29 C
Phnom Penh

បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​​​ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​​កម្ពុជា​​​ជួប​​​ប្រជុំ​​​ជាមួយ​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​បេក្ខ​​​ជន​​​ដែល​​​ឈរ​​​ឈ្មោះ​​​ប្រជែង​​​យក​​​តំណែង​​​ជា​​​ប្រធាន​​​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​​កម្ពុជា(CRF) ដែល​​​ទើប​​​នឹង​​​បង្កើត​​​ថ្មី​ដើម្បីវាយ​​​តម្លៃ​​​ពីការ​​​ដាក់​​​ពាក្យ​​​របស់​​​បេក្ខ​​​ជន​​​នីមួយ​​​ៗ​​​នៅ​​​មុន​​​ការ​​​បោះឆ្នោត​​​នៅ​​​ចុង​​​ខែ​​​នេះ។

លោក​​​ ម៉ៅ ថូរ៉ា រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​ពាណិជ្ជករ​​​ និង​​​អ្នក​​​ជំនាញ​​​ខាង​​​ឧស្សាហ​​​កម្ម​​​ រួម​​​​​​មាន​​​លោក​​​ឧកញ៉ា លីម ប៊ុន​​​ហេង​​​ អគ្គ​​​នាយក​​​​​​ក្រុម​​​ហ៊ុន​​​អង្ករ​​​ ឡូរ៉ង់​​​ គ្រុប លោក​ឧកញ៉ា តែ តាំង​ប៉ោ ប្រធាន​​​សម្ព័ន្ធ​​​សមាគម​​​សហគ្រាស​​​ធុន​​​តូច​​​ និង​​​មធ្យម​​​នៃ​កម្ពុជា តំណាង​​​លោក​ឧកញ៉ា​​​ ភូ ពុយ ប្រធាន​​​សមាគម​​​ម៉ា​សីុន​​​កិន​​​ស្រូវ​​​កម្ពុជា និង​​​អ្នក​​​ឧកញ៉ា គិត​​​ ម៉េង អគ្គ​​​នាយក​​​​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​ គ្រុប​​​ ជា​​​ដើម​​​។

ប្រធាន​​​ដែល​​​ជាប់​​​ឆ្នោត​​​នឹ​​​ង​ដឹក​​​នាំ​​​សហព័ន្ធ​​​នេះ​​​ ដែល​​​មាន​​​បំណង​​​ប្រមូល​​​ក្រុម​​​ហ៊ុន​​​​​​ម៉ាស៊ីន​​​កិនស្រូវ​​​ និង​​​ក្រុម​​​ហ៊ុន​​​នាំ​​​ចេញ​​​ឲ្យ​​​រួប​​​រួម​​​គ្នា​​​ ដើម្បី​​​ពង្រឹង​​​វិស័យ​​​ឧស្សាហ​​​កម្មនេះ និង​​​ដើម្បីផ្សព្វ​​​ផ្សាយ​​​អំពី​​​អង្ករ​​​កម្ពុជា​​​​​​នៅ​​​លើ​​​ឆាក​​​អន្តរជាតិ​​​។

លោក​​​ លីម​​​ ប៊ុន​​​ហេង បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​ការ​​​ធ្វើ​​​សមាហរណកម្ម​​​របស់​​​កម្ពុជា​​​ចូល​​​ក្នុង​​​សហគមន៍​​​អាស៊ាន​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ថា “​យើង​​​ចង់​​​ជួយ​​​កម្ពុជា​​​ពង្រីក​​​ទីផ្សារ​​​អង្ករ​​​របស់ខ្លួន និង​​​បង្កើន​​​ផលិត​​​កម្ម​​​ និង​​​ការ​​​លក់​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​។ យើង​​​នឹង​​​លក់​​​អង្ករ​​​របស់​​​យើង​​​ទៅ​​​ទីផ្សារ​​​ក្នុង​​​តំបន់​​​ គឺ​​​មិន​​​ចាំ​​​បណ្តោយ​​​ឲ្យ​​​អង្ករ​​​នៅ​​​ក្នុង​​​តំបន់​​​ហូរ​​​ចូល​​​មក​​​ក្នុង​​​ទី​​​ផ្សារ​​​របស់​​​យើង​​​នោះ​ទេ​​​”។

សមាគម​​​នេះ​​​សង្ឃឹម​​​ថា នឹង​​​សម្រេច​​​បាន​​​តាម​​​ចំណុច​​​ដៅ​​​ប្រកប​​​ដោយ​​​មហច្ឆិតា​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​នាំចេញ​​​អង្ករ​​​​​ឲ្យបាន​​​១លាន​​​​​​តោន​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​។កាល​​​ពី​ឆ្នាំ​​​មុន​​ ការ​នាំ​​​អង្ករ​​​សរុប​​​បាន​​​​​​កើន​​​ឡើង​​​ដល់​​​ត្រឹម​​​តែ​​​៣៧៨.៨៥៦តោន​​​ប៉ុណ្ណោះ។ នៅ​​​ដើម​​​ឆ្នាំ​​​២០១៤​​​​​​មាន​​​លទ្ធ​​​ផល​គួរ​​​ឲ្យ​ខក​​​ចិត្ត​​​​​ ដោយសារ​​​ការ​​​នាំ​​​ចេញ​​​ពី​​​ខែ​​​មករា ដល់​​​ខែ​​​មីនា​​​បាន​​​ធ្លាក់​​​ចុះ​​​១១​​​ភាគ​​​រយ​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុ​​ន​​​។

ទោះ​​​បី​​​ជា​​​បេក្ខ​​​ជន​​​ពីរ​​​រូប​​​ គឺ​​​អ្នក​​​ឧកញ៉ា គិ​​​ត ម៉េង និង​​​លោក​​​ឧកញ៉ា តែ តាំង​ប៉ោ មិន​​​បាន​​​បោះ​ទុន​​​ច្រើន​​​លើ​​​ឧស្សាហ​​​កម្ម​​​ស្រូវ​​​អង្ករ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ឧកញ៉ា តែ​​​ តាំង​​​ប៉ោ បាន​មាន​​​ប្រសាសន៍​​​ថា​​​ លោក​​​គិត​​​ថា លោក​​​មាន​​​ទំនាក់​​​ទំនង​​​ និង​​​ចំណេះ​​​ធ្វើ​​ក្នុង​​​ការ​​​ដោះស្រាយ​​​ប​​​ញ្ហា​​​ដែល​​​ធ្វើ​​​ឲ្យ​​​រាំង​​​ស្ទះ​​​ដល់​​​វិស័យ​​​នេះ ដូចជា កង្វះ​​​គ្រឿង​​​ចក្រ​​​ទំនើប​​​ៗ និង​​​ពូជ​​​ស្រូវ​​​ដែល​​​មាន​​​គុណ​​​ភាព​​​ខ្ពស់​​​ជាដើម​​​។

លោក​​​បាន​មាន​​​ប្រសាសន៍​​​បន្ថែ​​​ម​​​ទៀត​​​ថា “​ខ្ញុំ​​​កំពុង​​​ឈរ​​​ឈ្មោះ​ជា​​​ប្រធាន​​​ CRF ពី​​​ព្រោះ​​​ខ្ញុំ​​​ចង់​​​ជួយ​​​សម្រេច​​​ចំណុច​​​ដៅ​​​នៃ​ការ​​​នាំចេញ​​​អង្ករ​​​ឲ្យ​​​បាន​​​​​​១លាន​​​តោន​​​នៅ​ឆ្នាំ​​​២០១៥។ ខ្ញុំ​​​អាច​​​ទៅ​​​ស្វែង​​​រក​​​ ទី​​​ផ្សារ​​​សម្រាប់​​​អង្ករ​​​កម្ពុជា​​​បាន​​​ ហើយ​​​បាន​​​លើក​​​ឡើង​​ពី​​​បញ្ហា​​​ទាំង​​​នេះ​​​ដល់​​​រដ្ឋាភិបាល​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​”៕ សុខុម​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស