31 C
Phnom Penh

អាជ្ញាធរ​​​ឃាត់ខ្លួន​​​​​​យុវជន​​​ម្នាក់​​​ដែល​​​ជាសកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពាក់ព័ន្ធ​​​វីសីុឌី​​​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​និង​​​មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ឲ្យ​​​ដឹង​​​​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កាលពី​​​ថ្ងៃ​​​អាទិត្យ​​​នគរបាល​​​បាន​​​ឃាត់​​​ខ្លួន​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​​​​​​​និង​​​បាន​​​រឹប​​​អូស​​​យក​​​វីស៊ីឌី​​​នយោបាយ​​​ចំនួន​​​៣៤៧​​​បន្ទះ​​​​​​ដែល​​​គាត់​​​កំពុង​​​ដឹក​​​ទៅ​​​កាន់​​​ទីស្នាក់​​​ការ​​​គណបក្ស​​​នេះ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​។

លោក​​​ យឹម​​​ សិរីវណ្ណ នាយ​​​ប៉ុស្ដិ៍​​​​​​សង្កាត់​​​ច្រាំង​​​ចំរេះ​​​១ បាន​​​និយាយ​​​ថា អឹុម ណាំ​​​គា អាយុ​​​២៩​​​ឆ្នាំ​​​កំពុង​​​ជិះ​​​ម៉ូតូ​​​តាម​​​ខណ្ឌ​​​ប្ញស្សី​​​កែវ​​​ទៅ​​​កាន់ទីស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ខណ្ឌ​​​មានជ័យ​​ នៅពេល​​​នោះ​​​នគរបាល​​​បាន​​​ឃាត់​​​ខ្លួន​​​គាត់​​​។ លោក​​​ សិរីវណ្ណ បាន​​​និយាយ​​​ថា លោក​​​ ណាំគា ដែល​​​អាជ្ញាធរ​​​ស្គាល់​​​ថា ជា​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ប៉ុនប៉ង​​​គេច​​​ខ្លួន​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​ឃាត់​​​ខ្លួន​​​យក​​​មក​​​សាក​​​សួរ​​​។

លោក​​​ សិរីវណ្ណ បាន​​​និយាយ​​​ថា “យើង​​​មិន​​​បាន​​​ឃាត់​​​ខ្លួន​​​លោក​​​ ណាំគា ទេ​​​ យើង​​​គ្រាន់​​​តែ​​​ហៅ​​​គាត់​​​មក​​​សាកសួរ​​​ បន្ទាប់ពី​​​គាត់​​​​​​បាន​​​ព្យាយាម​​​រត់​​​គេច​​​ពី​​​មន្ត្រី​​​នគរបាល​​​”។ នៅ​​​ពេល​​​សួរ​​​ពី​​​មូលហេតុ​​​ដែល​​​នគរបាល​​​ឃាត់​​​ខ្លួន​​​លោក​​​ ណាំគា លោក​​​ សិរីវណ្ណ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ និង​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក​​​ ហ៊ុយ ម៉ូរ៉ា ជា​​​ចៅ​​​សង្កាត់​​​។

លោក​​​ ម៉ូរ៉ា បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ ដោយ​​​និយាយ​​​ថា លោក​​​ ណាំគា ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅ​​​ការិយាល័យ​​​របស់​​​លោក​​​រយៈ​​​ពេល​​​ខ្លី​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​បញ្ជូន​​​ទៅ​​​អធិការ​​​ដ្ឋាន​​​នគរបាល​​​ខណ្ឌ​​​ប្ញស្សីកែវ​​​។

លោក​​​ ឯក សិរីវុធ នាយ​​​ការិយាល័យ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​ខណ្ឌ​​​ប្ញស្សីកែវ​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​ ឬ​​​ការ​​​ឃាត់​​​ខ្លួន​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​វ័យ​​​ក្មេង​​​រូប​​​នេះ​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា “មិន​​​មាន​​​រឿង​​​បែប​​​នេះ​​​ទេ​​​ នគរបាល​​​ខណ្ឌ​​​មិន​​​បាន​​​ដឹង​​​ទេ​​​”។

យោង​​​តាម​​​លោក ឃុន​​​ សំណាង​​​ លេខាគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រចាំ​​​ខណ្ឌ​​​ប្ញស្សីកែវ​​​បាន​​​ឲ្យ​​​ដឹង​​​ថា វីស៊ីឌី​​​ទាំង​​​នោះ​​​ បង្ហាញ​​​ពី​​​អំពើហិង្សា​​​របស់​​​នគរបាល​​​ និង​​​ការ​​​បង្ក្រាប​​​របស់​​​យោធា​​​លើ​​​សកម្មជន​​​ដីធ្លី​​​ និង​​​សកម្ម​​​ជន​​​ការងារ​​​ និង​​​អំពី​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​លោក​​​ សម រង្ស៊ី ចូល​​​ប្រទេស​​​កម្ពុជា​​​វិញ​​​កាល​​​ពីឆ្នាំ​​​មុន​​​ ព្រម​​​ទាំង​​​វីដេអូ​​​​​​ឃោសនា​​​អំពី​​​គណបក្ស​​​ប្រឆាំង​​​ជា​​​ច្រើន​​​ទៀត​​​។

លោក​​​ សំណាង​​​ បាន​​​និយាយ​​​ថា “នគរបាល​​​បាន​​​ចោទ​​​គាត់​​​ថា បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សណ្ដាប់ធ្នាប់​​​សាធារណៈ​​​។ ខ្ញុំ​​​គិត​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​ប្រើប្រាស់​​​ការ​​​បំភិត​​​បំភ័យ​​​ដើម្បី​​​ទប់​​​ស្កាត់​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ។ លោក ណាំគា​​​ មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ច្បាប់​​​ទេ”។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​មេសា នៅ​​​ឯ​​​ពិធី​​​រំឭក​​​ខួប​​​ទី​​​៣៩​​​​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ពីការ​​​ដែល​​​​​​ខ្មែរ​​​ក្រហម​​​​​​ផ្ដួលរំលំ​​​​​​រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​ លោក​​​ ប្រាជ្ញ សីហា អភិបាល​​​រង​​​ខណ្ឌ​​​ដង្កោ ជា​​​គោល​​​ដៅ​​​​​​វាយ​​​ប្រហារ​​​របស់​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួយ​​​ក្រុម​​​ បន្ទាប់ពី​​​គាត់​​​បាន​​​រារាំង​​​ស្ត្រី​​​ម្នាក់​​​មិន​​​ឲ្យ​​​លក់​​​វីស៊ីឌី​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​៕ គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស