អ្នកតវ៉ារាប់រយនាក់តែងតែប្រមូលផ្តុំគ្នានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ នៅពេលតុលាការបើកសវនាការជំនុំជម្រះសំណុំរឿងធំៗ ប៉ុន្តែ លោក ភី ម៉េងឡេង អ្នកគ្រប់គ្រងហាងលក់គ្រឿងអេឡិចត្រូនិកមួយកន្លែងនៅទល់មុខសាលាដំបូង ចង់ឲ្យពួកគេទៅឲ្យឆ្ងាយ។

លោកបានលើកឡើងក្នុងបទសម្ភាសកាលពីសប្តាហ៍មុនថា “នៅថ្ងៃដែលគ្មានការតវ៉ា យើងអាចរកចំណូលបានចន្លោះពី២.០០០ដុល្លារទៅ៤.០០០ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែ នៅពេលមានការតវ៉ា យើងបាត់បង់ចំណូលនោះ”។
នៅពេលអ្នកតវ៉ាស្រែក ហ៊ោកញ្ជ្រៀវ និងច្រៀងចម្រៀងដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនចំពោះសកម្មជនសហជីពនិងកម្មករ ដែលត្រូវតុលាការជំនុំជម្រះដោយសារពួកគេជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាហិង្សាកាលពីខែវិច្ឆិកា និងខែមករា ផ្សារទំនើបសីុធីម៉ល កម្ពស់៤ជាន់បានបិទទ្វារ ហើយស្ថានភាពបែបនេះកើតឡើងជាញឹកញាប់។
លោក ភី ម៉េងឡេង អ្នកគ្រប់គ្រងក្រុមហ៊ុន ខេហ្វ័រ ដែលជាក្រុមហ៊ុនលក់រាយគ្រឿងអេឡិចត្រូនិកនៅក្នុងផ្សារនេះបានមានប្រសាសន៍ថា ការបិទទ្វារផ្សារសីុធីម៉ល ជាញឹកញាប់នៅមុនពេលតុលាការបើកសវនាការជំនុំជម្រះសំណុំរឿងធំៗ ដោយកំណាត់មហាវិថីព្រះមុនីរ៉េតត្រូវបិទដោយអ្នកតវ៉ា និងរបាំងនគរបាលនោះ បានធ្វើឲ្យក្រុមហ៊ុនរបស់លោកខាតបង់ប្រាក់រាប់ពាន់ដុល្លារ។
ស្ត្រីម្នាក់ឈ្មោះ នី ជីង ដែលមានតូបលក់សម្លៀកបំពាក់តូចមួយនៅក្នុងផ្សារនេះបានត្អូញត្អែរថា ផ្សារទំនើបស៊ីធីម៉ល ដែលតំណាងរបស់ខ្លួនមិនបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងរឿងនេះនោះ មិនបានព្យាយាមផ្តល់សំណងដល់អាជីវកម្មនានា ចំពោះការបិទទ្វារនេះទេ។
ស្ត្រីរូបនេះនិយាយទៀតថា “ដោយសារការតវ៉ាទាំងនេះ យើងបានខាតបង់ប្រហែល១០០ដុល្លារទៅ២០០ដុល្លារក្នុងមួយថ្ងៃ ហើយផ្សារសីុធីម៉ល មិនបានបញ្ចុះថ្លៃជួលសម្រាប់ពួកយើងទេ នៅពេលប្រឈមនឹងការលំបាកបែបនេះ។ យើងមិនសប្បាយចិត្តទេ ដែលការរកស៊ីរបស់ពួកយើងរងផលប៉ះពាល់បែបនេះ”។
ចំណែកឯនៅទីលានប្រជាធិបតេយ្យ ដែលគណបក្សប្រឆាំងបានប្រើប្រាស់ធ្វើជាមូលដ្ឋាននៃមហាបាតុកម្មរបស់ខ្លួនចន្លោះពីខែកក្កដាដល់ខែមករា និងដែលត្រូវបាននគរបាលបិទ និងកាន់កាប់នាពេលថ្មីៗនេះ ខណៈពេលដែលគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមការជួបជុំគ្នាវិញនៅក្នុងរាជធានីភ្នំពេញឯណោះវិញ ប៉ះពាល់លើអាជីវកម្មនានា គឺកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។
លោក ហ្គើរី សាន់ (Gerry Sun) ម្ចាស់ផ្ទះសំណាក់ King Guesthouse ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១១០ជិតទីលានប្រជាធិបតេយ្យបានលើកឡើងថា លោកបានបង្ខំចិត្តបិទផ្ទះសំណាក់នេះជាអចិន្ត្រៃយ៍កាលពីខែមេសា បន្ទាប់ពីដំណើរការអស់រយៈពេល១០ឆ្នាំ ក្រោយពីខាតបង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ៥ម៉ឺុនដុល្លារ។
លោកបានលើកឡើងបន្តទៀតថា “យើងបានខាតបង់៥មឺុនដុល្លារពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៤ដោយសារតែបញ្ហានយោបាយកើតឡើងស្ទើររាល់ថ្ងៃកាលពីឆ្នាំមុន។ អតិថិជនមើលឃើញមនុស្ស និងនគរបាលកកកុញពីជាន់ខាងលើបង្អស់ ហើយក៏ឈប់ស្នាក់នៅ នៅថ្ងៃបន្ទាប់។ខ្ញុំត្រូវបិទវាចោល ហើយខ្ញុំគ្មានប្រាក់បើកវាឡើងវិញទេ ខ្ញុំខាតបង់អស់ហើយ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា របាំងការពាររបស់នគរបាលកាលពីម្សិលមិញ និងវិធានការស្រដៀងគ្នានេះ គឺជាការចាំបាច់ណាស់ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ដែលធ្វើឲ្យអាជីវកម្មនានារស់រាន។
លោកមានប្រសាសន៍ថា “ច្បាប់អនុញ្ញាតឲ្យប្រជាពលរដ្ឋមកពីគ្រប់និន្នាការគណបក្សនយោបាយធ្វើបាតុកម្ម ប៉ុន្តែ ពួកគាត់ត្រូវតែស្នើសុំការអនុញ្ញាតជាមុនសិន។ ប៉ុន្តែ ពួកគាត់មិនដែលស្តាប់អាជ្ញាធរទេ ដូច្នេះដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ យើងត្រូវតែបិទផ្លូវ។តាមពិត យើងមិនចង់ទេ ប៉ុន្តែបើមិនធ្វើដូច្នេះទេ ស្ថានភាពនឹងកាន់តែអស្ថិរភាព ហើយនឹងប៉ះពាល់ដល់អាជីវកម្មកាន់តែច្រើន”។ ទោះជាយ៉ាងណា សម្រាប់អាជីវកម្មមួយចំនួននៅក្បែរសាលាដំបូងរាជធានី ការតវ៉ាមានផលល្អសម្រាប់ពួកគេទៅវិញទេ។
តេលាម៉ាត នៅចំណុចកាច់ជ្រុងនៃផ្លូវនេរុហ៍ និងមហាវិថីព្រះសីហនុ ការលក់ដូររបស់ខ្លួនបានកើនឡើងពី១០ទៅ២០ភាគរយ ដោយសារតែរំហូរចរាចរណ៍លើកំណាត់មហាវិថីព្រះមុនីរ៉េតត្រូវបានកាត់ផ្តាច់ជាញឹកញាប់ដោយសាររបាំងនគរបាល ប៉ុន្តែ ស្ថានីយប្រេងឥន្ធនៈតូតាល់ដែលស្ថិតនៅចម្ងាយប្រហែល៥០ម៉ែត្រពីមហាវិថីព្រះសីហនុ ដែលនគរបាលពុំបានបិទរបាំងនោះ មានអតិថិជនពេញៗ ហើយការលក់ដូរនៅទីនេះកើនឡើង៦០ភាគរយដល់៦០០ដុល្លារនៅថ្ងៃដែលមានការតវ៉ា។
បេឡាករម្នាក់នៅស្ថានីយប្រេងឥន្ធនៈតូតាល់ឈ្មោះ សុន ខេមា និយាយថា “នៅថ្ងៃមានការតវ៉ា ការលក់ដូររបស់យើងកើនឡើងប្រហែល៥០ភាគរយសម្រាប់ផលិតផលទូទៅរួមទាំងប្រេងសាំងផង។ តាមធម្មតាយើងលក់បានប្រហែល២០០ដុល្លារ ក្នុងមួយថ្ងៃចាប់ពីព្រឹកព្រលឹមរហូតដល់ម៉ោងប្រហែល៦ល្ងាច ប៉ុន្តែ នៅថ្ងៃមានការតវ៉ា ការលក់ដូរបានកើនឡើងដល់ប្រហែល៥០០ដុល្លារទៅ៦០០ដុល្លារក្នុងរយៈពេលដូចគ្នា”។
សម្រាប់អ្នកលក់លៀសហាលម្នាក់ឈ្មោះ អ៊ុយ សុខចិត្រា ដែលកើបលៀសនៅសល់ចុងក្រោយដាក់ក្នុងថង់លក់ឲ្យអ្នកទិញម្នាក់ដែលបានចំណាយពេលចូលរួមការតវ៉ាកាលពីព្រឹកម្សិលមិញ ការតវ៉ាគឺជាឱកាសដ៏ល្អដែលធ្វើឲ្យគាត់លក់ដាច់ឆាប់អស់។ គាត់និយាយថា ជាធម្មតាគាត់ត្រូវចំណាយពេលពេញមួយថ្ងៃទើបលក់លៀសហាលអស់ ប៉ុន្តែនៅថ្ងៃមានការតវ៉ា គាត់លក់លៀសអស់ពីរទេះរុញក្នុងរយៈពេលប្រហែល៣ម៉ោងប៉ុណ្ណោះ។
គាត់និយាយទៀតថា “ជាធម្មតាខ្ញុំរកចំណូលបានប្រហែល១៥ដុល្លារទៅ១៨ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែ អំឡុងពេលមានការតវ៉ា ខ្ញុំលក់អស់រលីងដោយប្រើពេលតិច និងរកចំណូលបានចន្លោះពី២៣ដុល្លារទៅ២៥ដុល្លារ”។
ស្ត្រីម្នាក់ឈ្មោះ កៅ ស្រស់ អាយុ៣៦ឆ្នាំជាអ្នកលក់ពោតចំហុយនៅជិតសាលាដំបូងរាជធានីភ្នំពេញបានយល់ស្របថា ការតវ៉ាបានជួយឲ្យគាត់លក់ដូរដាច់។ គាត់និយាយថា ការលក់ដូរនៅថ្ងៃមានការតវ៉ា គឺលក់ដាច់លឿនជាងធម្មតា។អាជីវកម្ម [ នៅជុំវិញសាលាដំបូង] គឺមានណាស់ ដូច្នេះ ប្រសិនបើពួកគេខាត ខ្ញុំមិនខ្វល់ទេ”៕សុខុម