38 C
Phnom Penh

​​​អ្នក​ភូមិ​នៅ​ខេត្ត​ក្រចេះ​សុំឲ្យ​លោក ហ៊ុន សែន ជួយ​យកដី​របស់ពួកគាត់​មកវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​អ្នក​​​ភូមិ​​យ៉ាង​​​ហោច​​​ណាស់១០០​​​គ្រួសារ​​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​កាល​ពីពេល​​​ថ្មីៗ​​​នេះ​​​ ដោយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ថា បាន​​​​កាន់​​​កាប់​​​​​ដីរដ្ឋដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​ បាន​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ​កាលពីព្រឹក​ម្សិលមិញ​ ដើម្បី​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ សុំ​ឲ្យ​លោក​ជួយ​យក​ដី​របស់​ពួក​គាត់​មក​វិញ​។

អ្នក​ភូមិ​ជាច្រើន​គ្រួសារ​និយាយ​ថា អាជ្ញាធរ​មូល​ដ្ឋាន​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​រាន​ដី​នៅ​ក្នុង​ឃុំ​ឃ្សឹម​ ស្រុក​ស្នួល​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​ថា អ្នក​ភូមិ​៤០៥​គ្រួសារ​បាន​ចូល​មក​​​កាន់​​​តំបន់​​​នេះ​និង​បាន​រាន​ដី​ធ្វើ​ស្រែ​ចម្ការ​បាន​​ប្រហែល​២.០០០​ហិកតា​​ ចាប់​តាំងពី​ពេល​នោះ​មក​។

ពួក​គាត់​និយាយ​ថា កង​រាជអាវុធ​ហត្ថ​ប្រហែល​៥០​នាក់​បាន​យក​ត្រាក់​​​ទ័រ​ជា​ច្រើន​គ្រឿង​មក​ទីនេះ​កាល​ពី​ថ្ងៃ​សុក្រ​ និង​បាន​ឈូស​កម្ទេច​តង់​ដែល​ពួក​គាត់​កំពុង​ស្នាក់នៅ​ ហើយ​បាន​រុះ​ផ្ទះ​ពី​រ​ខ្នង​មុន​ពេល​ដុត​ផ្ទះ​​ប្រក់​ស្បូវរបស់​ពួក​គាត់។

លោក​ ធី សារ៉េត​ តំណាង​ម្នាក់​ក្នុង​ចំណោម​តំណាង​៣៧​នាក់ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជ​​​ធានីភ្នំពេញ​ និង​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សួន​មុខ​វត្ត​បទុម​បាន​និយាយ​ថា “អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ត្រាក់ទ័រ​បី​គ្រឿង​ចូល​មក​ក្នុង​ដីនោះ ហើយ​បាន​យក​ខ្សែ​កាប​ទាញ​ផ្ដួល​ផ្ទះ​របស់​ខ្ញុំ​ ហើយ​បន្ទាប់​មក​បាន​ដុតចោល​តែ​ម្ដង​”។

លោក​ ហេង​ គឹម​ហ៊ាត ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានីភ្នំពេញ​ដែរ​នោះនិយាយ​ថា “អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ពួក​យើង​រាន​ដី​ព្រៃ​ដើម្បី​​ដំាដំណាំ​ ប៉ុន្តែ​ពួក​គេ​បាន​បណ្ដេញ​ពួក​យើង​​​ចេញ​​បន្ទាប់​ពី​យើង​បាន​រាន​ដី​រួច​”។ លោក​បាន​បន្ថែម​ថា “យើង​មក​ទី​នេះ​មិន​មែន​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ទេ​។ យើង​មក​ទី​នេះ​គឺ​សុំ​ឲ្យ​សម្ដេច​ ហ៊ុន សែន​ ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​យើង”។

តំណាង​ទាំងនោះ​ត្រូវ​បាន​លោក​ គង់​ ចំរើន​ មន្ត្រី​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ចេញ​មក​ជួប​នៅ​សួន​នោះ​ ហើយ​បាន​ទទួល​យក​លិខិត​របស់​​​ពួកគាត់​​ និង​បាន​សុំ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ខេត្ត​ក្រចេះ​វិញ​ទៅ​​ជួបជាមួយ​ក្រុ​ម​មន្ត្រី​ខេត្ត​នៅ​ទី​នោះ​ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​។

លោក​ ខន ចំណាន អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ជួប​ប្រជុំ​ជាមួយ​គ្រួសារ​ទាំង​នោះ​ ដើម្បី​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួក​គាត់​ថា តាម​ពិត​ពួក​គាត់​កំពុង​​រស់នៅ​លើ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​ ហើយ​គួរ​ឈប់​ទាមទារ​ដី​នេះ​វិញ​ទៅ​។ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិ​​​បាល​កំពុង​រៀប​ចំ​ដី​សម្បទាន​សង្គម​​​កិច្ច​​ទំហំ​៧.០០០​ហិកតា​សម្រាប់​ពួក​គាត់​នៅ​ក្នុង​ស្រុក​មួយ​​​ផ្សេង​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​សុំ​ឲ្យ​ពួក​គាត់​ទទួល​យក​លិខិត​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ ដែល​លើក​ឡើង​ថា ពួក​គាត់​មិន​មាន​ដី​ទេ​ បន្ទាប់​មក​យើង​នឹង​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​​ឲ្យ​ពួក​គាត់​”។

អ្នក​ភូមិ​ជាច្រើន​គ្រួសារ​អះអាង​ថា ពួក​គាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ ពីព្រោះ​រដ្ឋា​ភិបាល​ចង់​យក​ដី​នេះ​ទៅ​ឲ្យ​ក្រុម​​​ហ៊ុន​វៀតណាម​ ដែល​មាន​គម្រោង​ធ្វើ​ចម្ការ​កៅស៊ូ។

​លោក​ គង់​ គឹម​នី​ អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​វៀត​​​ណាម​ឈ្មោះ​ ប៊ិញ ភឿក ២ (Binh Phoeuk 2) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៤.០០០​ហិកតា នៅ​ក្បែរ​នោះ​កាល​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​បាន​អះអាង​ថា ដី​នេះ​មិន​ត្រួត​ស៊ីគ្នា​នឹង​ដី​ដែល​អ្នក​ភូមិ​ប្រហែល​១០០​គ្រួសារ​កំពុងរស់​​​នៅ​​​ និង​​​ធ្វើ​ស្រែ​ចម្ការ​នេះទេ​។

លោក​បាន​អះអាង​ថា អាជ្ញាធរ​មូល​ដ្ឋាន​បាន​រុះរើ​តង់​និង​ផ្ទះ​របស់​ពួក​គាត់​កាល​ពី​ថ្ងៃ​សុក្រ ហើយ​បាន​លើ​ក​ឡើង​ថា ពួក​គាត់​ត្រូវ​បាន​ជូន​ដំណឹ​ង​ជាមុន​ច្រើន​លើក​ច្រើន​សា​មក​ហើយ​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស