24.9 C
Phnom Penh

ក្រុម​​​អ្នក​​​កាសែត​​​កៀង​គ​​​រការគាំទ្រ​​​ ខណៈ​​​ព្រះ​​​សង្ឃ​​​ស្ងាត់​​​ស្ងៀម​​​ជុំ​​​វិញ​​​​​​អំពើ​​​ហិង្សា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​​​នេះ​​​មានកា​​​រថ្កោល​​​ទោស​កាន់​​​តែ​​​ខ្លាំង​​​ឡើង ​​​ក្រោយ​​​ពីការប្រើ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​ ទៅ​​​លើ​​​អ្នក​​​កាសែត​​​ម្នាក់​​​នៅ​​​ជិត​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ ស្រប​​​ពេល​​​ដែល​​​ក្រសួង​​​ព័ត៌​​​មាន​​​បាន​​​ចូល​​​រួ​​​ម​​​ជា​​​មួ​​​យ​​​ការិយាល័យ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ​​ថ្កោល​​​ទោស​​​ចំពោះការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​នេះ​​​។ 

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោកស្រី វ៉ាន ហៀលី (Wan-Hea Lee) ​​​តំណាង​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យមាន​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ការ​​​វាយ​​​ដំ​​​អ្នក​​​កាសែត​​​ រួម​​​ទាំង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​មក​​​ពី​​​វិទ្យុ​​​សំឡេង​​​ប្រជា​​​ធិបតេយ្យ VOD​​​ ឈ្មោះ​​​ ឡាយ  សាមាន  ដែ​​​ល​​​ត្រូវ​​​​​ក្រុម​​​សន្តិសុខ​​​​​ពាក់​​​មួក​​​ការ​​​ពារ​​​សុវត្ថិភាព​​​វាយ​​​ដំ​​​ឲ្យ​​​សន្លប់​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​ផង​​​ដែរ។

លោកស្រី​​​ វ៉ាន ហៀលី បានថ្លែង​​​នៅ​​​​​​ទិវា​​​សេរីភាព​​​សារព័ត៌មាន​​​ពិភពលោក​​​រៀប​ចំ​​​ឡើង​​​នៅ​​​សណ្ឋាគារ​​​អាំង​​​ទែកង់​​​ទីណង់​​​តាល់​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ថា “បទ​​​ល្មើស​​​ គឺជា​​​បទ​​​ល្មើស ហើយ​​​ត្រូវ​​​តែ​​​សើុប​​​អង្កេត​​​។ បទ​​​ល្មើស​​​ប្រព្រឹត្ត​​​ដោយ​​​កង​​​កម្លាំ​​​ងសន្តិសុខ​​​របស់​​​រដ្ឋាភិបាល​​​ គឺ​​​ជា​​​បទ​​​ល្មើស​​​កាន់​​​តែ​​​ធំ​​​ទៅ​​​ទៀត​​​ ត្រូវ​​​តែ​​​សើុប​​​អង្កេត​​​ពី​​​ពួកគេ​​​”។

​​​លោកស្រី​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដែរ​​​ថា វាមាន​​​សារៈសំខាន់​​​ណាស់​​​ក្នុង​​​ការ​​​ច្រាន​​​ចោល​​​ឥរិ​​​យាបថ​​​ដែល​​​ពាក្យ​​​បណ្ដឹង​​​ប្រឆាំង​​​កងកម្លាំង​​​សន្តិសុខ​​​ ក្លាយ​​​ជាការ​​​ឥត​​​ប្រយោជន៍​​​ដោយសារ​​​តែ​​​​​​ “ប្រព័ន្ធ​​​នីតិរដ្ឋ​​​ខ្សោយ​​​”។

លោកស្រី​​​បានមាន​​​ប្រសាសន៍​​​ជំរុញ​​​ឲ្យ​​​អ្នក​​​កាសែត​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ជន​​​ដែល​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​ពួកគេ​​​ថា “ខ្ញុំ​​​សូម​​​និយាយ​​​ថា​​​វា​​​កាន់​​​តែ​​​ [ សំខាន់​​​ ] ទៅ​​​ទៀត ​​​ពីព្រោះ​​​នោះ​​​គឺជា​​​រឿង​​​ពិត​​​។ សូម​​​ផ្តល់​​​ឱកាស​​​ឲ្យមាន​​​នីតិរដ្ឋ​​​”។

នៅក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​ផ្សា​​​យ​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ក្រសួង​​​ព័ត៌មាន​​​បានធ្វើ​​​ការ​​​​​​​​​​​​ថ្កោល​​​ទោស​​​​​​​​​​​​​​​​​​​​ចំពោះ​​​ “ការ​​​គំរាម​​​កំហែង​​​ អំពើ​​​ហិង្សា ការ​​​រឹប​​​អូស​​​សម្ភារ​​​ និង​​​ការ​​​ប្រមាថ​​​ចំពោះ​​​អ្នក​​​សារព័ត៌មាន​​​ ហើយ​ចាត់​​​ទុក​​​ទង្វើ​​​ទាំង​​​នេះ​​​ជាការ​​​រំលោភ​​​បំពាន​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​សេរីភាព​​​សារព័ត៌មាន​​​នៃ​​​ព្រះ​​​រាជាណាចក្រ​​​កម្ពុជា”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ដដែល​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា “ក្រសួង​​​ព័ត៌មាន​​​ក៏​​​សូម​​​​​​ឲ្យ​​​ភាគ​​​ី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ ត្រូវ​​​សហ​​​ការ​​​គ្នា អនុវត្ត​​​សិទ្ធិសេរីភាព តួនាទី​​​ ភារកិច្ច​​​រៀង​​​ៗខ្លួន​​​ឲ្យ​​​បាន​​​​​​ត្រឹម​​​ត្រូវ​​​តាម​​​គោល​​​ការណ៍​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​សេរីពហុ​​​បក្ស​​​ ដែល​​​បាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា មិន​​​មាន​​​ការ​​​រួម​​​សាមគ្គី​​​គ្នា​​​​​​ជាមួយ​​​​​​ព្រះតេជគុណ លួន សុវ៉ាត​​​ សកម្ម​​​ជន​​​ព្រះ​​​សង្ឃ​​​ដែល​​​បាន​​​រង​​​ការ​​​វាយ​​​ដំ​​​ពី​​​សំណាក់​​​កង​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ដែរ​​​នោះ​​​ទេ​​​។

ព្រះ​​​ញាណ​​​វង្ស ឃឹម សន ព្រះ​​​មេគណ​​​រាជធានី​​​ភ្នំពេញ​​​បានមាន​​​សង្ឃដីកា​​​កាល​​​ពី​​​ម្សិល​​​មិញថា “អាត្មា​​​គិត​​​ថា យើង​​​នឹង​​​មិន​​​និមន្ត​​​លោក​​​ឲ្យ​​​មក​​​ស្តាប់ [ រឿង​​​អំពើ​​​ហិង្សា​​​នេះ​​​ទេ]​ពីព្រោះ​​​ព្រះ​​​តេជគុណ​​​ លួន សុវ៉ាត មិន​​​ស្តាប់​​​ និង​​​មិន​​​គោរ​​​ព​​​ព្រះ​​​សង្ឃ​​​ថ្នាក់​​​លើ​​​របស់​​​ព្រះ​អង្គ​​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ទេ​​​”។

ព្រះ​​​អង្គ​​​មាន​​​សង្ឃ​​​ដីកា​​​ទៀត​​​ថា “នៅ​​​ពេល​​​អាត្មា​​​និយាយ​​​ជា​​​មួយ​​​លោក [ ក្នុង​​​ពេល​​​កន្លង​​​មក​​​]​​​​​​​​​​​​ លោក​​​បាន​​​ចោទ​​​ថា អាត្មា​​​ជា​​​ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​ក្នុង​​​ចំណោម​​​ក្រុម​​​ព្រះ​​​សង្ឃ​​​ដែល​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ឲ្យ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដូច្នេះ​​​​​​លោក​​​នឹង​​​មិន​​​ស្តាប់​​​នរណា​​​ឡើយ​​​។ ជា​​ទូ​​​ទៅ​​​ យើង​​​មិន​​​អាច​​​សន្និដ្ឋាន​​​ ឬ​​​អន្តរាគមន៍​​​បាន​​​ទេ​​​ បន្ទាប់​​​ពី​​​ស្តាប់​​​ព័ត៌មាន​​​តែ​​​ម្ខាង​​​”។

ជា​​​ការ​​​ឆ្លើយ​​​តប​​​ ព្រះ​​​តេជគុណ​​​ លួន សុវ៉ាត ដែល​​​អះអាង​​​ថា ព្រះ​​​អង្គ​​​ត្រូវ​​​កង​​​កម្លាំង​​​សន្តិសុខ​​​គប់នឹង​​​​​​ដំុ​​​ថ្ម​​​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​  បាន​​​មាន​​​សង្ឃដីកា​​​ថា អ្នក​​​ដែល​​​ចោទ​​​ប្រកាន់​​​ថា លោក​​​មិន​​​គោរព​​​ព្រះ​​​សង្ឃ​​​ជាន់​​​ខ្ពស់​​​ បាន​​​ឃុប​​​ឃិត​​​គ្នា​​​ជាមួយ​​​ជន​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​ព្រះអង្គ។ ព្រះតេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា “ពួក​​​គេ​​​គាំទ្រ​​​អំពើ​​​ហិង្សា ពួក​​​គេ​​​គាំទ្រ​​​អំពើ​​​អយុត្តិ​​​ធម៌ ហើយ​​​ពួកគេ​​​គាំទ្រ​​​អំពើ​​​​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា​​​”៕ សុខុម

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ មិុច​​​ ដារ៉ា​​​)​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស