សាលាដំបូងខេត្តកំពង់ស្ពឺទទួលបានភ័ស្តុតាងបន្ថែមពីសាលាឧទ្ធរណ៍ក្រុងប៉ារីសដែលបង្ហាញថា បុរសជនជាតិបារាំងនិងកូនបួននាក់របស់គាត់ដែលគេបានប្រទះឃើញស្លាប់នៅក្នុងរថយន្តលិចក្នុងស្រះទឹកកាលពីខែកុម្ភៈ ឆ្នាំ២០១២នោះ ត្រូវបានគេសម្លាប់។
លោក ឡូរ៉ង់ វ៉ាល្លីយេ អាយុ៤២ឆ្នាំ និងកូនរបស់គាត់បួននាក់មានអាយុចាប់ពី២ឆ្នាំដល់៩ឆ្នាំត្រូវបានប្រទះឃើញនៅក្នុងរថយន្តរបស់គ្រួសារលោកនៅបាតស្រះជិតផ្ទះរបស់គាត់។
ពីដំបូង នគរបាលកម្ពុជាបានអះអាងថា លោក ឡូរ៉ង់ វ៉ាល្លីយេ ដែលខ្វះលុយនិងអស់សង្ឃឹមនោះបានធ្វើអត្តឃាត ប៉ុន្តែកាលពីខែមីនាឆ្នាំ២០១៣ ក្រុមអ្នកស៊ើបអង្កេតជនជាតិបារាំងបានច្រានចោលការអះអាងនោះ។
លោក ឈឹម រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដែលទទួលបន្ទុកដោះស្រាយរឿងក្ដីនេះចាប់ពីថ្ងៃទី១មកបានមានប្រសាសន៍កាលពីម្សិលមិញថា ការស៊ើបអង្កេតរបស់ក្រុមកោសល្យវិច័យបារាំងបានរកឃើញថា ស្បែកជើងផ្ទាត់មួយគូដែលបានរកឃើញក្នុងរថយន្តនោះមិនមែនជារបស់លោក ឡូរ៉ង់ វ៉ាល្លីយេ ទេ។
លោកចៅក្រម រិទ្ធី បានមានប្រសាសន៍ថា “ការពិនិត្យស្បែកជើងផ្ទាត់ដែលបានរកឃើញនៅក្នុងរថយន្តរបស់លោក វ៉ាល្លីយេ បង្ហាញថា ស្បែកជើងនេះមិនមែនជារបស់លោក វ៉ាល្លីយេ ទេ”។
លោកបានបន្ថែមថា “ដូច្នេះ [សាលាឧទ្ធរណ៍ក្រុងប៉ារីស]សន្និដ្ឋានថា ស្បែកជើងនេះជារបស់មនុស្សដែលបានរុញរថយន្តទម្លាក់ចូលក្នុងស្រះ បន្ទាប់មកបានលោតចេញ ហើយទុកស្បែកជើងចោលនៅទីនោះ”។ លោកចៅក្រម រិទ្ធី បានមានប្រសាសន៍ថា “ស្បែកជើងនេះបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតថា ករណីនេះជាករណីឃាតកម្ម”។ លោកបានបន្ថែមថា លោករង់ចាំព័ត៌មានបន្ថែមពីក្រុងប៉ារីស។
លោក Nicolas Baudouinលេខាទី១នៅស្ថានទូតបារំាងបានអះអាងកាលពីម្សិលមិញថា ព័ត៌មាននេះបានពីក្រុងប៉ារីស ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
ប្រពន្ធរបស់លោក ឡូរ៉ង់ វ៉ាល្លីយេ ដែលបានស្លាប់ពេលសម្រាលកូនទី៤កាលពីឆ្នាំ២០០៩ គឺជាជនជាតិខ្មែរ។ កាលពីដំបូងមានការស៊ើបអង្កេតលើសាច់ថ្លៃរបស់លោក ឡូរ៉ង់ វ៉ាល្លីយេ ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីប្រាំបួនកន្លែងពីអាជ្ញាធរខេត្តព្រៃវែង ហើយដីទាំងនោះពីមុនជាកម្មសិទ្ធិរបស់លោក ឡូរ៉ង់ វ៉ាល្លីយេ ។
គ្រួសារ និងមិត្តភក្ដិរបស់លោក ឡូរ៉ង់ វ៉ាល្លីយេ បាននិយាយថា លោក វ៉ាល្លីយេ មានទំនាក់ទំនងមិនល្អជាមួយសាច់ថ្លៃរបស់ខ្លួន។ លោក សាវីយេ វ៉ាល្លីយេ ជាប្អូនប្រុសរបស់គាត់បាននិយាយថា “សូម្បីក្រោយពីប្រពន្ធរបស់គាត់ស្លាប់ទៅ សាច់ថ្លៃរបស់លោក ឡូរ៉ង់ វ៉ាល្លីយេ បានចាត់ទុករូបគាត់ដូចអ្នកដទៃអ៊ីចឹង”។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ អ្នកស្រី ស្រី អូន ជាប្អូនថ្លៃលោក ឡូរ៉ង់ វ៉ាល្លីយេ ដែលបានរស់នៅជាមួយក្រុមគ្រួសារនេះបានបញ្ជាក់ឡើងវិញពីភាពគ្មានទោសរបស់គាត់ និងក្រុមគ្រួសាររបស់គាត់។
អ្នកស្រី ស្រី អូន បាននិយាយថា “ខ្ញុំចាត់ទុកបងថ្លៃរបស់ខ្ញុំដូចឪពុកអ៊ីចឹង ហើយខ្ញុំចាត់ទុកក្មួយប្រុសក្មួយស្រីរបស់ខ្ញុំដូចកូនរបស់ខ្ញុំបង្កើត។ យើងសូមឲ្យតុលាការរកយុត្តិធម៌និងផ្តន្ទាទោសជនល្មើស”៕ សារុន
(រាយការណ៍បន្ថែមដោយ Matt Blomberg)