27 C
Phnom Penh

តុលាការ​ចោទ​​ប្រកាន់​​ក្រុម​ហ៊ែកឃើ​អនាមិក​ពី​បទវាយ​​​ប្រហារ​​​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​សមាជិក​ក្រុម​ហ៊ែកឃើ​អនាមិក​កម្ពុជា​ពីរ​នាក់​ទៀត​កាលពី​ម្សិលមិញ​ ខណៈ​ដែល​សមាជិក​អនាមិក​ផ្សេង​ទៀត​បាន​អះអាង​ថា បាន​ជ្រៀត​ចូល​គេហទំព័រ​រដ្ឋាភិបាល​យ៉ាង​តិច​បួន រាប់​ទាំង​​​​អគ្គស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​ជាតិ​ផង​ដែរ។

បុរស​ពីរ​នាក់​ឈ្មោះ កែវ ស៊ីផេង អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ហុក រតនា អាយុ​២៦​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​មុន​​ពី​បទ​ជ្រៀត​ចូល​គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​​​សកម្មភាព​​​វាយ​​​ប្រហារ​​​ធ្វើ​​​ឲ្យ​​​រអាក់​​​រអួល​​​មិន​​​ដំណើរ​​​ការ​​​គេហទំព័រ​​​ ជ្រៀត​​​ចូល​​​បណ្ដាញ​​​ព័ត៌មាន​​​វិទ្យា​​​ដោយ​​​ខុស​​​ច្បាប់​​​ លួច​​​ទិន្នន័យ​​​សម្ងាត់​​​ពី​​​ប្រព័ន្ធ​​​ព័ត៌មាន​​​ និង​​​ការ​​​កែ​​​​​​ទិន្នន័យ​​​។

បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​គ្មាន​ច្បាប់​ស្ដីពីបទ​​​ល្មើស​​​តាម​​​អុីនធើណិត​ទេ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​នេះ។ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​បាន​មាន​ប្រសាសន៍​ថា “តុលាការ​បាន​​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ល្មើស​ទាក់​ទង​នឹង​ព័ត៌មាន​វិទ្យា​ក្រោម​មាត្រា ៤២៧​ និង​៤២៨ នៃ​ក្រម​ព្រហ្មទណ្ឌ​”។

លោក ស៊ីផេង និង​លោក រតនា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​ចូល​គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ធ្វើ​ឲ្យ​គាំង​ដំណើរ​ការ​រយៈ​ពេល​ជាង​២ម៉ោង​កាលពី​ថ្ងៃព្រហស្បតិ៍។ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​ជ្រៀត​ចូល​នេះ​គឺ​ជា​កូដ​ SQL ដែល​ធ្វើ​ឲ្យ​កម្មវិធី (Application’s software) ​លែង​ដំណើរការ​។

មន្ត្រីម្នាក់​នៅឯអង្គភាព​​ប្រឆាំង​អំពើពុក​រលួយ​ដែល​សុំមិន​បញ្ចេញឈ្មោះ ដោយ​សារ​មិន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យនិយាយជា​មួយ​បណ្ដាញ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក ស៊ីផេង និង​លោក រតនា ជានិស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា IIC ក្នុង​រាជ​ធានីភ្នំពេញ និង​បាន​និយាយ​ថា លោក ឈួន ចាន់ថន សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​នេះ​បាន​ជួយ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ​។

មន្ត្រីរូប​នេះ​បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ IIC បាន​បង្កើត​គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​អាច​តាម​ដាន​ការ​ជ្រៀត​ចូល​នេះ​។

លោក ចាន់ថន មិនអាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បានទេ​ ហើយ​លោក កែវ រ៉េមី អ្នក​នាំពាក្យអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។

បន្ថែម​ទៅនឹង​ការ​ជ្រៀតចូល​គេហទំព័រ​នគរ​បាល​ជាតិ​ជា​បណ្ដោះ​អាសន្ន​ សមាជិក​នៃ​ក្រុម​ហ៊ែកឃើ​អនាមិក​កម្ពុជា​បានអះអាង​កាលពី​ម្សិលមិញ​ថា បាន​ជ្រៀត​ចូល​គេហទំព័រ​រដ្ឋាភិបាល​បីទៀត​រាប់​ទាំង​សេវា​ទិដ្ឋាការ​អេឡិច​ត្រូវនិច​ (e-visa service) របស់​ក្រសួង​ការ​បរទេស​។

សមាជិក​ទាំង​នេះបាន​ធ្វើ​ឲ្យ​គេហទំព័រ​របស់​នគរ​បាល​ជាតិ​មិន​ដំណើរ​ការ​រយៈ​ពេល​បីបួនម៉ោង​នៅម៉ោង​ប្រហែល​១១ព្រឹក​ និ​ង​បាន​ផ្សព្វ​ផ្សា​យ​​ជា​សាធារណៈ​នូវ​អ្វីដែល​ពួកគេ​បាននិយាយ​ថា ជា​ឈ្មោះ​អ្នក​ប្រើ​ប្រាស់ និង​លេខ​កូដ​សម្ងាត់​របស់​គេហទំព័រ​នេះ​។

ប៉ុន្មានម៉ោង​ក្រោយមក​ នៅម៉ោង​ប្រហែល​៥​ល្ងាច​ សមាជិក​ទាំង​នេះ​បាន​ចេញ​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​ និង​លេខកូដ​សម្ងាត់​​ដែលប្រមូល​បានពី​គេហទំព័រ​ e-visa។ កាលពីក្នុង​ខែ​មេសា សមាជិក​ក្រុម​ហ៊ែកឃើ​អនាមិក​កម្ពុជា​ពីរ​នាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​បន្ទាប់ពី​មានការ​ស៊ើប​អង្កេត​រួម​រយៈពេល​ប្រាំបីខែ​រវាង​នគរ​បាល​ជាតិ និង​ការិយាល័យ​សហព័ន្ធស៊ើប​អង្កេត​អាមេរិក​៕ ប៊ុននី​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស