35 C
Phnom Penh

​សមាជិក​គណបក្ស​ប្រឆាំង​រិះគន់​សារាចរ​​​ណែនាំរបស់​ក្រសួង​មហាផ្ទៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អគ្គលេខាធិការ​គណបក្ស​ សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ និង​ខេត្ត​របស់​​គណបក្ស​ប្រឆាំង​មិនទាន់​ទទួល​បាន​ប្រាក់​ខែ​ពីរ​ខែមក​ហើយ​ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​ចេញ​សារាចរ​ណែនាំ​កាលពី​ខែមីនាអំពាវ​នាវ​ឲ្យ​ឈប់បើក​​​ប្រាក់​ខែ​ឲ្យ​ពួកគេ​ និង​បាន​ដក​តួនាទី​ទាំង​នេះ​ចេញ​​​ទៀត​ផង​។

លោក ហង្ស សុខហួ ដែលក៏ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ដែរ​នោះ​​​បាន​​​មាន​​​​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ខេត្ត​មួយ​ចំនួន​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​​​គណបក្ស​ សម រង្ស៊ី ៥៧៦​នាក់ នៅ​ក្នុង​ខេត្ត​សៀម​រាប តាកែវ កណ្ដាល បាត់​ដំបង កំពង់​ស្ពឺ ស្វាយ​រៀង កំពង់​ចាម និង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​​​ដក​​​​ប្រាក់​ខែ។ លោក សុខហួ បានមាន​ប្រសាសន៍​ថា “យើង​ស្នើ​ឲ្យ​[ក្រសួង​មហាផ្ទៃ]​ពិនិត្យ​មើល​ករណី​​​​នេះ​ ប៉ុន្តែ​ក្រសួង​នេះ​មិន​ដែល​ឆ្លើយ​តប​ទេ”។

លោក គង់ គាំ ប្រធាន​គណបក្ស​ សម រង្ស៊ី បាន​សរសេរលិខិត​មួយ​ច្បាប់​ផ្ញើជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពីខែ​មុន រិះគន់​លិខិត​ចុះថ្ងៃទី​២០ ខែមីនា ដែល​នៅ​ក្នុង​លិខិត​នោះ​លោក ស ខេង បាន​ណែនាំ​ឲ្យ​មន្ត្រីមូល​ដ្ឋាន​ឈប់​បើក​ប្រាក់​ខែ​ឲ្យ​សមាជិក​ក្រុម​​ប្រឹក្សា​ណា​ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​​​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​បច្ចុប្បន្ន​នេះ ពីព្រោះពួកគេ​ទទួល​បានតួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​​​សមាជិក​គណបក្ស សម រង្ស៊ី។

សារាចរ​ណែនាំរបស់​លោក ស ខេង សំដៅដល់មាត្រា ១៥ និង​១៦ នៃ​ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយ​ដែល​ចែង​ថា អ្នក​នយោបាយ​អាច​ធ្វើ​​​ជា​​​សមាជិក​​​គណបក្ស​តែមួយ​ប៉ុណ្ណោះ​។

លោក​ គង់ គាំ បាន​លើក​ឡើង​ថា មាត្រា ១២០ នៃច្បាប់​បោះ​ឆ្នោត​ផ្ដល់​រយៈ​ពេល​៦ខែ​ដល់​អ្នក​នយោបាយ​ក្នុង​ករណី​បែបនេះ។ លោក គង់ គាំ បាន​សរសេរ​នៅ​ក្នុង​លិខិត​ចុះថ្ងៃទី៨ខែមេសាថា “ម្យ៉ាង​វិញ​ទៀត​សមាជិក​គណបក្ស​នយោបាយអាច​ផ្លាស់​ប្ដូរទៅជា​សមាជិក​គណបក្ស​នយោបាយ​ថ្មី​ក្នុង​រយៈ​ពេល​៦ខែ​មុន​ថ្ងៃ​បោះ​ឆ្នោតបាន​​ និង​​​អាច​​​រក្សា​​​តួនាទីជាប់​ឆ្នោតនិង​ប្រាក់​ខែ​របស់​ខ្លួន​រហូត​ដល់​ចប់​អាណត្តិ​”។

ប៉ុន្តែ​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ សម រង្ស៊ី មួយ​ចំនួន​​​​​​មិន​​​បាន​​​ទទួល​​​ប្រាក់​ខែ​ទេ​​​ហើយ​ត្រូវ​បាន​ដក​តួនាទី​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី​១៨ ខែ​ឧសភា​​​ទៀត​​​ផង​​​។

លោក តាវ ហន អាយុ​៤៨​ឆ្នាំ​ជាសមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ សម រង្ស៊ី ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់​ឆ្នាំង បានមាន​ប្រសាសន៍​ថា លោក​មិនទទួល​បាន​ប្រាក់​ខែ​របស់​លោក​ចំនួន​៥០០.០០០​រៀលទេ​​ចាប់​តាំង​ពី​ចុង​ខែកុម្ភៈ​មក។ លោកបានមាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​លាលែង​ពីគណបក្ស​ សម រង្ស៊ី ដើម្បីឈរ​ឈ្មោះ​ជាបេក្ខជន​គណបក្ស​​សង្គ្រោះជាតិ។ ខ្ញុំទាម​ទារ​ឲ្យ​គេ​បើក​ប្រាក់​ខែ​ឲ្យ​ខ្ញុំ ប៉ុន្តែ [ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក] មិន​បើក​ប្រាក់​ខែ​ឲ្យ​ខ្ញុំទេ”។

បេក្ខជន​តំណាងរាស្ត្រមួយ​ចំនួន​ក្នុង​ចំណោម​បេក្ខជន​តំណាងរាស្ត្រគណបក្ស​ប្រឆាំង​ ដែល​ពីមុន​ជា​សមាជិកសភា​​គណបក្ស​ សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស បាន​ប្រឈម​នឹង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​កាលពីខែ​កក្កដា ដែល​​​នៅពេល​​​​នោះ​​​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​រដ្ឋសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាបាន​សម្រេច​កាលពីខែ​មិថុនា មិន​បើក​ប្រាក់​ខែ​ឲ្យ​សមាជិក​សភា​គណបក្ស​​ប្រឆាំងណាដែល​បាន​ប្រកាស​​ថាជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស