34 C
Phnom Penh

សន្ដិសុខ​​​សាលារាជធានី​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​តវ៉ា​​​ដាក់​​​ញត្តិ​​​ជូន​​​អភិបាល​​​ក្រុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​​​ប្រហែល​​​៨០​​​នាក់​​​មក​​​ពី​​​សហគមន៍​​​បុរី​​​កីឡា និង​​​សហគមន៍​​​បឹង​​​កក់​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ភ្នំពេញ​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅខាង​​​ក្រៅ​​​សាលា​​​រាជធានី​​​កាល​​​ពី​​​ព្រឹកម្សិលមិញ​​​ ប៉ុន្តែ​​​បាន​​​ប្រឈម​​​នឹង​​​សន្ដិសុខ​​​ក្រុង​​​ ដែល​​​បាន​​​រារាំង​​​ពួក​​​គាត់​​​មិន​​​ឲ្យ​​​ដាក់​​​ញត្តិ​​​ជូន​​​អភិបាល​​​ក្រុង​​​។

អ្នកស្រី​​​​​​ ស សួន​​​ តំណាង​​​គ្រួសារ​​​មក​​​ពី​​​សហគមន៍​​​បុរី​​​កីឡា ដែល​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ជម្រក​​​បណ្ដោះ​​​អាសន្ន​​​តាំងពី​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​កាល​​​ពី​​​ពីរ​​​ឆ្នាំមុន​​​ បាន​​​និយាយ​​​ថា អ្នក​​​តវ៉ា​​​គ្រាន់​​​តែ​​​ចង់​​​ប្រាប់​​​លោក​​​ ប៉ា សុជាតិវង្ស​​​ អភិបាល​​​ក្រុង​​​ថា គំនរ​​​សំរាម​​​ ដែល​​​គ្មាន​​​អ្នក​​​ប្រមូល​​​កំពុង​​​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​រស់នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ពិបាក​​​ទ្រាំ​​​ណាស់​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “ថ្ងៃ​​​នេះ​​​យើង​​​មក​​​ដាក់​​​ញត្តិ​​​និង​​​រូប​​​ថត​​​ដើម្បី​​​ជំរុញឲ្យ​​​សាលា​​​រាជធានី​​​ចាត់​​​វិធាន​​​ការ​​​ដោះស្រាយ​​​បញ្ហា​​​សំរាម​​​នេះ​​​។​​​ គោល​​​នយោបាយ​​​របស់​​​រដ្ឋាភិបាល​​​ គឺ​​​រក្សា​​​ទីក្រុង​​​ភ្នំពេញ​​​ឲ្យ​​​ស្អាត​​​ ប៉ុន្តែ​​​នៅ​​​ក្នុង​​​សហគមន៍​​​របស់​​​ខ្ញុំ​​​ដែល​​​ស្ថិត​​​នៅ​​​ចំ​​​កណ្ដាល​​​ទី​​​ក្រុង​​​ កន្លែង​​​នោះ​​​សុទ្ធតែ​​​សំរាម​​​”។

នៅ​​​ពេល​​​តំណាង​​​សហគមន៍​​​នេះ​​​​​​ព្យាយាម​​​ចូល​​​ទៅ​​​ក្នុង​​​សាលា​​​រាជធានី​​​ ដើម្បី​​​ដាក់​​​ញត្តិ​​​ សន្ដិសុខ​​​បាន​​​កញ្ឆក់​​​យក​​​ឯកសារ​​​ និង​​​រឹប​​​អូស​​​ឧបករណ៍​​​បំពង​​​សំឡេង​​​មុន​​​ពេល​​​រុញ​​​ និង​​​ទាត់​​​ធាក់​អ្នក​​​តវ៉ា​​​ ដែល​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី​​​ និង​​​មាន​​​វ័យ​​​ចំណាស់​​​ឲ្យ​​​ចេញ​​​ពី​​​ទីនោះ​​​។

អ្នក​​​ស្រី​​​ សួន បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​យើង​​​មក​​​ដល់ទី​​​នេះ​​​ សន្ដិសុខ​​​ស្លៀក​​​ពាក់​​​ខ្មៅ​​​ ដែល​​​យើង​​​មិន​​​ស្គាល់​​​ឈ្មោះ​​​ និង​​​ដែល​​​បាន​​​បង្ក្រាប​​​យើង​​​នោះ​​​​​​ បាន​​​ចាប់​​​ទាញ​​​យក​​​ញត្តិ​​​របស់​​​យើង​​​ និង​​​ទាត់​​​ធាក់​​​យើង​​​ឲ្យ​​​ចេញ​​​ ហើយ​​​សន្ដិសុខ​​​ម្នាក់​​​បាន​​​ទាត់​​​ខ្ញុំ​​​បី​​​ជើង​​​”។ អ្នកស្រី​​​បាន​​​បន្ថែម​​​ថា ការ​​​តវ៉ា​​​នេះ​​​បាន​​​បញ្ចប់​​​នៅ​​​ពេល​​​ថ្ងៃ​​​ត្រង់​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា “យើង​​​គ្រាន់តែ​​​ចង់​​​ឲ្យ​​​សាលា​​​រាជធានី​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​ប៉ុណ្ណោះ​​​ ពីព្រោះ​​​ក្មេង​​​ៗ និង​​​មនុស្ស​​​ចាស់​​​កំពុង​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​ ដោយ​​​សារ​​​សំរាម​​​ ដែល​​​គេ​​​មិន​ប្រមូល​​​នេះ”។

អ្នកស្រី​​​ ស៊ា ណារ៉េត​​​ អាយុ​​​៥៧​​​ឆ្នាំ​​​ អតីត​​​អ្នក​​​ភូមិ​​​បឹ​​​ង​​​កក់​​​បាន​​​និយាយ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​សហគមន៍​​​អ្នកស្រី​​​​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​ ពីព្រោះ​​​ពួក​​​គាត់​​​បន្ត​​​ទាមទារ​​​សំណង​​បន្ថែម​​​ពី​​​លើ​​​សំណង​​​ដែល​​​ពួក​​​គាត់​​​បាន​​​ទទួល​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨ និង​​​ឆ្នាំ​​​២០០៩ ដែល​​​នៅ​​​ពេល​​​នោះ​​​ពួក​​​គាត់​​​បាន​​​ចាកចេញ​​​ពី​​​ផ្ទះ​​​នៅ​​​កណ្ដាល​​​ទីក្រុង​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​របស់​​​សមាជិក​​​ព្រឹទ្ធសភា​​​ម្នាក់​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “​កាល​​​ពី​​​មុន​​​យើង​​​បាន​​​ទទួល​​​សំណង​​​ និង​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ផ្លាស់​​​ទៅ​​​រស់​​​នៅ​​​ក្នុង​​​ផ្ទះ​​​ជួល​​​ ប៉ុន្តែ​​​ឥឡូវ​​​នេះ​​​យើង​​​ត្រូវ​​​ការ​​​ប្រាក់​​​៨.០០០​​​ដុល្លារ​​​ទៀត​​​ក្នុង​​​មួយ​​​គ្រួសារ​​​​​​ៗ​​​ ដើម្បី​​​ផ្លាស់​​​ទៅ​​​ទីកន្លែង​​​ថ្មី​​​​​​ដែល​​​មិន​​​សូវ​​​ពិបាក​​​រស់​​​នៅ​​​”។

លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលារាជធានី​​​បាន​​​និយាយ​​​ថា លោក​​​ ប៉ា សុជាតិ​​​វង្ស  ជាប់រវល់​​​មិន​​​អាច​​​ជួប​​​អ្នក​​​តវ៉ា​​​បាន​​​ទេ​​​ ប៉ុន្តែ​​​លោក​​​បាន​​​បន្ថែម​​​ថា សាលា​​​រាជធានី​​​ដឹង​​​អំពី​​​កង្វល់​​​របស់​​​ពួក​​​គាត់​​​។

លោក​​​បាន​​​និយាយ​​​ថា “​ពាក់​​​ព័ន្ធ​​​នឹង​​​សំរាម​​​នៅ​​​កន្លែង​​​រស់​​​នៅ​​​បណ្ដោះ​​​អាសន្ន​​​នេះ​​​ យើង​​​កំពុង​​​ដោះស្រាយ​​​​ ហើយ​​​អភិបាល​​​ក្រុង​​​កំពុង​​​សហការ​​​ជាមួយ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ដើម្បី​​​ឲ្យ​​​ជួយ​​​ ប៉ុន្តែ​​​យើង​​​បាន​​​រក​​​ដំណោះ​​​ស្រាយ​​​រួច​​​ហើយ​​​សម្រាប់​​​សហគមន៍​​​បឹងកក់ និង​​​គ្មាន​​​អ្វីត្រូវ​​​ផ្លាស់ប្ដូរ​​​ទេ”​៕ គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស