35 C
Phnom Penh

​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ្វិន​ស៊ិនប៉ិចគ្មាន​​​ផែ​​ន​​​ការ​​​ធ្វើយុទ្ធនាការ​​​គគ្រឹក​​​​​​គគ្រេង​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​យុទ្ធនាការ​នៅ​តាម​ផ្លូវ​នានា​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​​​ខេត្ត​ដើម្បី​កៀង​​​គរ​​​​ការ​គាំទ្រ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ​ នៅថ្ងៃទី១៨ ខែ​ឧសភា​ គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​គ្រប់​គ្រង​អំណាច​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា ខ្លួន​គ្មាន​ផែន​ការ​​ធ្វើ​យុទ្ធនាការ​​ប្រជែង​​​នឹង​​​​គណបក្ស​សង្គ្រោះ​ជាតិឡើយ​​​ ដោយ​​​សារ​​​តែ​​​ខ្លួន​​​មាន​​​ការ​​​ជឿជាក់​​​ថា មន្ត្រី​​​ក្រុម​ប្រឹក្សា​ភាគច្រើន​​​ជា​អ្នក​​​ស្មោះ​​​ស្ម័គ្រ​​​នឹង​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “មាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ស្ថិត​ក្នុង​មុខ​តំណែង​តែ​១១.៤៥៩​រូប​ប៉ុណ្ណោះ​ ដែល​អាច​បោះ​ឆ្នោត​បាន​។ ដូច្នេះ យើង​មាន​សុទិដ្ឋិនិយម​ថា ក្រុម​ប្រឹក្សា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ជាង​៨.០០០​រូប​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​របស់​យើង ហើយ​យើង​នឹង​ទទួល​បាន​អាសនៈ​នៅ​តាម​ស្រុក​ និង​ខេត្ត​ខ្លះ”។

គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ ដែល​រួម​បញ្ចូល​គ្នា​ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ឆ្នាំ​២០១២ មាន​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​តិច​ជាង​គណបក្ស​ប្រជា​ជន​កម្ពុជា​។គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខំ​ធ្វើ​យុទ្ធ​នា​ការ​យ៉ាង​សកម្ម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ដោយធ្វើ​ការ​ហែ​ក្បួន និង​ជួប​ជុំ​គ្នា​នៅ​ទូទាំង​ប្រទេស​ ហើយ​នឹង​​​​​ការ​ហែ​ក្បួន​​យុទ្ធនា​ការ​បន្ថែម​ទៀត​​។

ក៏ប៉ុន្តែ​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​រក្សា​ការ​ធ្វើ​​យុទ្ធនាការ​ឃោសនា​​​របស់​ខ្លួន​​​នៅ​តាម​​ការិ​យា​ល័​យ​​របស់​គណបក្ស​នៅ​តាម​ខេត្ត​ ដោយ​​អនុវត្ត​តាម​អ្វី​ដែល​លោក​លើក​ឡើង​ថា ជា​ការ​ហាម​ប្រាម​មួយ​ចេញ​ដោយ​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត(គ.ជ.ប.)​មិន​ឲ្យ​មាន​បាតុកម្ម​នៅ​ខាងក្រៅ​គណបក្ស​​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិនមែន​ជា​បក្ស​ប្រឆាំង​ ដូច្នេះ​យើង​គោរព​រដ្ឋធម្មនុញ្ញ​ ព្រះមហាក្សត្រ និង​បទ​បញ្ជា​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាលេស​មួយ​សម្រាប់​ការ​ជួប​ជុំគ្នា​ខុស​ច្បាប់ និង​បាតុកម្ម​ខុស​ច្បាប់​”។ លោក​បាន​បន្ថែម​ថា “យើង​ជា​គណបក្ស​គ្រប់​គ្រង​អំណាច​។ ដូច្នេះ​យើង​គ្រាន់​តែ​ប្រើ​ឧគ្ឃោសន​សព្ទ​ដើម្បី​ឃោសនា​នៅ​តាម​ស្រុក​ ខណ្ឌ រាជធានី និង​ខេត្ត​អំពី​​កម្មវិធី​ និង​គោល​នយោបាយ​របស់​គណបក្ស​ ហើយ​យើង​ដំឡើង​បដា និង​អ្វី​ផ្សេង​ទៀត​”។

លោក ញឹក​ ប៊ុន​ឆ័យ អគ្គលេខាធិការ​គណបក្ស​ហ្វិន​ស៊ិន​ប៉ិច បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​ ដែល​ជា​លើក​ដំបូង​មិន​បាន​ទទួល​អាសនៈ​រដ្ឋសភា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​កាលពីឆ្នាំមុន​​ នឹង​ផ្ដោត​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​លើ​ខេត្ត​ចំនួន​បួន ​ជាទី​ដែល​ខ្លួន​មាន​ក្រុម​ប្រឹក្សា​ឃុំ​ច្រើន​បំផុត​ គឺ​ខេត្ត​បន្ទាយ​មានជ័យ កំពង់ធំ ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប។

លោក ញឹក ប៊ុន​ឆ័យ បាន​មាន​ប្រសាសន៍​ថា “បេក្ខជន​របស់​គណបក្ស​នឹង​ចុះទៅ​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​ទាំង​អស់​ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​ ពីព្រោះ​នេះ​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ថ្នាក់​​ជាតិ​ទេ ហើយ​មានតែ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប៉ុណ្ណោះ​មាន​សិទ្ធិ​បោះឆ្នោត​”។ លោក​បាន​ឲ្យ​ដឹង​ថា “ប្រសិន​បើ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ពី​គណ​បក្ស​របស់​យើង​គ្មាន​នរ​ណា​ម្នាក់​បោះ​ឆ្នោត​​​ឲ្យ​អ្នក​ផ្សេង​ទេ​នោះ ខ្ញុំ​ជឿ​ថា យើង​នឹង​មាន​លទ្ធផល​ល្អ​​ក្នុង​ការ​បោះ​ឆ្នោត​នេះ​”៕ ប៊ុននី​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស