30 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ឃោសនា​​​​​​អំពី​​​ការ​​​ផ្តាច់​​​ខ្លួន​​​ស្ងាត់ៗ​​​របស់​​​​មន្ត្រី​​គណបក្ស​​​ប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ មេ​​​ដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ គឺ​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា បាន​​​បែង​​​ចែក​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ម្តង​​​ទៀត​​​​​​សម្រាប់​​​ការ​​​ឃោសនា​បោះឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​​​រាជ​​​ធានី​​​ ខេត្ត​​​ ក្រុង​​​ ស្រុក ខណ្ឌ ​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​ឧសភា ដោយ​​​លោក​​​ សម រង្ស៊ី ធ្វើ​​​ដំណើរ​​​ទៅ​​​តំបន់​​​ខ្លះ​​​នៅ​​​ខេត្ត​​​ក្រចេះ​​​នៅ​​​ពេល​​​ព្រឹក​​​ ហើយ​​​លោក​​​ កឹម សុខា ដឹកនាំ​​​អ្នក​​​គាំទ្រ​​​ហែ​​​ក្បួន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​នៅ​​​ពេល​​​ល្ងាច​​​។

នៅ​​​ពេល​​​ជួប​​​ក្រុម​​​ប្រឹក្សា​​ឃុំ​​​សង្កាត់​​​របស់​​​គណបក្ស​​​លោក​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ លោក​​​ សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​អំពី​គំនិត​​​ដែល​​​លោក​​​និង​​​លោក​​​ កឹម សុខា បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​ថា ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​នឹង​​​​​​មិន​​​បោះឆ្នោត​​​ឲ្យ​​​គណបក្ស​​​របស់​​​ខ្លួន​​​ទេ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​រាជធានី ខេត្ត​​​ ក្រុង​​​ ស្រុក​​​ ខណ្ឌ នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​ឧសភា។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ជា​​​ច្រើន​​​និង​​​យ៉ាង​​​ច្បាស់​​​ចំពោះ​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ហើយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​ភ័យ​​​ខ្លាច​​​”។ មាន​​​តែ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​ទេ ដែល​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​ឧសភា​​​នេះ​​​។

លោក​​​ សម រង្ស៊ី ក៏​​​បាន​​​ប្រើ​​​ពាក្យ​​​ដូចគ្នា​​​នេះ​​​ដែរ​​​អំពី​​​ការ​​​ទន្ទ្រាន​​​ចូល​​​ព្រំដែន​​​ និង​​​អន្តោ​​​ប្រវេសន៍​​​ខុស​​​ច្បាប់​​​ ដែល​​​លោក​​​ និង​​​លោក​​​ កឹម សុខា បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​ប្រើពាក្យ​​​ប្រមាថ​​​វៀតណាម​​​ថា “នៅ​​​ក្នុង​​​ស្រុក​​​ស្នួល​​​ យួន​រំកិល​​​បង្គោល​​​ព្រំ​​​ដែន​​​ចូល​​​១០​​​គីឡូម៉ែត្រ​​​ ហើយ​​​នោះ​​​មិន​​​មែន​​​ជា​​​រឿង​​ប្លែក​​​ទេ​​​”។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ពួក​​​គេ​​​រំកិល​​​ចូល​​​១០​​​គីឡូ​​​ម៉ែត្រ​​​ ពីព្រោះ​​​វា​​​ជា​​​តំបន់​​​ព្រៃ​​​ និង​​​ភ្នំ​​​ ហើយ​គ្មាន​​​​​​មនុស្ស​​​រស់​​​នៅ​​​។ ដូច្នេះ​​​ពួក​​​គេ​​​ចេះ​​​តែ​​​រំកិល​​​ចូល​​​កៀក​​​ទៅ​​​ៗ ហើយ​​​មេដឹកនាំ​​​របស់​​​យើង​​​ដក​​​ថយ​​​ និង​​​អនុញ្ញាត​​​ឲ្យ​​​យួន​​​​​​ហូរ​​​ចូល​​​ដោយ​​​សេរី”។

ក្រោយ​​​មក​​​លោក​​​ សម រង្ស៊ី បាន​​​វិល​​​ត្រឡប់​​​មក​​​ទីក្រុង​​​ភ្នំពេញ​​​វិញ​​​ ហើយ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​លោក​​​​​​និង​​​លោក​​​ កឹម សុខា នឹ​​​ង​​​ចាកចេញ​​​ពី​​​ទីក្រុង​​​ភ្នំពេញ​​​ទៅ​​​ធ្វើ​​​យុទ្ធនាការ​​​​ឃោសនា​​នៅ​​​ខេត្ត​​​ភាគ​​​ខាង​​​លិច​​​ចាប់​​​​​ពី​​​ខេត្ត​​​កំពង់ឆ្នាំង​​​ទៅ​​​។

នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ កឹម សុខា បាន​​​ចូល​​​រួម​​​ហែក្បួន​​​ធ្វើ​​​យុទ្ធ​​​នាការ​​​លើក​​​ទី​​​៣ របស់​​​គណបក្ស​​​នេះ​​​នៅ​​​ក្នុង​​​​​​ទីក្រុង។ការ​​​ឃោសនា​​​មុនៗ​​​ដឹកនាំ​​​ដោយ​​​លោក​​​ យឹម សុវណ្ណ​​​ ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក​​​ កឹម សុខា ក៏​​​បាន​​​ព្យាករ​ពី​​​ការ​​​ផ្ដាច់​​​ខ្លួន​​​របស់​​​មន្ត្រី​​​គណបក្ស​​​កាន់អំណាច​​​ស្ងាត់​​​ៗ​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​ដែរ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឈ្នះ​​ច្រើន​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​ឧសភា។

លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ទួលគោក​​​ គឺ​​​ជា​​​​​​តំបន់​​​លំនៅ​​​ដ្ឋាន​​​របស់​​​មេដឹកនាំ​​​ជាន់ខ្ពស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ប៉ុន្តែ​​​យើង​​​បាន​​​ឃើញ​​​ប្រជាជន​​​បើក​​​ទ្វារ​​​ផ្ទះ​​​អប​​​អរ​​​សាទរ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​”។

លោក​​​ ទេព​​​ នីថា អគ្គលេខាធិការ​​​គណៈកម្មាធិការ​​​​​​ជាតិ​​​រៀបចំ​​​ការ​​​​​​បោះឆ្នោត​ ក៏​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ដែរ​​​ថា ការ​​​ធ្វើ​​​យុទ្ធនាការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​វិញ​​​ បន្ទាប់​​​ពី​​​អាជ្ញាធរ​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​​បាន​​​ស្នើ​​​​កុំ​​​អនុញ្ញាត​​​​​​ឲ្យ​​​គណបក្ស​​​នេះ​​​ឃោសនា​​​បោះឆ្នោត​​​។

លោក​​​បាន​​​ពន្យល់​​​ថា “ពីមុន​​​សាលា​​​រាជធានី​​​បាន​​​ស្នើ​​​ឲ្យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះឆ្នោត​​​ទប់​​​ស្កាត់​​​ការ​​​ឃោសនា​​​បោះឆ្នោត​​​របស់​​​គណបក្ស​​​នេះ​ គឺ​​ឲ្យ​​​ជួប​​​ជុំ​​​គ្នា​​​តែ​​​នៅ​​​ទីស្នាក់ការ​​​គណបក្ស​​​ប៉ុណ្ណោះ​​​”។ “បន្ទាប់​​​មក​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​យល់​​​ព្រម​​​មិន​​​ប្រែ​​​ក្លាយ​​​យុទ្ធនាការ​​​ឃោសនា​​​បោះឆ្នោត​​​នេះ​​​ឲ្យ​​​ទៅ​​​ជា​​​អ្វី​​​ផ្សេង​​​​​ ដូចជា​​​ការ​​​ញុះ​​​ញង់​​​ឬ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ឡើយ​​​”៕ គឹម​​​ហឿន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស