27.5 C
Phnom Penh

សាលាដំបូងខេត្ត​កំពង់​ស្ពឺ​ទទួលបាន​ភ័ស្តុតាង​​​បន្ថែម​ក្នុង​រឿង​ក្តី​លោក ឡូរ៉ង់ វ៉ាល្លីយេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្តកំពង់​ស្ពឺ​ទទួល​បានភ័ស្តុតាង​បន្ថែម​ពីសាលា​ឧទ្ធរណ៍​ក្រុង​ប៉ារីស​​​​​​ដែល​​​បង្ហាញ​​​ថា បុរស​ជនជាតិ​បារាំងនិ​ង​កូន​បួន​នាក់​របស់​គាត់​ដែល​គេបាន​​​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​រថយន្ត​លិច​ក្នុង​ស្រះទឹក​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២នោះ​ ត្រូវ​បាន​គេ​សម្លាប់​។

លោក ឡូរ៉ង់ វ៉ាល្លីយេ អាយុ​៤២​ឆ្នាំ និង​កូន​របស់​គាត់​បួន​នាក់មាន​អាយុ​ចាប់​ពី​២​ឆ្នាំ​ដល់​៩ឆ្នាំ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​រថយន្ត​របស់​គ្រួសារ​លោក​នៅបាត​ស្រះ​ជិត​ផ្ទះ​របស់​​​គាត់។

ពីដំបូង នគរ​បាល​កម្ពុជា​បាន​អះអាង​ថា លោក ឡូរ៉ង់ វ៉ាល្លីយេ ដែល​ខ្វះ​​​លុយ​​​និង​អស់​សង្ឃឹមនោះ​​បាន​​ធ្វើ​អត្តឃាត ប៉ុន្តែ​កាលពីខែមីនាឆ្នាំ​២០១៣ ក្រុម​អ្នក​ស៊ើប​អង្កេត​ជន​ជាតិ​បារាំង​បាន​ច្រាន​ចោល​ការ​អះអាង​​នោះ។

លោក ឈឹម រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ ដែលទទួលបន្ទុក​ដោះស្រាយ​រឿង​​ក្ដីនេះចាប់ពីថ្ងៃទី​១មក​​​បាន​​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​របស់​ក្រុម​កោសល្យ​វិច័យ​បារាំង​បាន​រក​ឃើញ​ថា ស្បែក​ជើង​ផ្ទាត់​មួយ​គូ​ដែល​បាន​រក​ឃើញ​ក្នុង​រថយន្តនោះ​​មិន​មែន​ជា​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ទេ។

លោកចៅក្រម រិទ្ធី បានមាន​ប្រសាសន៍​ថា “ការ​ពិនិត្យ​​ស្បែក​ជើង​ផ្ទាត់​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ត​របស់​លោក វ៉ាល្លីយេ បង្ហាញថា ស្បែក​ជើង​នេះ​មិនមែន​ជា​របស់​លោក វ៉ាល្លីយេ ទេ​”។

លោក​បាន​បន្ថែម​ថា “ដូច្នេះ [សាលាឧទ្ធរណ៍​ក្រុង​ប៉ារីស​]សន្និដ្ឋាន​ថា ស្បែក​ជើង​នេះ​ជារបស់​​​មនុស្ស​ដែល​បាន​រុញ​រថយន្ត​ទម្លាក់​ចូល​ក្នុង​ស្រះ​ បន្ទាប់​មក​បាន​លោត​ចេញ​ ហើយ​ទុក​ស្បែក​ជើង​ចោលនៅ​ទីនោះ​”។ លោក​ចៅក្រម​ រិទ្ធី បាន​មាន​ប្រសាសន៍​ថា “ស្បែក​ជើង​នេះ​បញ្ជាក់​កាន់​តែ​ច្បាស់​បន្ថែម​​ទៀត​ថា ករណីនេះ​ជា​ករណីឃាត​កម្ម​”។ លោក​បាន​បន្ថែម​ថា លោក​រង់ចាំ​ព័ត៌មាន​បន្ថែម​ពី​ក្រុង​ប៉ារីស​។

លោក Nicolas Baudouinលេខាទី១​នៅ​ស្ថានទូត​បារំាង​បាន​អះអាង​កាលពី​ម្សិល​មិញ​ថា ព័ត៌មាន​នេះ​បាន​​ពីក្រុង​ប៉ារីស ប៉ុន្តែ​លោក​បាន​បដិសេធមិនធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។

ប្រពន្ធ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ដែល​បាន​ស្លាប់​ពេល​សម្រាល​កូន​ទី៤កាលពី​ឆ្នាំ​២០០៩ គឺ​ជា​ជន​ជាតិ​ខ្មែរ​។ កាល​​​ពី​​​ដំបូង​​​មាន​​​ការ​ស៊ើប​អង្កេត​លើសាច់​ថ្លៃ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីប្រាំបួន​កន្លែង​ពីអាជ្ញាធរ​ខេត្ត​ព្រៃ​វែង​ ហើយ​ដី​​​ទាំង​​​នោះ​​​ពីមុន​ជា​កម្មសិទ្ធិ​របស់​លោក ឡូរ៉ង់​ វ៉ាល្លីយេ ។

គ្រួសារ​ និង​មិត្ត​ភក្ដិ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ បាន​និយាយ​ថា លោក វ៉ាល្លីយេ មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​សាច់​ថ្លៃ​របស់​ខ្លួន​។ លោក សាវីយេ វ៉ាល្លីយេ ជា​ប្អូន​ប្រុស​របស់​គាត់​បាន​និយាយ​ថា “សូម្បី​ក្រោយ​ពី​ប្រពន្ធ​របស់​គាត់​ស្លាប់​​ទៅ​ សាច់​ថ្លៃ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ បាន​ចាត់​ទុក​រូប​គាត់​ដូច​អ្នក​ដទៃ​អ៊ីចឹង​”។

នៅពេល​ត្រូវ​បាន​ទាក់​ទង​កាលពីម្សិលមិញ​ អ្នកស្រី ស្រី អូន ជា​ប្អូន​ថ្លៃ​លោក ឡូរ៉ង់ វ៉ាល្លីយេ ដែល​បាន​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​នេះ​បាន​បញ្ជាក់​ឡើង​វិញ​ពីភាព​គ្មាន​ទោស​របស់​គាត់ និង​ក្រុម​គ្រួសារ​របស់គាត់​។

អ្នកស្រី ស្រី អូន បាន​និយាយ​ថា “ខ្ញុំ​ចាត់​ទុក​បង​ថ្លៃ​របស់​ខ្ញុំ​ដូច​ឪពុក​អ៊ីចឹង​ ហើយ​ខ្ញុំ​ចាត់​ទុក​ក្មួយ​ប្រុស​ក្មួយ​ស្រី​របស់​ខ្ញុំ​ដូច​កូន​របស់​ខ្ញុំបង្កើត​។ យើង​សូម​ឲ្យ​តុលាការ​រក​យុត្តិធម៌និង​ផ្តន្ទាទោស​ជន​​​ល្មើស”៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Matt Blomberg)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស