន​អាច​អង្គុយ​នៅ​ផ្នែក​ខាង​ឆ្វេងបាន​ឡើយ​ និង​នៅ​​វិល​មុខ​បន្តិច​បន្តួ​ច​”​ ។ លោក​បាន​បន្ថែ​ម​ថា លោក​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ព្យាបាល​បន្ថែម ហើយ​ដើម្បី​ជម្រាប​អ្នក​នយោបាយ​នៅ​ទី​នោះ​អំពី​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជាថា “ដែលកំពុង​ដើរ​ថយ​ក្រោយ​”។

កាល​ពី​ម្សិល​មិញ ព្រះ​តេជ​គុណ លួន សុវ៉ាត សកម្មជន​សិទ្ធិមនុស្ស​​បាន​រៀប​រាប់​​អំពី​របៀប​ដែល​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​​​បាន​គប់ដុំថ្ម​មក​លើ​ព្រះ​អង្គ ដាល់​ព្រះអង្គ និង​យក​ទូរស័ព្ទ​ដៃ​របស់​ព្រះ​អង្គ​ទៅ​បោក​បំបែក​តាម​បញ្ជា​ថ្នាក់​លើ​របស់​ពួក​គេ​ អំឡុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ ថ្ងៃ​ដំបូង​។

ព្រះ​តេជ​គុណ​បាន​មាន​សង្ឃដីកា​កាលពីម្សិលមិញ​ថា “ដំបូង​អាត្មា​បាន​ថត​កម្លាំង​សន្តិសុខ​ទាំង​នេះ​​​នៅពេល​ពួកគេ​ឈរ​យាម និង​បិទ​ផ្លូវ​​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ហើយ​ពួកគេ​នៅ​ស្ងៀម”។ ព្រះ​តេជ​គុណ​មាន​សង្ឃដីកា​ថា “បន្ទាប់​មក​អាត្មា​បាន​ឮ​បញ្ជា​ពី​ថ្នាក់​លើ​ប្រាប់​ពួកគេ​តាមវិទ្យុ​ទាក់​ទង​ ហើយ​បន្ទាប់​មក​ពួកគេ​​បាន​រត់​សំដៅ​អាត្មា​តែ​ម្តង។ បន្ទាប់មក​ពួកគេ​បាន​ព្យាយាម​​វាយ​ព្រះ​កេស​ និង​ខ្លួន​អាត្មា ប៉ុន្តែ​អាត្មា​បាន​យក​ដៃ​រង​ការ​ពារ​ព្រះកេស​ ហើយ​អាត្មា​ក៏បាន​រង​របួស​ដៃ​។ ពេល​នោះ​ពួកគេ​បាន​យក​ដុំ​ថ្ម​គប់​សំដៅ​អាត្មា​តែម្ដង​។ ដុំ​ថ្ម​នោះ​ត្រូវ​ចំ​ព្រះកេស​អាត្មា​”។

យោង​តាម​លោក ណុប វី នាយក​​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​​​ផ្សាយ​នៃ​វិទ្យុ​​សំឡេង​ប្រជាធិបតេយ្យ​ (វីអូឌី)បាន​ឲ្យ​ដឹង​ថា លោក ឡាយ សាមាន អ្នក​យក​ព័ត៌មាន​វីអូឌី ដែល​បាន​ព្យាយាម​យក​ព័ត៌​​មាន​អំពី​កា​រ​វាយ​ព្រះតេជគុណ​ លួន សុវ៉ាត នោះ​បាន​ធូរ​ស្រាល​ហើយ​នៅ​ផ្ទះ​របស់​លោក បន្ទាប់ពី​ត្រូវ​បាន​វាយ​ដំ​រហូត​ដល់​បាក់​​ឆ្អឹង​​​​ថ្ពាល់ និង​សន្លប់​កាលពី​ថ្ងៃសុក្រ​។

​អង្គ​ការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បន្ទាប់ពី​ការ​វាយ​លោក សាមាន ថា “រដ្ឋាភិបាល​មិន​អាច​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​​ចំពោះ​អសន្តិសុខ​ដល់​អ្នក​សារព័ត៌មានក្នុង​​ប្រទេស​បាន​ឡើយ​…រដ្ឋាភិបាល​ខ្លួន​ឯង​នៅ​តែ​ស្ងៀម​ស្ងាត់​​ចំពោះ​ការ​វាយ​ប្រហារ​មកលើ​អ្នក​កាសែត​ដដែល”។

ព្រះតេជគុណ​ លួន សុវ៉ាត មាន​សង្ឃដីកា​ថា នៅ​ថ្ងៃ​សុក្រ ព្រះ​អង្គ​សង្ឃឹម​ថា អ្នក​ដែល​រង​របួស​ទាំង​អស់​អាច​ដាក់​ពាក្យ​បណ្ដឹង​​រួម​គ្នា​ប្ដឹង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដែល​ប្រើអំពើ​ហិង្សា​កាន់​តែ​ខ្លាំង​នេះ។

ព្រះតេជគុណ​មាន​សង្ឃដីកា​បន្ថែម​ថា “អាត្មា​គិត​ថា ប្រសិន​បើ​អាត្មា​ដាក់ពាក្យ​បណ្ដឹង​តែ​ម្នាក់​ឯង​ វា​មិន​សូវ​រឹងមាំ​​ទេ។ ប្រសិន​បើ​អ្នក​កាសែត និង​ប្រជា​ពល​រដ្ឋ​ដទៃ​ទៀត​ដែល​រងរបួ​សដូច​ជា​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​រួម​សាមគ្គី​គ្នា​ដាក់ពាក្យ​បណ្ដឹង​តែមួយ​នោះ​ វា​នឹង​កាន់​តែ​រឹង​មាំ​”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស